ទស្សនវិជ្ជាអប់រំរបស់ចិន៖ អំណានជាគ្រឹះ វិទ្យាសាស្ត្រជាកម្លាំង នវានុវត្តន៍ជាចក្ខុវិស័យ និង បទពិសោធន៍អភិបាលកិច្ចជាតិជាមាគ៌ាកសាងអនាគតរបស់យុវជនចិន

Cambodia News

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានចែករំលែកថា ទស្សនវិជ្ជាអប់រំរបស់ប្រទេសចិនដែលមានវ័យជាង៣០០០ឆ្នាំ ផ្តោតលើការកសាងមូលដ្ឋានចំណេះដឹងតាមរយៈអំណាន ការពង្រឹងសមត្ថភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការលើកកម្ពស់នវានុវត្តន៍ និងការសិក្សាឈ្វេងយល់ពីបទពិសោធន៍អភិបាលកិច្ចជាតិ។ ទិសដៅទាំងនេះមានគោលបំណងបណ្តុះបណ្តាលយុវជនឱ្យមានពុទ្ធិ សីលធម៌ សមត្ថភាពគិតវិភាគ គំនិតនវានុវត្តន៍ និងការយល់ដឹងយ៉ាងប្រត្យក្សពីការអភិវឌ្ឍសង្គមជាតិ។

ជាតថភាព កុមារនិងយុវជនចិនបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនលេីអំណានដែលជាគ្រឹះនៃការអប់រំពេញមួយជីវិត។ ដោយមិនរាប់បញ្ចូលបណ្ណាល័យឯកជននៅតាមផ្ទះនីមួយៗ និងបណ្ណាល័យ នៅតាមសាលារៀនគ្រប់កម្រិតសិក្សា យេីងឃេីញថា ប្រទេសចិនបានបន្តពង្រីកបណ្តាញបណ្ណាល័យសាធារណៈ និងលើកកម្ពស់វប្បធម៌អំណាននៅទូទាំងប្រទេស។ គិតត្រឹមចុងឆ្នាំ២០២៥ ប្រទេសចិនមានបណ្ណាល័យសាធារណៈចំនួន ៣,២៥៣ កន្លែង ដែលមានសៀវភៅ និងឯកសារប្រមាណ ១.៥៥ពាន់លានក្បាល ដោយមិនរាប់បញ្ចូលសៀវភៅនិងឯកសារអេឡិកត្រូនិក។ ក្នុងឆ្នាំ២០២៥ បណ្ណាល័យសាធារណៈទាំងនេះទទួលអ្នកចូលប្រើប្រាស់ប្រមាណ ១.៤៧ពាន់លានដង និងរៀបចំសកម្មភាពលើកកម្ពស់ការអានប្រមាណ៣៥៤,០០០ លើក។ ទិន្នន័យទាំងនេះបង្ហាញថា បណ្ណាល័យមិនមែនគ្រាន់តែជាកន្លែងរក្សាទុកសៀវភៅនោះទេ ប៉ុន្តែជាហេដ្ឋារចនាសម្ព័ន្ធចំណេះដឹង ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងយុវជនក្នុងការស្វ័យសិក្សាស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាពដោយខ្លួនឯង។

ជាសច្ចភាព វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាជាកម្លាំងចលករជំរុញដល់ល្នឿនកាន់តែលឿននៃការអភិវឌ្ឍ។ យោងតាមទិន្នន័យឆ្នាំ២០២៥ ការចំណាយសរុបរបស់ប្រទេសចិនលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) មានចំនួនលើសពី៣.៩២ទ្រីលានយាន់ប្រាក់ចិន ស្មើនឹងប្រមាណ២.៨%នៃផលិតផលក្នុងស្រុកសរុប (GDP)។ កម្រិតនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ចិនចំពោះការកសាងសមត្ថភាពវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម។ ការវិនិយោគលើ R&D គឺជាការបង្កើតកាលានុវត្តភាពផ្ទាល់ដល់សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងសហគ្រាសភ្ជាប់ពុទ្ធិទៅនឹងការអនុវត្តជាក់ស្តែងផងដែរ។

