១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃការធ្វើទំនើបកម្ម និងជាមេរៀនសម្រាប់ពិភពលោក
Cambodia Newsx
ក្នុងប្រវត្តិសាស្ត្រនយោបាយសម័យទំនើប មានបក្សនយោបាយតិចតួចប៉ុណ្ណោះដែលអាចរក្សាតួនាទីដឹកនាំជាតិ បានយ៉ាងបន្តបន្ទាប់អស់រយៈពេលជាងមួយសតវត្សរ៍ និងក្នុងពេលជាមួយគ្នានោះអាចដឹកនាំប្រទេសមួយឱ្យផ្លាស់ប្តូរ ពី«ភាពក្រីក្រ ភាពអន់ថយ និង ភាពឯកោ» ទៅជាមហាអំណាចសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ពិភពលោក។ រយៈពេល១០៥ឆ្នាំ (១ កក្កដា ១៩២១–២០២៦) នៃការអភិវឌ្ឍរបស់បក្សកុម្មុយនិស្តចិន មិនត្រឹមតែជាប្រវត្តិនៃ ការរីកចម្រើនរបស់បក្សនយោបាយមួយប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរផ្លាស់ប្តូរដ៏ធំធេងរបស់ប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ ពីប្រទេសដែលធ្លាប់រងការឈ្លានពាននិងសង្គ្រាមស៊ីវិល ប្រទេសចិនបានក្លាយជាសេដ្ឋកិច្ចធំលំដាប់ទី២របស់ពិភពលោក និងជាប្រទេសនាំមុខក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងការកាត់បន្ថយភាពក្រីក្រ។
ក្រោយការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ប្រទេសចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនដោយផ្តើមពីលោក Mao Zedong បានចាប់ផ្តើមកសាងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជាតិ ហើយជាពិសេស ក្រោយគោលនយោបាយកែទម្រង់និងបើកទូលាយដែលដឹកនាំដោយលោក Deng Xiaoping នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧៨ សេដ្ឋកិច្ចចិនបានរីកចម្រើនយ៉ាងឆាប់រហ័ស។ GDPរបស់ចិនបានកើនពីប្រមាណ ១៥០ពាន់លានដុល្លារអាមេរិកនៅចុងទសវត្សរ៍១៩៧០ ទៅ១៩,៦ទ្រីលានដុល្លារនៅចុងឆ្នាំ២០២៥។ ប្រទេសចិន បានក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំបំផុតមួយរបស់ពិភពលោក និងជាកម្លាំងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល។ សមិទ្ធផលដែលទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយបំផុត គឺការកាត់បន្ថយភាពក្រីក្រ ដោយក្នុងរយៈពេលជាង៤០ឆ្នាំ ប្រទេសចិនបានជួយប្រជាជនជាង៨០០លាននាក់ឱ្យរួចផុតពីភាពក្រីក្រ ដែល តំណាងឱ្យប្រហែល៧០%នៃការកាត់បន្ថយភាពក្រីក្រនៅទូទាំងពិភពលោកក្នុងរយៈពេលដូចគ្នា។ សមិទ្ធផលនេះ កើតចេញពីការរៀបចំផែនការរយៈពេលវែង ការអភិវឌ្ឍជនបទ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋ។ បទពិសោធន៍នេះបានបង្ហាញថា ការអភិវឌ្ឍមានន័យពិតប្រាកដនៅពេលដែលប្រជាជនជាអ្នកទទួលផលផ្ទាល់ពីកំណើនសេដ្ឋកិច្ច។
ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រទេសចិនបានសាងសង់បណ្តាញផ្លូវល្បឿនលឿន ផ្លូវដែកល្បឿនលឿន កំពង់ផែ និងអាកាសយានដ្ឋានក្នុងទំហំដែលពិភពលោកកម្របានឃើញ។ បច្ចុប្បន្ន ប្រទេសចិនមានបណ្តាញផ្លូវដែកល្បឿនលឿនប្រមាណ៥០,០០០គីឡូម៉ែត្រ ដែលជាបណ្តាញធំបំផុតនៅលើពិភពលោក។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះបានជួយពង្រឹងការតភ្ជាប់រវាងទីក្រុង និងជនបទ ជំរុញពាណិជ្ជកម្ម និងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចជាតិ។ លើសពីនេះ ប្រទេសចិនក៏បានផ្លាស់ប្តូរពីប្រទេសដែលផ្អែកលើកម្លាំងពលកម្មច្រើន ទៅជាប្រទេសដែលផ្អែកលើនវានុវត្តន៍ និងបច្ចេកវិទ្យាខ្ពស់។ ការរីកចម្រើនក្នុងវិស័យបញ្ញាសិប្បនិម្មិត យានអគ្គិសនី រ៉ូបូត បច្ចេកវិទ្យាទំនាក់ទំនងជំនាន់ថ្មី និងអវកាស បានធ្វើឱ្យប្រទេសចិនក្លាយជាតួអង្គសំខាន់ក្នុងការប្រកួតប្រជែងបច្ចេកវិទ្យាសកល ជាក់ស្តែងស្ថានីយអាវកាសTiangong និងកម្មវិធីរុករកភពព្រះចន្ទ គឺជានិមិត្តរូបនៃការផ្លាស់ប្តូរពីអ្នកទទួលបច្ចេកវិទ្យា ទៅជាអ្នកបង្កើត និងជាអ្នកផ្ទេរបច្ចេកវិទ្យា។
អ្វីដែលធ្វើឱ្យបទពិសោធន៍របស់បក្សកុម្មុយនិស្តចិនទាក់ទាញការចាប់អារម្មណ៍ពីបក្សនយោបាយ និងក្រុមបញ្ញាញាណជាន់ខ្ពស់នៅជុំវិញពិភពលោក គឺការរួមបញ្ចូលយ៉ាងល្អឥតខ្ចោះរវាងអភិបាលកិច្ចរដ្ឋ ការរៀបចំផែនការ យុទ្ធសាស្ត្ររយៈពេលវែង និងការប្រើប្រាស់យន្តការទីផ្សារដើម្បីជំរុញការអភិវឌ្ឍ។ បទពិសោធន៍នេះត្រូវបានអ្នកសិក្សាស្រាវជ្រាវអន្តរជាតិប្រសិទ្ធនាមថា «គំរូអភិវឌ្ឍន៍តាមបែបផែនចិន» ដែលបានក្លាយជាប្រធានបទសម្រាប់ការសិក្សា និងការដកស្រង់មេរៀននៅក្នុងប្រទេសជាច្រើន។
លើឆាកអន្តរជាតិ ប្រទេសចិនដែលមានលោក Xi Jinping ជាប្រមុខដឹកនាំ បានពង្រីកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនិងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ពិភពលោកតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវដែលមានវ័យ១៣ឆ្នាំនេះបានភ្ជាប់ប្រទេសជាច្រើននៅអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិកឡាទីន ហើយគំនិតផ្តួចផ្តើមនេះបាននាំពិភពលោកឈានទៅកាន់កិច្ចកសាងសហគមន៍វាសនារួមនៃមនុស្សជាតិ ដោយមានគំនិតផ្តួចផ្តើមសកលចំនួន៤បន្ថែមទៀតជាសសរស្តម្ភដ៏រឹងមាំ ព្រមទាំងគាំទ្រដល់ចរន្តពហុភាគីនិយមក្រោមទម្រនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងរួមគ្នាដើម្បីថែរក្សាភពផែនដីដែលជាផ្ទះរួមរបស់យើងទាំងអស់គ្នាតាមរយៈការផ្តល់គុណតម្លៃកាន់តែសកម្មដល់អរិយធម៌អេកូឡូស៊ីដែលមានប្រទេសចិនជាគំរូ។
ជារួម រយៈពេល១០៥ឆ្នាំនៃការអភិវឌ្ឍរបស់បក្សកុម្មុយនិស្តចិន បានបង្ហាញពីសមត្ថភាពក្នុងការដឹកនាំ ការផ្លាស់ប្តូរជាតិដ៏ធំធេងមួយ។ ពីប្រទេសក្រីក្រនិងអន់ថយ ប្រទេសចិនដែលបាននិងកំពុងកាន់តែតំណែងជាមហាអំណាចសេដ្ឋកិច្ច បច្ចេកវិទ្យា និងពាណិជ្ជកម្មដ៏មានឥទ្ធិពលលើពិភពលោក ផ្តល់មេរៀនសំខាន់ដែលអាចដកស្រង់បាន គឺការមានចក្ខុវិស័យរយៈពេលវែង ការកែទម្រង់ជាបន្តបន្ទាប់ ការផ្តោតលើប្រជាជន និងការវិនិយោគលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ។ ទោះបីជាបទពិសោធន៍របស់ចិនមិនមែនជារូបមន្តតែមួយសម្រាប់គ្រប់ប្រទេសក៏ដោយ ប៉ុន្តែវាបានក្លាយជាប្រភពមេរៀនដ៏មានតម្លៃសម្រាប់បក្សនយោបាយ និងប្រទេសនានាក្នុងការស្វែងរកផ្លូវអភិវឌ្ឍដែលអាចបន្ស៊ីស្របនឹងស្ថានភាពតថភាពជាក់ស្តែងនៃប្រទេសរបស់ខ្លួនផងដែរ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន
