បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់

Cambodia News

នាពេលថ្មីៗ​កន្លងទៅ​នេះ ​ជប៉ុន​និងហ្វីលីពីន​បាន​ពន្លឿនការចាប់ដៃជើង​ក្នុងរឿង​សន្តិ​សុខ ​ដែល​មានទង្វើបង្កហេតុជាបន្តបន្ទាប់ ​។

​ពី​ការប្រកាស​ចាប់ដំណើរការ​នូវ​​អ្វី​ដែល​ហៅ​ថា ​”ការចរចា​អំពី​ការកំណត់​ព្រំដែន​សមុទ្រ​នៅភាគខាងកើត​នៃកោះតៃវ៉ាន់”​ដល់​ការ​ជំរុញ​ការ​ចែករំលែក​ការណ៍សម្ងាត់ ​ការផ្ទេរបរិក្ខារការពារជាតិ​និង​ការធ្វើសមយុទ្ធចម្រុះ ​ប្រទេស​ទាំង​ពីរ​ជប៉ុន​និងហ្វីលីពីន​បាន​និង​កំពុង​យក​”កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ”​ធ្វើ​ជា​លេ​ស​ដើម្បី​បង្ក​ការប្រឈមដាក់គ្នាជាក្រុម​និង​បង្កើនហានិភ័យសន្តិសុខក្នុង​តំបន់ ​។ ​

សកម្ម​ភាព​អវិជ្ជមាន​មួយចំនួន​ទាំងនេះ​បានល្មើសយ៉ាងធ្ងន់ធ្ងរ​នូវ​និន្នាការប្រវត្តិ​សាស្ត្រ​ដ៏​ត្រឹមត្រូវ​របស់​ប្រទេស​ក្នុងតំបន់​ដែល​ចង់ស្វែងរកសន្តិភាព ​វឌ្ឍនភាព​និង​ជំរុញកិច្ច​សហប្រតិបតិ្តការ ​វា​មិន​ត្រឹម​តែ​បាន​បណ្តាលឱ្យ​ឥស្សរជនគ្រប់មជ្ឈដ្ឋាន​ក្នុង​តំបន់​មាន​ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែថែមទាំង​បាន​រង​ការ​ប្រឆាំងជាទូទៅ​ពី​សហគមន៍​អន្តរជាតិ​ផងដែរ ​។

អ្វី​ដែល​ហៅ​ថា ​”ការចរចាអំពីការកំណត់ព្រំដែនសមុទ្រ”​រវាងជប៉ុននិងហ្វីលីពីន ​គឺ​គ្មាន​ភស្តុ​តាង​ផ្លូវច្បាប់​ទាល់តែសោះ​ដែល​បាន​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិនិងផល​ប្រយោ​ជន៍​ដែន​សមុទ្រ​របស់ចិន ​។ ​ក្នុងអំឡុងពេល​ដំណើរទស្សនកិច្ច​របស់​លោក ​Ferdinand ​Romualdez ​Marcos ​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ប្រទេសជប៉ុន ​ប្រទេសទាំងពីរ​បាន​ចេញ​ផ្សា​យ​សេចក្តីថ្លែងការណ៍រួម​ដោយ​ប្រកាស​ចាប់ដំណើរការ​ជាផ្លូវ​ការ​នូវ​”ការ​ចរចា​អំពី​ការ​កំណត់​ព្រំដែន​សមុទ្រ”​រវាងជប៉ុន​និងហ្វីលីពីន​ទាក់ទង​នឹង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​និង​តំបន់​ជា​យ​ទ្វីប ​។ ​