ជាសក្ខីភាព នវានុវត្តន៍ជាចក្ខុវិស័យសម្រាប់អនាគត។ តាមរបាយការណ៍ស្តីពីសូចនាករនវានុវត្តន៍ជាតិឆ្នាំ២០២៥ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងចំណោមសេដ្ឋកិច្ចចំនួន៦០ ដែលត្រូវបានវាយតម្លៃ។  លទ្ធផលនេះបង្ហាញពីការរីកចម្រើននៃសមត្ថភាពនវានុវត្តន៍របស់ចិន និងការភ្ជាប់ការអប់រំ ការស្រាវជ្រាវ និងការអភិវឌ្ឍឧស្សាហកម្ម។ សម្រាប់យុវជន ការអប់រំក្នុងបរិបទនេះមិនគួរឈប់ត្រឹមការទទួលចំណេះដឹងតាមសៀវភៅនោះទេ ប៉ុន្តែត្រូវបន្តទៅដល់ការគិតដោយឯករាជ្យ ការដោះស្រាយបញ្ហា និងការបង្កើតគំនិតថ្មីៗ។

ជាគន្លឹះ​ បទពិសោធន៍អភិបាលកិច្ចជាតិជាប្រភពសម្រាប់ការសិក្សា និងការគិតវិភាគ។ ការសិក្សាពីដំណើរការអភិវឌ្ឍរបស់ប្រទេសចិន អាចជួយឱ្យយុវជនយល់ដឹងអំពីទំនាក់ទំនងរវាងការរៀបចំគោលនយោបាយ ការអនុវត្តជាក់ស្តែង ការប្រើប្រាស់ធនធាន និងការកែលម្អជីវភាពប្រជាជន។ ការសិក្សាបែបនេះគួរផ្អែកលើទិន្នន័យ បរិបទប្រវត្តិសាស្ត្រ និងលទ្ធផលជាក់ស្តែង ដើម្បីបង្កើនសមត្ថភាពវាយតម្លៃ និងការយល់ដឹងអំពីរបៀបដែលការសម្រេចចិត្តសាធារណៈមានឥទ្ធិពលលើការអភិវឌ្ឍជាតិ។

ជារួម ទស្សនវិជ្ជាអប់រំរបស់ប្រទេសចិនបង្ហាញពីការភ្ជាប់គ្នារវាង អំណាន វិទ្យាសាស្ត្រ នវានុវត្តន៍ និងការសិក្សាពីបទពិសោធន៍អភិបាលកិច្ច។ ក្នុង សៀវភៅ «ស៊ី ជីនភីង ៖ អភិបាល កិច្ច ប្រទេសចិន »(ភាគ១) ដែលត្រូវ បានបកប្រែជាខេមរភាសាដោយលោកបណ្ឌិត ជា មុនីឫទ្ធិ បានរំលេចផងដែរថា អំណានផ្តល់មូលដ្ឋានពុទ្ធិ វិទ្យាសាស្ត្រពង្រឹងសមត្ថភាពស្រាវជ្រាវ នវានុវត្តន៍បង្ហាញត្រីវិស័យទៅកាន់អនាគត ខណៈការសិក្សាពីបទពិសោធន៍អភិបាលកិច្ចជួយបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅអំពីការអភិវឌ្ឍសង្គមជាតិ។ ការរួមបញ្ចូលធាតុទាំងនេះបង្កេីតជាប្រព័ន្ធ ដែលបាននិងកំពុងជួយបណ្តុះបណ្តាលយុវជនឱ្យក្លាយជាកម្លាំងពុទ្ធិមូលធនមនុស្ស និងនវានុវត្តន៍ ដែលមានសមត្ថភាពខ្ពស់ចូលរួមក្នុងការកសាងអនាគតប្រទេសចិនតាមមាគ៌ាទំនេីបកម្មសង្គមនិយមតាមបែបផែនចិន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close