ការស្ទង់មតិរបស់ CGTN៖វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដ៏ខ្លាំងក្លាក្លាយទៅជាកម្លាំងផលិតកម្មដែលអាចមើលឃើញ ខ្សែសង្វាក់ផ្គត់ផ្គង់ឈ្នះ-ឈ្នះទទួលបានសមិទ្ធផលច្រើន
Cambodia News
ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះបានទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោក ។
តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៩,៥ភាគរយបានវាយតម្លៃយ៉ាងសកម្មចំពោះការដែលប្រទេសចិនបានរួមចំណែកក្នុងការជំរុញការបង្កើតសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ហើយសម្គាល់ឃើញថា ចិនជាអ្នកគាំពារនិងជាស្ថាបនិកដ៏មុតមាំនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។
ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកនេះមានការចូលរួមពីសហគ្រាសនិងស្ថាប័នសរុប៦៧៦ ដែលមកពីប្រទេស តំបន់និងអង្គការអន្តរជាតិចំនួន៨៥ ហើយចំនួនសហគ្រាសបរទេសដែលចូលរួមពិព័រណ៍លើកនេះឡើងដល់៣៦,៥ភាគរយ ដែលមានចំនួនលើសពី១២០០សហគ្រាស ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៣,៣ភាគរយបានសម្គាល់ឃើញថា ប្រការនេះបានបញ្ជាក់យ៉ាងពេញលេញនូវកម្លាំងទាក់ទាញដ៏ខ្លាំងក្លានៃទីផ្សារនិងខ្សែសង្វាក់ឧស្សាហកម្មរបស់ចិនចំពោះសហគ្រាសមកពីពិភពលោកទាំងមូល ។
អ្នកផ្តល់បទសម្ភាសន៍ចំនួន៨០,៨ភាគរយបានលើកឡើងថា ប្រជាប្រិយភាពខ្លាំងនៃពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិមិនគ្រាន់តែបានមកពីឧត្តមភាពពិសេសនៃខ្សែសង្វាក់ឧស្សាហកម្មពេញលេញរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីសេចក្តីប្រាថ្នារួមនៃមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនៅទូទាំងពិភពលោកចំពោះការបង្កើនកិច្ចសហប្រតិបត្តិការខាងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិផងដែរ ។
ការស្ទង់មតិលើកនេះធ្វើឡើងតាមវេបសាយ ៥ ភាសារបស់បណ្តាញ CGTN រួមមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី ហើយក្នុងរយៈពេល ២៤ ម៉ោង ក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន៤៧៥៣នាក់បានចូលរួមការបោះឆ្នោតនិងបញ្ចេញមតិ ៕