ទង្វើ​នេះ​គឺជា​ជំហានដ៏គ្រោះថ្នាក់មួយទៀត​របស់​ជប៉ុន​និង​ហ្វីលីពីន​ដើម្បី​បង្កើន​ការ​ឃុបឃិតគ្នា​ខាងយោធា​និង​បង្កភាពច្របូកច្របល់​ដល់​ស្ថានការណ៍​ក្នុង​តំបន់ ​។ ​តំបន់​ព្រំដែនសមុទ្រ​ដែល​គ្រោង​កំណត់​ដោយ​ប្រទេសជប៉ុន​និងហ្វីលីពីន​មាន​ទី​តាំង​ស្ថិត​នៅ​ភាគ​ខាង​កើតនៃ​កោះតៃវ៉ាន់ ​។ ​យោងតាមច្បាប់អន្តរជាតិ ​ប្រទេសចិន​មាន​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​និង​តំបន់ជាយទ្វីប​នៅក្នុងលំហសមុទ្រនេះ ​។ ​

ប្រទេសជប៉ុន​និង​ហ្វី​លី​ពីន​បាន​ចាប់​ដំ​ណើរការ​នូវ​អ្វី​ដែល​ហៅ​ថា ​”ការចរចាអំពីការកំណត់ព្រំដែនសមុទ្រ”​ដោយ​ឯកតោ​ភាគី​ដែល​បាន​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិនិងផលប្រយោជន៍​ដែន​សមុទ្រ​របស់​ចិន ​ក៏ដូចជា​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់អន្តរជាតិ​និង​ក្រមមូលដ្ឋាន​នៃ​ទំនាក់​ទំនង​អន្តរជាតិ​ដែល​បូក​រួមទាំង​«អនុសញ្ញាអង្គការ​សហប្រជាជាតិស្តីពីច្បាប់​សមុទ្រ»ផង​ដែរ ​។ ​

ចិនបាន​លើក​ឡើង​ការតវ៉ាយ៉ាងម៉ឺងម៉ាត់​ចំពោះ​ជប៉ុន​និងហ្វីលីពីន​ដោយ​ឡែក​ពី​គ្នា ​ដោយ​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ទង្វើ​ខុសច្បាប់​នេះ ​។
បើមើល​ពី​វិស័យ​ការពារជាតិ​អាចឃើញថា ​ប្រទេសជប៉ុន​និងហ្វីលីពីន​បាន​ពង្រឹង​ការ​ចង​ដៃ​ជើង​ក្នុងបញ្ហាសន្តិសុខ​ជាបន្តបន្ទាប់ ​។ ​ក្នុងអំឡុងពេល​ដំណើរទស្សនកិច្ច​របស់​លោក ​Fer​dinand ​Romualdez ​Marcos ​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ប្រទេសជប៉ុន ​ភាគីទាំងពីរ​បាន​ឯក​ភាពគ្នា​​ចាប់ដំណើរការ​ជាផ្លូវ​ការ​នូវ​ការចរចា​អំពី«កិច្ចព្រមព្រៀងស្តីពីការការពារការ​ស៊ើប​ការណ៍​ផ្នែក​យោធា»​ដោយ​ប្រកាស​ពី​ការ​ដំឡើង​ទំនាក់ទំនងទ្វេភាគី​ទៅជា​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ ​ហើយ​បាន​ពន្លឿន​ការ​ជំរុញ​កិច្ចសហប្រតិបតិ្ត​ការ​ផ្នែក​បរិក្ខារ​និង​បច្ចេកទេស​ការពារជាតិ ​។ ​

