បទវិភាគ៖ កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង
Cambodia News
ក្នុងពិព័រណ៍ស្តីពីការប្រើប្រាស់ខាងទេសចរណ៍និងវប្បធម៌អន្តរជាតិទីក្រុងប៉េកាំងឆ្នាំ២០២៦នាពេលថ្មីៗកន្លងទៅនេះ ឯកឧត្តមបណ្ឌិតជុក ជំនោរអគ្គនាយកនិងលោកស្រី គង់រ័ត្នលំអង អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានណែនាំទៅកាន់អ្នកសារព័ត៌មានថា កម្ពុជានឹងសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិនចាប់ពីថ្ងៃទី១៥ខែមិថុនាដល់ថ្ងៃទី១៥ខែតុលាឆ្នាំ ២០២៦ ខាងមុខ។
រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិនទាំងអស់ ធ្វើដំណើរត្រង់ចេញពីប្រទេស ចិនឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិនចូលទៅប្រទេសកម្ពុជានឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅ ក្នុងប្រទេស កម្ពុជាបានចំនួន១៤ថ្ងៃ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំនិងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញកាតមកដល់អេឡិចត្រូនិក(E-arrival card)។ ក្នុងកំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញ ទៅកម្ពុជាប៉ុន្មានលើកក៏បាន ។
លោកស្រីគង់រ័ត្នលំអងបានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តកែលម្អបរិយាកាសទេសចរណ៍និងកសាងហេដ្ឋារចនាសម្ព័ន្ធព្រមទាំងបានលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ដើម្បីផ្តល់ជូនភ្ញៀវទេសចរបរទេសនូវការដកបទពិសោធពីទេសចរណ៍ចម្រុះ។ ក្នុងពេលជាមួយគ្នានេះកម្ពុជាបានចាត់វិធានការផ្សេងៗ ដើម្បីធានាសុវត្ថិភាពរបស់ភ្ញៀវទេសចរចិននិងអ្នកទេសចរអន្តរជាតិដទៃទៀត អញ្ជើញភ្ញៀវទេសចរចិនដោយស្មោះស្ម័គ្រឱ្យទៅទស្សនាប្រទេសកម្ពុជា ដើម្បីទទួលអារម្មណ៍ដោយផ្ទាល់ខ្លួនពីភាពទាក់ទាញខាងវប្បធម៌និងកម្លាំងរស់រវើកនៃការអភិវឌ្ឍរបស់កម្ពុជា។
ក្រៅពីប្រទេសកម្ពុជា លោកLubetkinរដ្ឋមន្ត្រីការបរទេសអ៊ុយរូហ្គាយក៏បានប្រកាសនាពេលថ្មីៗនេះដែរថា អ៊ុយរូហ្គាយនឹងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែនធម្មតា ខ្លឹមសារលម្អិតនៃគោលនយោបាយពាក់ព័ន្ធ នឹងត្រូវប្រកាសនៅពេលដ៏ខ្លីខាងមុខនេះ។ នេះគឺជាប្រទេសទ្វីបអាមេរិកខាងត្បូងមួយទៀតដែលបើកទ្វារបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរចិន បន្ទាប់ពីប្រេស៊ីលអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការ ចំពោះអ្នកទេសចរចិននៅថ្ងៃទី១១ខែឧសភា ។
គោលនយោបាយលើកលែងទិដ្ឋាការគឺជានិមិត្តសញ្ញានៃទំនាក់ទំនងដ៏ជិតស្និទ្ធ ការជឿទុកចិត្តគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការបើកចំហរវាងប្រទេសនិងប្រទេស។ យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិគ្រប់គ្រងជនអន្តោ ប្រវេសន៍នៃប្រទេសចិនបង្ហាញថា អ្នកកាន់លិខិតឆ្លងដែនចិនបច្ចុប្បន្នអាចធ្វើដំណើរទៅកាន់ប្រទេស និងតំបន់ជិត១០០នៅទូទាំងពិភពលោកដោយលើកលែងទិដ្ឋាការឬធ្វើទិដ្ឋាការនៅពេលមកដល់ ។ យោងតាមស្ថិតិខាងចំណាត់ថ្នាក់ពីស្ថាប័នប្រឹក្សាយោបល់ អន្តរជាតិពាក់ព័ន្ធឱ្យដឹងថា ក្នុងតារាងចំណាត់ថ្នាក់អំពីភាពងាយស្រួលនៃការធ្វើដំណើរលើពិភពលោក លិខិតឆ្លងដែនចិនបានកើនឡើងពីលេខរៀងទី៧២នាឆ្នាំ២០២១ដល់លេខរៀងទី៦០នាពេលបច្ចុប្បន្នដែលមានគុណតម្លៃកើនឡើងជាបន្តបន្ទាប់។
