បទវិភាគ​៖ទំនាក់ទំនង​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ចិន-អឺរ៉ុបដែល​មាន​ស្ថិរ​ភាព​​​និង​ភាពរឹងមាំនឹង​​បំពេញបន្ថែម​ថាមពល​វិជ្ជមានសម្រាប់​​កំណើនសេដ្ឋកិច្ច​សកល​

Cambodia News

​ពីថ្ងៃទី៨ដល់ថ្ងៃ​ទី៩ខែតុលា កិច្ចប្រជុំជាប្រចាំ​លើកទី២នៃ​យន្តការពិគ្រោះ​ពិភាក្សា​អំពី​ពា​ណិ​ជ្ជកម្មនិង​វិនិយោគចិន-អឺរ៉ុប​បានប្រារព្ធធ្វើ​នៅ​ក្រុងប៉េកាំង ។ ភាគីទាំងពីរបានធ្វើ​ការ​ពិ​គ្រោះ​​​ពិភា​ក្សា​ប្រកបដោយ​ភាពជាក់ស្តែង​និង​លទ្ធផលជាផ្លែផ្កា ព្រមទាំង​បានបង្កើត​បញ្ជី​គំនិត​ឯកភាពរួម​លើលទ្ធផល​ចំនួន ១៦ ដែលគ្របដណ្តប់​វិស័យធំចំនួនបួន ​។ ភាគីទាំងពីរ​ក៏​បា​ន​ឯកភាពគ្នាថា នឹងបើកធ្វើ​កិច្ចប្រជុំជាប្រចាំ​លើកទី៣នៃយន្តការនេះ​នៅខែមីនាឆ្នាំ​២០​២៧ ​។ នេះបាន​បង្ហាញយ៉ាង​ពេញលេញថា ​ចិននិងអឺរ៉ុបមានឆន្ទៈនិងមានប្រាជ្ញា​ក្នុង​ការ​គ្រប់​គ្រងនិង​ដោះស្រាយឱ្យ​បាន​សមរម្យ​នូវ​ការ​ខ្វែងគំនិត​តាមរយៈ​កិច្ចសន្ទនានិង​ការចរចា ដោយ​ចៀសវាងប្រកបដោយ​ប្រសិទ្ធភាពកុំឱ្យ​ជម្លោះ​ឡើងកម្តៅ។

ចិននិងសហភាពអឺរ៉ុប​គឺជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ ហើយ​​បរិយាកាស​ចម្បងគឺ​កិច្ច​សហប្រតិបត្តិការ ។ ​ប៉ុន្តែប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ​លទ្ធិគាំពារនិយម​នៅផ្ទៃ​ក្នុងសហភាព​អឺរ៉ុប​កំពុង​ងើបឡើងវិញ ​ហើយអ្នកនយោបាយ​មួយចំនួនបាន​ឃោសនា​បំប៉ោង​ពី​ពាក្យ​សម្តី​ខុស​ឆ្គង​ដូចជា “អតិរេក​ផលិតកម្មរបស់​ចិន​” និង “អតុល្យភាព​ខាង​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ចិន-អឺរ៉ុប”​ដែលបាន​បង្កើតឧបសគ្គដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចនិងពាណិជ្ជកម្ម​​ជា​ប្រ​ក្រ​តី​រវាងចិន​និងអឺរ៉ុប ។ ​នៅខែមិថុនា​ឆ្នាំនេះ ចិននិងអឺរ៉ុបបាន​បើកធ្វើ​កិច្ចប្រជុំលើកដំបូងនៃ​យន្ត​ការ​ពិគ្រោះពិភាក្សា​អំពី​ពាណិជ្ជកម្មនិង​វិនិយោគចិន-អឺរ៉ុប​នៅ​ក្រុងព្រុចសែល ហេតុ​អ្វី​បាន​ជា​ភាគី​ទាំងពីរឯកភាពគ្នាបង្កើត​យន្តការនេះ គឺដើម្បី​ពង្រឹង​កិច្ចសន្ទនា​ខាងគោល​ន​យោ​បាយ​ពាណិជ្ជកម្មនិង​វិនិយោគ​​ថ្នាក់រដ្ឋមន្ត្រី ក្នុង​ន័យ​​លំនឹង​ទំនាក់ទំនងទ្វេភាគី​និង​ធ្វើ​ឱ្យ​វា​កាន់តែមានតុល្យភាព ។ ​យន្តការនេះ​មានផ្នែកធំៗចំនួនបួន គឺ តុល្យភាពពាណិជ្ជកម្ម​និង​
វិនិ​យោគ ការគ្រប់គ្រង​ការនាំចេញ កម្មសិទ្ធិបញ្ញានិងកំណែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោ​ក ដែលគ្របដណ្តប់​លើកង្វល់ស្នូលរបស់​ភាគីទាំងពីរ ។

