បទវិភាគ៖យកផ្លូវសមុទ្រជាស្ពាន រួមសុខរួមទុក្ខជាមួយគ្នាឆ្ពោះទៅមុខកាន់តែឆ្ងាយប្រកបដោយស្ថិរភាព៖សមិទ្ធផលសន្តិភាពនិងវិបុលភាពនៃផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១
Cambodia News
នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៦ គឺជាខួបលើកទី ១៣ នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ”។ ចាប់តាំងពីលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវទស្សនាទានដ៏អស្ចារ្យនេះក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងរដ្ឋសភាឥណ្ឌូណេស៊ីកាលពីឆ្នាំ ២០១៣ ដល់បច្ចុប្បន្ននេះ ខ្សែផ្លូវនាវាចរណ៍ចំនួន ១៤៨ ដែលដាក់ឈ្មោះថា”ការដឹកជញ្ជូនតាមផ្លូវសមុទ្រនៃផ្លូវសូត្រ”ដែលបានតភ្ជាប់កំពង់ផែចំនួន ១៥០ នៅទូទាំងពិភពលោក រដ្ឋសមាជិកបានឡើងដល់ចំនួន ៣៧៥ —ការអភិវឌ្ឍយ៉ាងផុលផុសនៃផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ពិភពលោកតាមរយៈសមិទ្ធផលដ៏លេចធ្លោជាច្រើនថា វសូត្រសមុទ្រសតវត្សរ៍ទី២១ មិនមែនជាឧបករណ៍នយោបាយសម្រាប់ការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយនោះទេ ប៉ុន្តែវាគឺជាវេទិកាសហប្រតិបត្តិការសម្រាប់ជំរុញការអភិវឌ្ឍរួម ហើយវាមិនមែនជា”រង្វង់បក្ខពួកតូច”ដែលបិទខ្ទប់និងរើសអើងអ្នកដទៃនោះទេ ប៉ុន្តែគឺជា”មហាគ្រួសារ”ដែលប្រកបដោយភាពបើកទូលាយនិងបរិយាបន្ន ។
ទីមួយ៖ភាពរលូននៃពាណិជ្ជកម្មពង្រឹងមូលដ្ឋានគ្រឹះនៃវិបុលភាពនៅក្នុងត្រីមាសទីមួយឆ្នាំ ២០២៦ ទំហំសរុបនៃការនាំចេញនាំចូលទំនិញរបស់ចិនបានឈានដល់ ១១,៨៤ លានយាន់ប្រាក់ចិនដែលកើនឡើង ១៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ទំហំសរុបនៃការនាំចេញនាំចូលជាមួយប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”មានចំនួនលើសពី ៥០ ភាគរយ ហើយនិម្មាបនកម្មនៃពិពិធកម្មខាងពាណិជ្ជកម្មរបស់ដៃគូពាណិជ្ជកម្មត្រូវបានពង្រឹងថែមមួយកម្រិតទៀត ។ នៅពីក្រោយតួលេខទាំងនេះគឺជាខ្សែផ្លូវនាវាចរណ៍នីមួយៗដែលឆ្លងកាត់សមុទ្រពណ៌ខៀវនិង
កំពង់ផែនីមួយៗដែលដំណើរការទាំងយប់ទាំងថ្ងៃ ហើយក៏ជាអារម្មណ៍ទទួលបានផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ។
ការងើបឡើងនៃកំពង់ផែ Chancay គឺជាឧទាហរណ៍ដ៏រស់រវើកបំផុត ។ ក្នុងនាមជាគម្រោងកិច្ចសហប្រតិបត្តិការដែលជានិមិត្តសញ្ញានៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”រវាងប្រទេសចិននិងប៉េរូ បរិមាណលើកដាក់កុងតឺន័រក្នុងឆមាសទីមួយឆ្នាំ ២០២៦ របស់កំពង់ផែ Chancay បានឈានដល់ ២០ ម៉ឺន TEUs ដែលកើនឡើង ៧០,៩៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ បរិមាណលើកដាក់ទំនិញច្រើនប្រភេទ(Bulk Cargo)បានឈានដល់ ៩៨ម៉ឺន ៧ ពាន់តោនដែលកើនឡើង ៤១,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ ។ ការដឹកជញ្ជូនត្រង់តាមផ្លូវសមុទ្រពីកំពង់ផែ Chancay ដល់ទីក្រុងសៀងហៃបានកាត់បន្ថយពេលវេលាសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររវាងប្រទេសចិននិងប៉េរូពី ៣៥ ឬ ៤០ ថ្ងៃមកនៅត្រឹម ២៣ ថ្ងៃដែលអាចកាត់បន្ថយថ្លៃដឹកជញ្ជូនជាង ២០ ភាគរយសម្រាប់សហគ្រាស ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺ ក្នុងដំណាក់កាលដាក់ឱ្យដំណើរការកំពង់ផែ Chancay បុគ្គលិកក្នុងតំបន់មានចំនួន ៩៨,៧៧ ភាគរយ ដែលបានបង្កើតឱកាសការងារជិត ១ ម៉ឺននាក់ក្នុងអំឡុងពេលសាងសង់គម្រោងនេះ ។
រឿងរ៉ាវនៃកំពង់ផែ Piraeus នៃប្រទេសក្រិកក៏ជារឿងរ៉ាវដ៏គួរឱ្យរំភើបផងដែរ ។ ទោះបីជាប្រឈមមុខនឹងកត្តាខាងក្រៅដូចជាស្ថានការណ៍នៅសមុទ្រក្រហមក៏ដោយ ក៏បរិមាណលើកដាក់កុងតឺន័រក្នុងខែកក្កដា ឆ្នាំ ២០២៦ របស់កំពង់ផែនេះបានឈានដល់ប្រហែល ៣៥ ម៉ឺន ២ ពាន់TEUs ដែលសម្រេចបាននូវកំណើនវិជ្ជមាន ចំណែកឯនៅខែសីហា ឆ្នាំនេះក៏បានកើនឡើងដល់ ៣៧ ម៉ឺន ២១ ពាន់TEUs ដែលកើនឡើង ១៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ ។ ចាប់ពីកំពង់ផែក្នុងតំបន់ដែលប្រឈមនឹងភាពធ្លាក់ថមថយមុនពេលក្រុមហ៊ុន COSCO Shipping របស់ចិនទទួលបានសិទ្ធក្នុងការប្រតិបត្តិជាផ្លូវការរហូតដល់ក្លាយជាមជ្ឈមណ្ឌលស្នូលសម្រាប់ដឹកជញ្ជូនតាមផ្លូវសមុទ្រនៅអឺរ៉ុបនាពេលបច្ចុប្បន្ននេះ ការផ្លាស់ប្តូរមុខមាត់ថ្មីរបស់កំពង់ផែ Piraeus បានបង្ហាញឱ្យឃើញនូវកម្លាំងជីវិតដ៏ខ្លាំងក្លានៃរូបមន្តសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។
ទីពី៖កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខគាំពារសណ្តាប់ធ្នាប់សន្តិភាពវិបុលភាពមិនអាចកាត់ផ្តាច់ពីសន្តិភាពបានឡើយ ។ជានិច្ចកាល គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាងផ្លូវសូត្រសមុទ្រតែងតែប្តេជ្ញាចិត្តក្នុងការជំរុញការតភ្ជាប់គ្នាតាមផ្លូវសមុទ្រនិងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានា ក៏ដូចជាការគាំពារសន្តិសុខមហាសមុទ្រតាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ កាលពីខែឧសភា ឆ្នាំ ២០២៦ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកទី ២២ នៃស្ថាប័នអនុវត្តច្បាប់នៃឆ្មាំសមុទ្រនៅតំបន់អាស៊ីបានប្រារព្ធធ្វើនៅទីក្រុង Quanzhou ខេត្ត Fujian ដែលជាចំណុចចាប់ផ្តើមនៃ”ផ្លូវសូត្រសមុទ្រ” ។ តំណាងបរទេសជាង ៥០ រូបដែលមកពីស្ថាប័នអនុវត្តច្បាប់ឆ្មាំសមុទ្រនៃប្រទេសនិងតំបន់ចំនួន ១៨ ព្រមទាំងអង្គការអន្តរជាតិចំនួនពីរដែលបូករួមទាំងការិយាល័យអង្គការសហប្រជាជាតិសម្រាប់ដោះស្រាយបញ្ហាគ្រឿងញៀននិងបទឧក្រិដ្ឋជាដើមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកនេះដោយបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនិងប្រកបដោយភាពប្រាកដប្រជាជុំវិញបញ្ហាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនសមុទ្រ ដូចជាការរត់ពន្ធមនុស្ស ការជួញដូរនិងដឹកជញ្ជូនគ្រឿងញៀនជាដើម ក៏ដូចជាការបង្កើនកិច្ចសហប្រតិបតិ្តការការអនុវត្តច្បាប់និងប្រតិបត្តិការរួមគ្នាលើសមុទ្រក្នុងក្របខណ្ឌពហុភាគីនិងទ្វេភាគីជាដើម ។ កិច្ចប្រជុំលើកនេះបានបន្ថែមជាពិសេសនូវប្រធានបទចំនួនបីគឺ ការធានាសុវត្ថិភាពលើដែនសមុទ្រនិងការប្រយុទ្ធប្រឆាំងនឹងអំពើរភេរវកម្មលើដែនសមុទ្រជាដើមដែលបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បណ្តាភាគីនានាក្នុងការពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីតាមផ្លូវសមុទ្រ ។
ចាប់ពីការអមដំណើរនៅឈូងសមុទ្រអាដិនដល់ការធ្វើសមយុទ្ធរួមលើដែនសមុទ្រ ពីការចែករំលែកព័ត៌មានអំពីការអនុវត្តច្បាប់ដល់កិច្ចសម្របសម្រួលនិងការការពារបរិស្ថានសមុទ្រ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាងផ្លូវសូត្រសមុទ្របាននឹងកំពុងកសាងបណ្តាញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខដែលមានវិស័យទូលំទូលាយ និងច្រើនកម្រិត ។ ដូចការលើកឡើងរបស់លោកស្រី Kamina Johnson-Smith រដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសហ្សាម៉ាអ៊ីកក្នុងវេទិកាសហប្រតិបត្តិការអន្តរជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រនៃផ្លូវសូត្រលើកទី ៨ ថា ”ប្រទេសចិនអាចជួយខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិឱ្យបង្កើនភាពធន់ជាបន្តបន្ទាប់ ព្រមពេលជាមួយគ្នានេះ ក៏អាចជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាបន្តបន្ទាប់ផងដែរ” ។ ឆ្លងតាមរយៈកិច្ចសហប្រតិបត្តិការដែលចាត់ទុកការដឹកជញ្ជូនតាមផ្លូវសមុទ្រនៃផ្លូវសូត្រជាមូលដ្ឋាន ”យើងអាចរួមគ្នាកសាងអនាគតនៃការអភិវឌ្ឍប្រកបដោយវិបុលភាព ដែលកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព និងភាពធន់ ”។
ទីបី៖ការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជនអាចពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ចំណងមិត្តភាព
កម្លាំងជីវិតនៃផ្លូវសូត្រសមុទ្រ និយាយជារួមគឺ ស្ថិតនៅត្រង់ថា តើវាអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃបណ្តាប្រទេសនានាឬអត់ ។ ក្នុងអំឡុងពេលនាវាពេទ្យកងទ័ពជើងទឹកចិនឈ្មោះ”Silk Road Ark” ដែលបំពេញ”បេសកកម្មសុខដុមរមនាឆ្នាំ ២០២៦ ”បានធ្វើដំណើរទៅដល់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេដែលបានផ្តល់សេវាពិនិត្យសុខភាពនិងព្យាបាលរោគដោយឥតគិតថ្លៃដល់ប្រជាជនក្នុងតំបន់ចំនួន ៥៤៣៩ នាក់ ព្រមទាំងបានធ្វើការវះកាត់ចំនួន ៣៣៩ ក្នុងរយៈពេល ៦ ថ្ងៃ ។ លោក Henrique