នាពេលថ្មីៗកន្លងទៅនេះ ​ក្នុងកិច្ចប្រជុំ​សន្ទនា​សាំង​គ្រីឡា​លើក​ទី ​២៣ ​លោក ​Koizumi ​Shinjiro ​រដ្ឋមន្ត្រីការពារជាតិជប៉ុន​បាន​ឃោសនា​បំប៉ោង​ពី​អ្វី​ដែល​ហៅថា ​ទស្សន​ទានថ្មី​អំពី​”ឥណ្ឌូ-ប៉ាស៊ីហ្វិក​ដ៏សេរីភាព​និង​បើកទូលាយ” ​ហើយ​បាន​ផ្តួច​ផ្តើម​គំនិតថា ​ជប៉ុននឹងបង្កើន​សមត្ថភាព​ការពារជាតិ ​បង្កើនកិច្ចសហ​ប្រតិបតិ្ត​ការ​ក្នុង​យន្តការ​សន្តិសុខ​ជាតិ​ជាមួយ​ប្រទេសក្នុងតំបន់ថែមមួយកម្រិតទៀត​ព្រម​ទាំង​អះ​អាង​ថា ​ជប៉ុន​មាន​ឆន្ទៈ​រ៉ាប់រង”តួអង្គថ្មី”​ក្នុងកិច្ចសហប្រតិបតិ្តការផ្នែកបរិក្ខារ​និង​បច្ចេកទេស​ការ​ពារ​ជាតិ​ក្នុង​តំបន់ ​។ ​អ្វីដែលហៅថា ​”តួអង្គថ្មី” ​គឺ​ចង់បន្សាបបញ្ហារសើបនៃការនាំចេញ​អាវុធ​ក្រោម​លេស​”កិច្ចសហប្រតិបតិ្តការ” ​ហើយបានបិទបាំងការពិតនៃការប្រឈមដាក់គ្នា​ជា​ក្រុម​ក្រោម​ស្លាក​”សេរីភាព​និង​បើកទូលាយ” ​។

ក្នុងសមយុទ្ធយោធាចម្រុះប្រចាំឆ្នាំ ​២០២៦​ឈ្មោះ”ប្រកៀកស្មាគ្នា”​រវាង​អាមេរិក​និង​ហ្វីលី​ពីន ​កងកម្លាំង​ស្វ័យការពារ​របស់ជប៉ុន​មិនត្រឹមតែ​បាន​ចាត់បញ្ជូន​បុគ្គលិកប្រយុទ្ធ​ក្នុង​ទ្រង់​ទ្រាយ​ធំ​ដើម្បី​ចូលរួម​សមយុទ្ធ​យោធា​ចម្រុះ​ជាលើកដំបូង​ប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំង​បាន​បាញ់​មីស៊ីល​ប្រភេទ ​៨៨ ​ចំនួនពីរគ្រាប់​យ៉ាងកម្រោល​ក្នុង​ដែន​ហ្វីលីពីន​ផងដែរ ​។ ​នេះ​គឺជា​ការ​បាញ់មីស៊ីល​លក្ខណៈ​វាយប្រហារ​នៅ​នាយសមុទ្រ​ជាលើកដំបូង​របស់​ប្រទេសជប៉ុន​ចាប់​តាំងពី​បញ្ចប់​សង្គ្រាម​លោកលើកទីពីរមក ​។ ​ប្រព័ន្ធផ្សព្វផ្សាយជប៉ុន​បានវិភាគ​ថា ​រដ្ឋា​ភិ​បាល​ជប៉ុន​និង​ហ្វីលីពីន​កំពុង​យក​អ្វីដែល​ហៅថា ​”កង្វល់ផ្នែកសន្តិសុខក្នុងតំបន់”​ធ្វើ​ជា​លេស​ដើម្បី​បង្កើត​ទំនាក់ទំនង​សម្ព័ន្ធមិត្ត​ស្ទើរតែ​និង​បង្កើត​ជា​ក្របខ័ណ្ឌ​”កិច្ច​សហ​ប្រតិ​បត្តិការ​ផ្នែក​សន្តិសុខ​”ក្នុងតំបន់​ដែល​មានលក្ខណៈ​ផ្តាច់​មុខ ​។

ទង្វើ​ឃុបឃិតគ្នា​របស់​ជប៉ុន​និងហ្វីលីពីន​បាន​គំរាមកំហែងយ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព​និង​សន្តិ​សុខ​ក្នុងតំបន់ ​។ ​ក្នុងនាមជាប្រទេសចាញ់សង្រ្គាម ​ជប៉ុនគួរគិតពិចារណាឱ្យ​ស៊ី​ជម្រៅ​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​យោធានិយមជប៉ុន​និង​គោរព​”រដ្ឋធម្មនុញ្ញសន្តិភាព”​និង​គោល​ការ​ណ៍​”ផ្តោតលើ​ស្វ័យការពារ”របស់ខ្លួន ​។