នៅក្នុងកិច្ចប្រជុំ​ជាប្រចាំលើកនេះ ភាគីទាំងពីរ​បានរំលឹកឡើងវិញនូវ​​ទម្រង់ថ្មី​ជាដៃគូ​ពា​ណិ​ជ្ជកម្មគន្លឹះ​ដែលមានស្ថិរភាព​និងមានតុល្យភាព​រវាងចិននិងអឺរ៉ុប ​ព្រមទាំងបាន​បញ្ជាក់​ថា​ នឹងដោះស្រាយ​ការខ្វែងគំនិត​ផ្នែកសេដ្ឋកិច្ច​និងពាណិជ្ជកម្មព្រមទាំងកង្វល់រៀងៗខ្លួន​ដោ​យមាន​តុល្យភាពក្នុងក្របខ័ណ្ឌ​​ច្បាប់​កំណត់នៃអង្គការពាណិជ្ជកម្ម​ពិភពលោក និង​ពិភា​ក្សា​ពី​ការធ្វើឱ្យ​ស៊ីជម្រៅនូវ​កិច្ចសហប្រតិបត្តិការ​​ដែលផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅ​វិញ​ទៅ​មក​​ ដើម្បីជំរុញ​​​ពាណិជ្ជកម្មចិន-អឺរ៉ុបឱ្យ​អភិវឌ្ឍន៍​ប្រកបដោយ​​តុល្យភាព​​និងឆ្ពោះទៅ​មុខ ​។​ ភាគីទាំងពីរ​បាន​ឈានដល់​​គំនិត​ឯកភាពរួម​លើលទ្ធផល​ចំនួន ១៦ ដែលគ្របដណ្តប់​លើ​ចំណុច​លំបាក​មួយចំនួន​​ក្នុងទំនាក់ទំនង​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ចិន-អឺរ៉ុប និង​ឆ្លើយតប​ទៅ​នឹង​ការរំពឹងទុករបស់​មជ្ឈដ្ឋាន​ឧស្សាហកម្ម​និងទីផ្សារ ។

តើបញ្ជី​គំនិតឯកភាពគ្នា​លើលទ្ធផល​នេះមានចំណុច​លេចធ្លោ​សំខាន់ៗអ្វីខ្លះ? លោក Xia Chuanxin ​សមាជិក​ស្រាវជ្រាវ​រងនៃវិទ្យាស្ថាន​ស្រាវជ្រាវអឺរ៉ុប​នៃបណ្ឌិត្យសភា​ស្រាវជ្រាវ​សេដ្ឋ​កិច្ចនិង​ពាណិជ្ជកម្មអន្តរជាតិ​នៃក្រសួងពាណិជ្ជកម្មចិន​បានថ្លែងថា ចំណុច​លេច​ធ្លោ​ធំ​បំផុត​គឺ ភាគីទាំងពីរ​បានដាក់បញ្ចូល​បញ្ហារថយន្តដែល​ទទួលបាន​ការយកចិត្តទុកដាក់ខ្ពស់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ចូលទៅក្នុងការចរចាផ្លូវ​ការបន្តទៀត ។ ​ឧស្សាហកម្ម​រថយន្តគឺ​ជាវិស័យ​អាទិ​ភាព​បំផុតមួយនៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ចិន-អឺរ៉ុប ហើយ​ភាគី​ទាំង​ពីរ​បាន​ឈានដល់​ការយោគយល់គ្នាស្តីពី​ពាណិជ្ជកម្ម​រថយន្ត​ថាមពលចម្រុះ​តាម​របៀ​ប​ដែល​សមស្របនឹង​​ច្បាប់កំណត់នៃ​អង្គការពាណិជ្ជកម្ម​ពិភពលោក ហើយនឹងបន្ត​នីតិវិធី​ពាក់​ព័ន្ធ​នឹងការសន្យាតម្លៃ​របស់សហគ្រាស​និងការត្រួតពិនិត្យ​ឡើងវិញនៃ​ករណីប្រឆាំង​ឧបត្ថម្ភ​ក​ធន​នៃរថយន្តអគ្គិសនី ដោយ​ហេតុនេះបាន​ចៀសវាង​កុំឱយស្ថានភាពឡើង​កម្តៅ និង​ការ​ពារ​យ៉ាងខ្លាំង​នូវផលប្រយោជន៍​នាំចេញជាក់ស្តែង​របស់សហគ្រាសចិន ។

នៅក្នុងកិច្ចប្រជុំ​ជាប្រចាំលើកនេះ ​ភាគីទាំងពីរចិន​និងអឺរ៉ុបសុទ្ធតែ​យល់ឃើញថា ​ទំនាក់​ទំ​នង​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​ចិន-អឺរ៉ុបដែល​មានស្ថិរភាពនិ​ង​ភាពរឹង​មាំ​វា​មិនត្រឹមតែមាន​អំ​ណោយ​ដល់​សហគ្រាស​និងប្រជាជន​ចិននិងអឺរ៉ុប​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​នឹង​បំពេញ​បន្ថែ​ម​ភាពប្រាកដប្រជា​និងថាមពល​វិជ្ជមាន​ដល់កំណើនសេដ្ឋកិច្ចសកល​និងស្ថិរភាព​នៃ​ខ្សែ​សង្វាក់​ឧស្សាហកម្ម​​និង​ខ្សែ​សង្វាក់ផ្គត់ផ្គង់ផងដែរ ។

នៅក្នុងពិភពលោក​បច្ចុប្បន្ន របបការពារនិយម​មិនអាច​ទទួលបាន​ការ​គាំទ្រជា​ដាច់​ខាត​ ការ​បើកទូលាយ​និងកិច្ចសហប្រតិបត្តិការ​ទើបជានិន្នាការទូទៅ​ ។ សង្ឃឹមថា ​ភាគីអឺរ៉ុបនឹង​ដើរ​ស្របតាម​ទិសដៅជាមួយ​នឹងភាគីចិន ដើម្បីរួមគ្នា​ជំរុញឱ្យ​លទ្ធផលនិង​គំនិត​ឯកភាពរួម​ដែល​ឈានដល់ក្នុង​កិច្ចប្រជុំជាប្រចាំ​លើកទី២​ត្រូវ​បានអនុវត្តជាក់ស្តែង និងរួមគ្នា​ចែក​រំលែ​ក​“​កាលានុវត្តភាព​ចិន២.០” ដើម្បីឱ្យ​ភាគលាភនៃ​កិច្ចសហប្រតិបត្តិការ​ចិន-អឺរ៉ុបផ្តល់​ផល​ប្រ​យោ​ជន៍​ដល់ភាគីទាំងពីរ​និងពិភពលោក ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close