អូស្ត្រាលីកំពុងធ្វើការជាមួយអាជ្ញាធរលីប៊ីដើម្បីធានាសុវត្ថិភាពជនជាតិអូស្ត្រាលី
រដ្ឋមន្ត្រីការបរទេសអូស្រ្តាលីលោក Bob Carr បានមានប្រសាសន៍ថា មន្ត្រីរបស់ លោកកំពុងធ្វើការជាមួយអាជ្ញាធរលីប៊ីដើម្បីធានាថា បុគ្គលិកជំនួយជនជាតិ អូស្ត្រាលី មួយ រូបគឺលោកស្រី Alexandra Bean នឹងត្រូវគេអនុញ្ញាតឲ្យចាកចេញ ពីប្រទេសលីប៊ី។
ស្រ្តីដែលមានវ័យ៣១ឆ្នាំរូបនេះបានបម្រើការងារឲ្យអង្គការទេសន្តរប្រវេសន៍អន្តរ ជាតិ (IOM) ក្នុងប្រទេសលីប៊ីចាប់តាំងពីខែឧសភាមកម្ល៉េះ ហើយគេបានបញ្ឈប់ ដំណើររបស់ លោកស្រីនៅព្រលានយន្តហោះទីក្រុងទ្រី ប៉ូលី ដែលនៅទីនោះគេ បានរឹបអូសលិខិតឆ្លងដែនរបស់លោកស្រី។
បើ តាមអង្គការ IOM បានឲ្យដឹងថាជនជាតិអូស្ត្រាលីរូបនេះគឺជាសាក្សីដ៏សំខាន់ ក្នុង បទឧក្រិដ្ឋមួយដែលអាជ្ញាធរលីប៊ីកំពុងធ្វើការស៊ើបអង្កេត។
បងប្រុសរបស់នាងលោក James Bean បានមានប្រសាសន៍ថាគេកំពុងឲ្យប្អូន ស្រីរបស់ លោកចុះហត្ថលេខាលើ ឯកសារមួយដែលសរសេរជាភាសាអារ៉ាប់ ប៉ុន្តែលោកស្រីបានប្រកែកប្រសិនបើគ្មានការបកប្រែឯកសារនោះ ជាភាសាអង់គ្លេសទេនោះ។
លោករដ្ឋមន្ត្រី Carr បានមានប្រសាសន៍ថាលោកស្រីនឹងទទួលបាននូវជំនួយដែល លោកស្រីត្រូវការ៕(Radio Australia)