មន្ត្រីស្ថានទូតចិន៖ ការស្ទង់មតិបង្ហាញថា យុវជនកម្ពុជាកាន់តែច្រើនយល់ដឹងពីប្រទេសចិន

ភ្នំពេញ៖ មន្ត្រីស្ថានទូតចិនប្រចាំកម្ពុជា បានសម្តែងការអបអរសាទរចំពោះការចេញផ្សាយ «របាយការណ៍ស្ទង់មតិឆ្នាំ២០២៥ ស្តីពីការយល់ឃើញរបស់យុវជនកម្ពុជាលើការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន» ដែលរៀបចំឡើងដោយភាគីពាក់ព័ន្ធ។ របាយការណ៍នេះបង្ហាញថា យុវជនកម្ពុជាភាគច្រើនមានការយល់ដឹងច្រើនពីប្រទេសចិន ទោះបីជាពួកគេមិនធ្លាប់បានទៅទីនោះក៏ដោយ។

ក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ស្ទង់មតិឆ្នាំ២០២៥ ស្តីពីការយល់ឃើញរបស់យុវជនកម្ពុជាលើការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន» កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម ឆិន ឆុង(Chen Cong) អគ្គទីប្រឹក្សាស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ក្នុងចំណោមយុវជនកម្ពុជាដែលបានចូលរួមការស្ទង់មតិ ចំនួន២៣៨០នាក់មាន៖     ជាង ៩៩% ទទួលស្គាល់តម្លៃការងារនៃភាសាចិន, ជិត ៩០% សង្ឃឹមថានឹងមានឱកាសទៅសិក្សានៅប្រទេសចិន, ជាង ៩០% មានបំណងធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសចិន, ជាង ៩៧% ស្គាល់ពីពិធីបុណ្យប្រពៃណីចិន ដូចជា បុណ្យចូលឆ្នាំប្រពៃណីចិន, ជិត ៧០% រីករាយសាកល្បងប្រើប្រាស់ឱសថបុរាណចិន។

បន្ថែមពីនេះ ស្នាដៃអក្សរសិល្ប៍បុរាណចិន និងភាពយន្តដូចជា «រឿងណាចា» និង «កុងហ្វូ» ទទួលបានការពេញនិយមខ្លាំង ហើយម៉ាកយីហោចិន ដូចជា ហួរវ៉េ (Huawei), ថាវបាវ (Taobao) និង ទីកតុក (TikTok) ក៏ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា លទ្ធផលនៃការស្ទង់មតិនេះបានឆ្លុះបញ្ចាំងថា យុវជនកម្ពុជាមានការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីប្រទេសចិន និងវប្បធម៌ចិន ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

លោកស្រី សាស្ត្រាចារ្យ អ៊ុំ រ៉ាវី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកសាស្ត្រាចារ្យរង GU Jiayun នាយករងវិទ្យាស្ថានអាស៊ី និងជាប្រធានមជ្ឈមណ្ឌលសិក្សាកម្ពុជា នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការស្ទង់មតិនេះ ព្រោះវាបានបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា និងចិន ជាពិសេសក្រុមយុវជន។

លោកសាស្ត្រាចារ្យរង នាក់ ចិន្តារិទ្ធិ នាយកវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាប្រធានមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ បានបញ្ជាក់ថា ការស្រាវជ្រាវអំពីទស្សនទានរបស់យុវជនកម្ពុជាលើការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងកម្ពុជា-ចិន មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរ និងជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី។

ក្រុមយុវជនកម្ពុជាដែលបានចូលរួមកម្មវិធីនេះ បានលើកឡើងថា ការផ្លាស់ប្តូរយុវជនរវាងកម្ពុជា និងចិន គឺជាគ្រឹះដ៏សំខាន់សម្រាប់មិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ ខណៈចិនគឺជាមិត្ត និងជាដៃគូល្អក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close