បណ្តាមន្រ្តីអង្គការសង្គមស៊ីវិលជួបជុំគ្នាស្វែងរកដំណោះស្រាយដីធ្លីកម្រិតតំបន់នៅកម្ពុជា
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី០២ តុលា ២០១២នេះ បណ្តាមន្រ្តីអង្គការសង្គមស៊ីវិលជាង ១០០ប្រទេសមកពីទ្វីបអាស៊ីនិង កម្ពុជា បានមកជួបជុំគ្នានៅកម្ពុជា ដើម្បីចាប់ផ្តើមពិភាក្សានិងស្វែងយល់ពីគ្នាទៅវិញទៅមកលើបញ្ហាដីធ្លីក្នុងតំបន់។
នៅក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពីការជំរុញអភិបាលកិច្ច ផ្នែកដីធ្លីឲ្យមានលក្ខណៈប្រជាធិបតេយ្យដែលផ្តល់ឱកាសយ៉ាងទូលំទូលាយ ជូនដល់អ្នកក្រីក្រដើម្បីទទូលបាននូវសិទ្ធិលើដីធ្លីនិងធនធានទាំងឡាយ ដែលជាកម្មសិទ្ធិរួម លោក ឆាន់ សាផាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានមានប្រសាសន៍ថា នេះគឺជាឱកាសជួបគ្នាស្វែងយល់ពីគ្នាទៅវិញទៅមក និងចែករំលែកនូវចំណេះដឹង ផ្លាស់ប្តូរនូវបទពិសោធន៍ដើម្បីបុព្វហេតុចូលរួមក្នុងការពង្រឹង សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី។
យោងតាមសេចក្តីប្រកាសរួម របស់វេទិកា បានឲ្យដឹងថា ក្នុងកិច្ចពិភាក្សានេះ ពួកគេនឹងធ្វើយ៉ាងណាស្វែងយល់អំពីឱកាស និងការប្រឈមទាក់ទងនឹងវិស័យដីធ្លី ហើយពួកគេនឹងរៀបចំ នូវយុទ្ធសាស្រ្ត និងផែនការសកម្មភាព ដើម្បីកែលំអកម្មវិធីផ្សេងៗ ប្រយោជន៍ធានានូវអភិបាលកិច្ចដីធ្លី ឲ្យមានលក្ខណៈល្អប្រសើរក្នុងតំបន់៕