សង្គមស៊ីវិលកម្ពុជា-ចិន ជំរុញការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកលពីមូលដ្ឋាន
Cambodia News
(ជីណាន សានទុង)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា ការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គួរចាប់ផ្តើមពីតម្រូវការជាក់ស្តែងរបស់ប្រជាជន និងផ្តោតលើការបង្កើតផលប្រយោជន៍ដែលអាចមើលឃើញនៅមូលដ្ឋាន។
ការលើកឡើងនេះធ្វើឡើងក្នុងឱកាសលោកបណ្ឌិតចូលរួម វេទិកា APEC ក្នុងក្របខណ្ឌសង្គមស៊ីវិល កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រុងជីណាន ខេត្តសានទុង ប្រទេសចិន ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល»។
លោកបណ្ឌិត ជា មុនីឫទ្ធិ បានស្នើឱ្យសង្គមស៊ីវិលកម្ពុជា-ចិន ពង្រឹងកិច្ចសន្ទនា និងសហការគ្នារៀបចំគម្រោងដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន ជាពិសេសនៅតាមមូលដ្ឋាន។
«យើងត្រូវបម្លែងការសន្ទនាទៅជាកិច្ចសហការ បម្លែងកិច្ចសហការទៅជាគម្រោង ហើយបម្លែងគម្រោងទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន»។
លោកបានផ្តោតលើ ៤ ទិសដៅសំខាន់ៗ៖
ទី១ ពង្រឹងកិច្ចសន្ទនារវាងសង្គមស៊ីវិលកម្ពុជា-ចិន ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៅមូលដ្ឋាន។
ទី២ ពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបច្ចេកទេស និងភាសាចិន ព្រមទាំងកែលម្អបណ្ណាល័យនៅតាមសាលាបឋមសិក្សា ដើម្បីលើកកម្ពស់វប្បធម៌អាន និងការរៀនសូត្ររបស់កុមារ។
ទី៣ រួមគ្នាបង្កើនឱកាសសម្រាប់យុវជនកម្ពុជា តាមរយៈអាហារូបករណ៍ ការបណ្តុះបណ្តាល និងឱកាសការងារ ដើម្បីឱ្យយុវជនមានចំណេះដឹង ជំនាញ និងបទពិសោធន៍សម្រាប់អនាគត។
ទី៤ បង្កើតវេទិកាឌីជីថលដែលភ្ជាប់ សហគ្រិនភាពជាមួយទីផ្សារ ដើម្បីជួយសហគ្រិនកម្ពុជា និងផលិតផលមូលដ្ឋានឱ្យចូលដល់ទីផ្សារកាន់តែទូលំទូលាយ។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍដែលមានន័យ មិនមែនវាស់ត្រឹមចំនួនគម្រោងដែលបានអនុវត្តទេ ប៉ុន្តែវាស់តាមការផ្លាស់ប្តូរដែលប្រជាជនទទួលបាន។
តាមរយៈកិច្ចសហការទាំងនេះ សង្គមស៊ីវិលកម្ពុជា-ចិនអាចដើរតួនាទីជាស្ពានភ្ជាប់រវាងគំនិតផ្តួចផ្តើមអភិវឌ្ឍសកល និងការអនុវត្តជាក់ស្តែងនៅមូលដ្ឋាន ដើម្បីរួមចំណែកបង្កើតការអភិវឌ្ឍដែលមានគុណភាព បរិយាបន្ន និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា៕


