មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងអ្នកស្រាវជ្រាវចាត់ទុកចិនចូលរួមចំណែកលើកកម្ពស់ការអាននៅកម្ពុជា

Cambodia News

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងអ្នកស្រាវជ្រាវ បានចាត់ទុកប្រទេសចិនថាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអាននៅកម្ពុជា ខណៈដែលភាគីចិនបានចូលរួមបង្កើតបណ្ណាល័យមេគង្គ-ឡានឆាន និងទូដាក់សៀវភៅនៅកម្ពុជាជាបន្តបន្ទាប់។

ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កាបង្កើតទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» នៅទីស្តីការក្រសួងព័ត៌មាន គឺជាសក្ខីភាពបញ្ជាក់ពីការពង្រីកលំហសហប្រតិបត្តិការ ទាំងលើការចែករំលែកចំណេះដឹង ការអាន និងការច្នៃប្រឌិតមាតិកាចម្រុះ។

ក្នុងពិធីសម្ពោធទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» នៅទីស្តីការក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះឯកឧត្តម កឹម គុណវឌ្ឍន៍ បានបញ្ជាក់បន្ថែមថា សៀវភៅចិនគឺជាស្ពានចំណេះដឹងសម្រាប់មន្ត្រី យុវជន និងសាធារណជន៖ «ហើយទូរសៀវភៅនៅភាគខាងត្បូងនេះ គឺជាការបង្ហាញអំពីការផ្លាស់ប្តូរនូវវប្បធម៌ដ៏ជ្រាលជ្រៅតាមរយៈអំណាន។ អំណានមានន័យថាម៉េច? មានន័យថា យើងអាន អានពីអ្វី? គឺអានពីសៀវភៅ ហើយទូរសៀវភៅមកពីភាគខាងត្បូងនេះ គឺចង់បង្ហាញអំពីគ្រប់វិស័យសង្គមរបស់មហាប្រទេសចិន សាធារណរដ្ឋប្រជាមានិតចិន ដែលផ្តល់ចំណេះដឹងនៅលើពុទ្ធិ តាមរយៈសៀវភៅ ដែលផ្តល់ឱ្យប្រជាពលរដ្ឋយើង ជាពិសេសយុវជនរបស់យើងបានយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅ អំពីអ្វីដែលបានវិវត្តន៍នៅលើទឹកដីនៃមហាប្រទេសចិន នៅក្នុងរយៈពេលជាង ២០០០ ឆ្នាំកន្លងទៅ ហើយសំខាន់បំផុតគឺនៅក្នុងដំណាក់កាលបច្ចុប្បន្ន។»

ចំណែកឯ លោកបណ្ឌិត ជា មុនីឫទ្ធិ អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន វិញ បានបញ្ជាក់នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ថា ប្រទេសចិនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអាននៅកម្ពុជា តាមរយៈការដាក់ទូសៀវភៅ និងបង្កើតបណ្ណាល័យមេគង្គ-ឡានឆាន នៅតាមបណ្តាសាលាបឋមសិក្សាមួយចំនួនពីទីក្រុងដល់ជនបទ។ លោកបានគូសបញ្ជាក់ថា ការចូលរួមរបស់មជ្ឈមណ្ឌលប្រទេសចិនសម្រាប់ការបោះពុម្ពផ្សាយអន្តរជាតិ (CIPC) គឺជាការវិនិយោគលើចំណេះដឹងរបស់កុមារ និងអនាគតមូលធនមនុស្សរបស់កម្ពុជា ដើម្បីបម្លែង «កន្លែងដាក់សៀវភៅ» ឱ្យទៅជា «កន្លែងបង្កើតអ្នកអាន»។

សូមបញ្ជាក់ថា ការបង្កើតទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» នៅទីស្តីការក្រសួងព័ត៌មាន គឺជាសក្ខីភាពជាក់ស្តែងនៃការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក៏ដូចជាការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន»។
ទូសៀវភៅចិន មិនត្រឹមតែជាកន្លែងរក្សាសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែវាពិតជា «ស្ពានចំណេះដឹង» រ៉ាប់រងបេសកកម្មយ៉ាងសំខាន់ក្នុងការផ្ទេរចំណេះដឹង បណ្តុះស្មារតីនវានុវត្តកម្ម និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឲ្យកាន់តែរឹងមាំ និងមាននិរន្តរភាពសម្រាប់យុគសម័យថ្មី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close