Couto da Nóbrega ប្រធានសមាគមន៍មិត្តភាពប្រេស៊ីល-ចិននៃប្រទេសប្រេស៊ីលបានវាយតម្លៃថា នាវាពេទ្យ”Silk Road Ark” មិនត្រឹមតែជា”មន្ទីរពេទ្យលើសមុទ្រ”ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានមិត្តភាពចល័តផងដែរ ។ ក្នុងវិស័យអប់រំវិជ្ជាជីវៈ ចាប់ពីវគ្គសិក្សាស្រាវជ្រាវសម្រាប់សិល្បៈតែកម្រិត ខ្ពស់នៃវិទ្យាស្ថានផ្លូវសូត្រសមុទ្រ(Maritime Silk Road College)ប្រទេសម៉ាឡេស៊ី ដល់កម្មវិធីបណ្តុះបណ្តាលធនធានមនុស្សផ្នែកធុរកិច្ចអេឡិចត្រូនិកឆ្លងដែននៃវិទ្យាស្ថានកម្ពុជា សម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១(Maritime Silk Road College)ពីការបណ្តុះបណ្តាលកម្មវិធី”ភាសាចិនបូកជំនាញវិជ្ជាជីវៈ”នៅប្រទេសឥណ្ឌូណេស៊ីដល់កិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាបង្កើតជំនាញវិជ្ជាជីវៈនៅប្រទេសកេនយ៉ា វិទ្យាស្ថានផ្លូវសូត្រសមុទ្រ(Maritime Silk Road College)កំពុងបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកទេសក្នុងស្រុកជាច្រើននាក់ សម្រាប់ប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ។
ឆ្លងកាត់ព្យុះភ្លៀងនិងពុះពារឧបសគ្គក្នុងរយៈពេល ១៣ ឆ្នាំកន្លងមក ការរួមគ្នាកសាង”ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ”បានប្រែក្លាយពីគំនិតទៅជាសកម្មភាព ពីទស្សនទានទៅជាការពិតជាក់ស្តែង ។ អ្វីដែលជាការបន្តវេននោះគឺ ស្មារតីផ្លូវសូត្រស្តីពី”ការធ្វើកិច្ចសហប្រតិបត្តិការដោយសន្តិភាព ការបើកទូលាយនិងបរិយាបន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ” ហើយអ្វីដែលអនុវត្តជាក់ស្តែងនោះគឺ ទស្សនៈអភិបាលកិច្ចសកលស្តីពីការពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ។ បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល ១០០ឆ្នាំកំពុងវិវត្តយ៉ាងឆាប់រហ័ស ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ឯកតោភាគីនិយមនិងការពារនិយមកំពុងងើបឡើងវិញ ហើយទស្សនៈស្តីពីការបើកទូលាយ និងកិច្ចសហប្រតិបត្តិការដែលផ្តួចផ្តើមដោយផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ កាន់តែមានតម្លៃទ្វេដង ។
ឈរនៅចំណុចចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ”មុខជានឹងបន្តចាត់ទុកសន្តិភាពនិងកិច្ចសហប្រតិបត្តិការជាស្ពាន ដើម្បីកសាងចំណងនៃការរួមបញ្ចូលគ្នារវាងប៉ែកខាងកើតនិងប៉ែកខាងលិចនៅក្នុងរលក យុគសម័យ ក៏ដូចជាការត្រួសត្រាយផ្លូវដើម្បីសម្រេចការអភិវឌ្ឍរួម ។ នេះគឺជាផ្លូវមួយដែលបង្កប់នូវបំណងប្រាថ្នារបស់ប្រជាជននៃបណ្តាប្រទេសនានាចំពោះជីវភាពរស់នៅដ៏ល្អបវរ ហើយក៏ជាផ្លូវនៃក្តីសង្ឃឹមសម្រាប់ឆ្ពោះទៅរកការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិផងដែរ ៕