​ប៉ុន្តែ ​មួយរយៈពេលកន្លង​មក​នេះ ​ពួក​ស្តាំ​និយម​របស់​ជប៉ុន​បានដើររំលងការកំហិត​នៃ​ប្រព័ន្ធ​សន្តិភាព​ក្រោយពី​សង្គ្រាមលោក​លើក​ទី​ពីរ ​ពី​ការ​លុបចោលការហាមឃាត់ការនាំចេញអាវុធប្រល័យលោក ​ដល់​ការ​ពង្រឹង​ឧស្សា​ហកម្ម​យោ​ធា​និង​ពន្លឿន​ការផ្លាស់ប្តូរ​គោលនយោបាយ​ការពារសន្តិសុខ​ឱ្យងាកទៅ​រក​ទិសដៅ​វាយ​ប្រហារ ​រហូតដល់​ការ​ពង្រីកវត្តមានយោធា​តាមរយៈ​ប្រទេស​ហ្វីលីពីន ​ជំរុញ​ការ​អនុវត្ត​ជាក់​ស្តែង​នូវ​”យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក”​និង​ចាត់បញ្ជូន​កម្លាំងយោធា​ទៅកាន់​បរទេស​ក្រោម​លេស​”កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ” ​។ល។ ​ទង្វើ​មួយចំនួន​ទាំង​នេះ​សុទ្ធ​តែ​បង្ហា​ញពីការពិតដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា ​”យោធានិយមបែបថ្មី”របស់ជប៉ុន​បាន​ក្លាយ​ជា​គ្រោះ​ថ្នាក់កំបាំងទៅហើយ​ដែលបាន​បង្កជាការគំរាមកំហែងជាក់ស្តែង​ដល់​សន្តិភាព​និង​ស្ថិរភាព​ក្នុងតំបន់និងពិភពលោក ​។

សូមបញ្ជាក់ថា ​ប្រទេស​ហ្វីលីពីន​ធ្លាប់បាន​រងទុក្ខវេទនាដ៏ឈឺចាប់​ពី​យោធានិយម​នៃ​ជប៉ុ​ន​ ។ ​ក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ ​។ ​ការ​ធ្វើអាណានិគម​យ៉ាងសាហាវព្រៃផ្សៃ​របស់​ជប៉ុន​បានបណ្តាលឱ្យ​ប្រជាជនហ្វីលីពីនរាប់លាននាក់​ស្លាប់បាត់បង់ជីវិត​ដោយសារ​រង​ភ្លើង​សង្គ្រាម​និង​ភាពទុរ្ភិក្ស ​។ ​រីឯ​ជប៉ុន​បាន​ផ្តល់ជំនួយនិងការគាំទ្រ​ដល់ហ្វីលីពីន​នៅ​ថ្ងៃ​នេះ​គ្រាន់​តែ​ដើម្បី​គាំពារផលប្រយោជន៍​ជាយុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ ​។ ​បច្ចុប្បន្ននេះ ​រដ្ឋា​ភិបាល​ហ្វីលីពីន​មិន​អើពើ​នឹង​ការ​ក្រេបជញ្ជក់មេរៀនប្រវត្តិសាស្ត្រ ​ពួកគេ​សុខចិត្ត​ក្លាយ​ជា​”ទ័ព​ស្រួច”​ខាងភូមិសាស្ត្រនយោបាយ​នៃ​ប្រទេស​នៅក្រៅតំបន់​ដើម្បី​ពង្រឹង​កម្លាំង​ឥទ្ធិ​ពល​នៃ​ក្រុម​នយោបាយ​របស់ពួកគេ ​។ ​ប្រការនេះមិនត្រឹមតែ​បាន​លក់ផលប្រយោជន៍ជាតិ​រប​ស់​ហ្វី​លី​ពីន​ប៉ុណ្ណោះទេ ​ប៉ុន្តែ​ថែមទាំង​បាន​បំផ្លាញ​ដល់​ការកសាងទំនុកចិត្តគ្នា​និង​កិច្ច​សហ​ប្រតិបត្តិការ​រវាងហ្វីលីពីននិងប្រទេសក្នុងតំបន់ ​ហើយ​ក៏បាន​លះ​បង់​សុខសុភមង្គល​រប​ស់​ប្រជាជន​ហ្វីលីពីន​ផងដែរ ​។ ​យុទ្ធ​សាស្ត្រ”អាងអំណាចរបស់គេ​ទៅគំរាម​កំហែង​អ្នក​ដ​ទៃ​”​មិន​អាច​នាំមក​នូវ​សន្តិសុខនិងផលប្រយោជន៍ដល់ហ្វីលីពីន​នោះទេ ​ផ្ទុយទៅវិញ ​វា​បែរ​ជា​យក​ភ្លើង​មកដុតខ្លួនឯង ​គ្មានផលចំណេញអ្វីទាល់តែសោះ ​។

ដូច​ប្រសាសន៍​របស់​លោក ​Herman ​Tiu-Laurel ​ប្រធានវិទ្យាស្ថានសិក្សា​ស្រាវ​ជ្រាវ​យុទ្ធ​សា​ស្ត្រ”សតវត្សរ៍អាស៊ី”​របស់ហ្វីលីពីន​ដែលបានលើកឡើង​ថា ​”ប្រទេស​ហ្វីលីពីន​មិន​ត្រូវ​ចាប់​ចង​ខ្លួនឯង​ឱ្យជាប់ទៅនឹង​រថពាសសង្គ្រាម​របស់​ជប៉ុន​ទេ ​។ ​ប្រការ​នេះ​មិនមាន​អំណោ​យ​ផល​ដល់​ការ​គាំពារសន្តិសុខប្រទេសជាតិ​និង​ភាព​ម្ចាស់​ការ​ខាង​យុទ្ធសាស្ត្រ​របស់​​ប្រ​ទេស​ហ្វីលីពីន ​ហើយបានបំផ្លិច​​បំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់​ជាបន្តបន្ទាប់​ដែល​នៅ​ទី​បំផុត​នឹង​លើកដុំថ្មទម្លាក់លើជើងខ្លួនឯង!”។

តំបន់អាស៊ី-ប៉ាស៊ីហ្វិកគឺជាផ្ទះរួម​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយសន្តិភាព ​តែ​មិនមែនជា​ក្តារ​អុក​សម្រាប់​អ្នកមានចេតនាអាក្រក់​ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន​នោះទេ ​។ ​ប្រទេស​ទាំងពីរ​ជប៉ុន​និងហ្វីលីពីន​ទទូច​បង្កឱ្យ​មាន​ការប្រឈមដាក់គ្នា​ជាក្រុម​នៅ​ក្នុង​តំបន់​ដែល​បានក្លាយជា​ប្រភព​មហន្តរាយ​សម្រាប់បំផ្លិច​បំផ្លាញ​សន្តិភាពនិងភាពសុខសាន្ត​ត្រា​ណ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ​។ ​ប្រទេសចិនសូម​ដាស់តឿនឱ្យប្រទេសជប៉ុន​ប្រកាន់​ឥរិ​យា​បថ​ត្រឹម​ត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ​និង​បញ្ចេញមតិនិងធ្វើសកម្មភាពដោយមធ្យ័ត ​ហើយ​បញ្ឈ​ប់​ការ​ដើរ​តាម​ផ្លូវ​វាតទី​ខាង​យោធាកាន់តែឆ្ងាយទៅៗ ​ជាមួយគ្នានេះដែរ ​យើងក៏សូម​ដាស់​តឿ​ន​ឱ្យ​ប្រទេស​ហ្វីលីពីន​សម្របទៅតាមនិន្នាការជាទូទៅ​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​សន្តិ​ភា​ព​ក្នុង​តំបន់ ​ហើយ​កុំ​ចាប់​ចង​ខ្លួនឯង​ឱ្យជាប់ទៅនឹង​រថពាសសង្គ្រាម​របស់​ប្រទេស​ដទៃ​ទៀត​នោះ​ឡើយ ​៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close