ពលរដ្ឋភៀសសឹក១០០០គ្រួសារនៅជំរំ«បាត់ថ្កៅ» ស្រុកចុងកាល់ ទទួលបានតង់ សម្ភារប្រើប្រាស់ចាំបាច់ គ្រឿងឧបភោគបរិភោគ រួមទាំងថវិកាមួយចំនួន ពីក្រុមហ៊ុន E-GetS
Cambodia News
ឧត្ដរមានជ័យ៖ ក្រុមហ៊ុន E-GetS បានផ្តល់ជំនួយជាតង់ចំនួន ៣០០០ សម្ភារប្រើប្រាស់ចាំបាច់ គ្រឿងឧបភោគបរិភោគ រួមទាំងថវិកាមួយចំនួន ដែលមានទំហំទឹកប្រាក់សរុប១០ម៉ឺនដុល្លារ ដល់ពលរដ្ឋភៀសសឹកកម្ពុជា ១០០០គ្រួសារនៅជំរំ«បាត់ថ្កៅ» ស្រុកចុងកាល់ នាថ្ងៃទី១២ ខែធ្នូនេះ។
ការងារសប្បុរធម៌របស់ក្រុមហ៊ុននេះ គឺទទួលបានការសម្របសម្រួលពីក្លិបអ្នកកាសែតកម្ពុជា (CCJ) ដែលដឹកនាំអ្នកកាសែតជិត៣០រូប មកពីស្ថាប័នចំនួន១៣ ចូលរួមចែកអំណោយ និងធ្វើសេចក្តីរាយការណ៍ព័ត៌មានផ្ទាល់ពាក់ព័ន្ធនឹងពលរដ្ឋភៀសសឹកដែលស្ថិតនៅជំរំ«បាត់ថ្កៅ» នៃស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃទី១២ ខែធ្នូ។ នេះជាបេសកកម្មចំពេលវេលានៃជម្លោះ ព្រំដែនកម្ពុជា-ថៃ ជាពិសេសយោធាថៃបានបើកការវាយប្រហារយ៉ាងខ្លាំងមកលើដែនអធិបតេយ្យភាពកម្ពុជាដែលឈានចូលយប់ថ្ងៃទី៥ហើយ។
បើតាមលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ការដឹកនាំអ្នកកាសែត ពីរាជធានីភ្នំពេញមកដល់ជំរំ«បាត់ថ្កៅ» នៅស្រុកចុងកាល់នេះ គឺដើម្បីឱ្យអ្នកកាសែតយល់ច្បាស់ ពីសភាពជាក់ស្តែងរបស់ជនភៀសសឹកកម្ពុជា ដែលរងគ្រោះដោយសារតែសកម្មភាពឈ្លានពាន ទន្រ្ទានយកទឹកដីកម្ពុជាយ៉ាងគឃ្លើនពីសំណាក់យោធាថៃ។
លោក ពុយ គា បានបញ្ជាក់យ៉ាងដូច្នេះថា «នេះ គឺជាបទពិសោធន៍សំខាន់ណាស់ សម្រាប់អ្នកសារព័ត៌មានដែលចុះមកដល់មូលដ្ឋាន ចុះមកដល់ទីតាំងចំណុចក្តៅដែលមិន នៅឆ្ងាយពីព្រំដែនជម្លោះនៃប្រទេសទាំងពីរ ខណៈយោធាថៃនៅបន្តបាញ់ប្រហារ និងផ្លោងគ្រាប់ចូលកម្ពុជា៕