អ្នកសង្កេតការណ៍មកពីប្រទេសជាច្រើនសម្គាល់ឃើញថា តម្រូវការធ្វើទេសចរណ៍នៅក្រៅប្រទេសរបស់អ្នកទេសចរចិនកំពុងផ្តល់ការគាំទ្រដ៏សំខាន់សម្រាប់ការអភិវឌ្ឍនិងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្មទេសចរណ៍ពិភពលោក។ រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធនៅជុំវិញពិភពលោកកំពុងចាត់វិធានការជាច្រើនដើម្បីឱបក្រសោបភ្ញៀវទេសចរចិនយ៉ាងកក់ក្តៅ។ វិធានការទាំងនេះមានដូចជាការផ្តល់គោលនយោបាយលើកលែងទិដ្ឋាការ ការបង្កើនភាពញឹកញាប់នៃជើងហោះហើរ ការកែលម្អភាពងាយស្រួលក្នុងការទូទាត់ ការបង្កើនប្រសិទ្ធភាពនៃផ្លាកសញ្ញាចិននិងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នទេសចរណ៍ចិនជាដើម។ ក្នុងនាមជាប្រភពភ្ញៀវទេសចរអន្តរជាតិធំជាងគេនិងជាគោលដៅសំខាន់មួយ ប្រទេសចិនកំពុងបំពេញបន្ថែមជំនឿចិត្តនិងកម្លាំងចលករក្នុងការងើបឡើងវិញនៃទីផ្សារទេសចរណ៍ពិភពលោក។
ម៉្យាងវិញទៀតក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គោលនយោបាយលើកលែងទិដ្ឋាការរបស់ប្រទេសចិនក៏បានពង្រីកក្របខ័ណ្ឌជាបន្តបន្ទាប់ផងដែរ ។ គិតរហូតដល់បច្ចុប្បន្ន ចិនបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះប្រទេសសរុបជិត៨០ប្រទេស។ នៅឆ្នាំ២០២៥ ចំនួនជនបរទេសដែលចូលដែនចិនដោយលើកលែងទិដ្ឋាការបានឈានដល់៣០,០៨លាននាក់បានកើនឡើង៤៩,៥%បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ទិន្នន័យពីក្រុមប្រឹក្សាធ្វើដំណើរនិងទេសចរណ៍ពិភពលោកបង្ហាញថា សេដ្ឋកិច្ចទេសចរណ៍របស់ប្រទេសចិនបានកើនឡើង៩,៩%នៅឆ្នាំ២០២៥ ដែលច្រើនជាងទ្វេដងនៃកម្រិតមធ្យមសកល។ ក្រុមប្រឹក្សានេះក៏បានប៉ាន់ប្រមាណដែរថា ប្រទេសចិនត្រូវបានរំពឹងថានឹងក្លាយជាអង្គភាពសេដ្ឋកិច្ចទេសចរណ៍ធំបំផុតលើពិភពលោកនៅឆ្នាំ២០៣០។
ការមកដល់នៃ”យុគសម័យលើកលែងទិដ្ឋាការ” បានផ្តល់ភាពរលូនដល់ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងប្រទេសចិននិងពិភពលោក។ វានឹងកាន់តែងាយស្រួលសម្រាប់ប្រជាជនចិនក្នុងការធ្វើដំណើរទៅក្រៅប្រទេស ហើយជនបរទេសក៏កាន់តែងាយស្រួលក្នុងការទស្សនាយ៉ាងស៊ីជម្រៅនៅតំបន់ផ្សេងៗនៃប្រទេសចិនដែរ ដើម្បីទទួលអារម្មណ៍ដោយផ្ទាល់ពីភាពរស់រវើកនៃទឹកដីចិន ក៏ដូចជាភាពកក់ក្តៅនិងមេត្រីភាពរបស់ប្រជាជនចិន ឆ្លងតាមរយៈការបង្កើនការយល់ដឹងគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ ពួកគេរួមគ្នារៀបរាប់រឿងរ៉ាវអំពីការជួយសម្រេចគោលដៅគ្នាទៅវិញទៅមករវាងប្រទេសចិននិងពិភពលោក និងរួមគ្នាសរសេរជំពូកដ៏ល្អបវរបន្ថែមទៀតនៃការយល់ដឹងគ្នានិងភាពស្និទ្ធស្នាលរវាងប្រជាជន ចិននិងប្រទេសដទៃទៀតនៅក្នុងយុគសម័យថ្មី៕

