បទវិភាគ៖បច្ចេកវិទ្យាឌីជីថលឆ្លាតវៃផ្តល់កម្លាំងចលករដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោកដែលកាន់តែធំទូលាយ
Cambodia News
មនុស្សយន្តដែលអាចឆុងកាហ្វេ រថយន្តហោះហើរដែលអាចបំបែកចេញពីគ្នានិងខ្លាឃ្មុំផេនដាដែលអាចដើរគ្រប់ទិសទី ។ល។ ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី ៤ ដែលមានរយៈពេល ៥ ថ្ងៃបានប្រារព្ធធ្វើនៅក្រុងប៉េកាំងនៅថ្ងៃទី ២២ ខែមិថុនា ។ ពិព័រណ៍លើកនេះធ្វើឡើងក្រោមប្រធានបទ”តភ្ជាប់ជាមួយពិភពលោកដើម្បីរួមគ្នាកសាងអនាគត”ដោយមានការរៀបចំពន្លាតាំងបង្ហាញពីសមិទ្ធផលបញ្ញាសិប្បនិម្មិតជាលើកដំបូងដែលបានបង្ហាញយ៉ាងពេញលេញនូវបច្ចេកវិទ្យាទំនើបៗនិងសមិទ្ធផលច្នៃប្រឌិតថ្មីក្នុងវិស័យចំណុចក្តៅ ដូចជា បញ្ញាសិប្បនិម្មិតជាដើម ។
ពីបន្ទះឈីបមួយដល់បរិក្ខារឧបករណ៍វៃឆ្លាត ពីគ្រាប់ពូជតូចៗដល់ម្ហូបឆ្ងាញ់ៗនៅលើតុរបស់គ្រួសារកាន់តែច្រើន វាសុទ្ធតែមិនអាចឃ្លាតពីការទ្រទ្រង់នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ខ្លាំងក្លា ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិបានបង្កើតជាស្ពានសម្រាប់កិច្ចសហប្រតិបត្តិការរវាងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ច្រើនរាប់មិនអស់ដែលបានបង្ហាញទៅកាន់ពិភពលោកទាំងមូលនូវភាពស៊ីសង្វាក់គ្នានិងកម្លាំងជីវិតដ៏ផុលផុសដែលបន្តវេនទៅគ្រប់ជំនាន់ ។
ថ្លែងក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ លោក Jensen Huangស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃក្រុមហ៊ុនNVIDIAអាមេរិកបានលើកឡើងថា អ្វីដែលពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិបានយកចិត្តទុកដាក់នោះគឺ ខ្សែសង្វាក់ផ្គត់ផ្គង់ដែលជាប្រព័ន្ធសំខាន់បំផុតមួយលើពិភពលោក វាបានតភ្ជាប់ជាមួយថាមពល រោងចក្រ សហគ្រាសនិងអតិថិជន ហើយតភ្ជាប់ជាមួយពិភពលោកទាំងមូល ។
ព្រមពេលជាមួយគ្នានេះ ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិបានក្លាយជាវេទិកាសំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មអន្តរជាតិនិងជំរុញការអភិវឌ្ឍជានិរន្តរភាព ។ លោកស្រី Jennifer Jordan-Saifi នាយកប្រតិបត្តិនៃក្រុមប្រឹក្សាសកលអំពីគំនិតផ្តួចផ្តើមទីផ្សារជានិរន្តរភាពបានសម្គាល់ឃើញថា ក្នុងពេលបច្ចុប្បន្ននេះដែលមានបញ្ហាប្រឈមសកលផ្នែកអាកាសធាតុកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ការប្រារព្ធធ្វើដោយជោគជ័យនៃពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិបានបំពេញបន្ថែមជំនឿចិត្តដ៏មានតម្លៃសម្រាប់សហគ្រាសនៃប្រទេសនានាក្នុងការពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមនិងចែករំលែកកាលានុវត្តភាពបៃតង ។
“យើងបាននិងកំពុងប្រមូលផ្តុំកម្លាំងដើម្បីតភ្ជាប់ជាមួយពិភពលោកដែលកាន់តែធំទូលាយ” ។ លោក Ren Hongbin ប្រធានក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានលើកឡើងក្នុងពិធីបើកពិព័រណ៍ថា ឥទ្ធិពលអន្តរជាតិនៃពិព័រណ៍លើកនេះត្រូវបានពង្រីកថែមមួយកម្រិតទៀតដោយមានការចូលរួមពីសហគ្រាសនិងស្ថាប័នសរុបចំនួន ៦៧៦ ដែលមកពីប្រទេស តំបន់ និងអង្គការអន្តរជាតិចំនួន ៨៥ ។ អត្រាចូលរួមពិព័រណ៍លើកនេះនៃសហគ្រាសបរទេសបានឡើងដល់ ៣៦,៥ ភាគរយ ហើយបូករួមទាំងដៃគូសហប្រតិបត្តិការនៃសហគ្រាសខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ពាក់ព័ន្ធ តាមការពិត ពាណិជ្ជករដែលចូលរួមពិព័រណ៍មានចំនួនលើសពី ១២០០សហគ្រាស។
ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាគឺជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ដឹកនាំការអភិវឌ្ឍនាពេលអនាគត ។ ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ពិព័រណ៍លើកនេះបានដំឡើង”ខ្សែសង្វាក់បច្ចេកវិទ្យាឌីជីថល”ទៅជា”ខ្សែសង្វាក់បច្ចេកវិទ្យាឌីជីថលឆ្លាតវៃ”ដោយមានការរៀបចំពន្លាតាំងបង្ហាញពីសមិទ្ធផលបញ្ញាសិប្បនិម្មិតជាលើកដំបូង ។ ពិព័រណ៍លើកនេះបានប្រមូលផ្តុំសហគ្រាសឈានមុខក្នុងវិស័យបញ្ញាសិប្បនិម្មិតចិននិងអន្តរជាតិដូចជា ក្រុមហ៊ុន NVIDIA ក្រុមហ៊ុន Intel ក្រុមហ៊ុន Qualcomm និងក្រុមហ៊ុន Alibaba ជាដើម វាហាក់ដូចជាការប្រកួតប្រជែងដ៏វិជ្ជមានក្នុងមជ្ឈដ្ឋានបញ្ញាសិប្បនិម្មិត ។
ដូចការលើកឡើងក្នុងគំនិតផ្តួចផ្តើមក្រុងប៉េកាំងនៃពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី ៤ ដែលរួមគ្នាចេញផ្សាយដោយក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិនិងតំណាងមជ្ឈដ្ឋានឧស្សហកម្មនិងពាណិជ្ជកម្មសកលដែលបានចែងថា តំណាងមជ្ឈដ្ឋានឧស្សហកម្មនិងពាណិជ្ជកម្មសកលគួរពង្រីកយ៉ាងពេញលេញនូវតួនាទីជំរុញនិងតួនាទីផ្តល់កម្លាំងចលករនៃបច្ចេកវិទ្យាថ្មីដើម្បីជំរុញការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្ម ធ្វើឱ្យសមិទ្ធផលបច្ចេកវិទ្យាមានអំណោយផលដល់ប្រទេសនិងសហគ្រាសកាន់តែច្រើនក៏ដូចជាបង្កើតអេកូឡូស៊ីដ៏ល្អប្រសើរសម្រាប់ការធ្វើឱ្យប្រសើរឡើងនិងការអភិវឌ្ឍខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ៕



