អ្នកនាំពាក្យការបរទេសកម្ពុជា អំពាវនាវឲ្យថៃ បញ្ឈប់ការលុកលុយចូលកម្ពុជា

Cambodia News

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស បានអំពាវនាវឲ្យភាគីថៃត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពនានាដែលបាននិងកំពុងបំពានចូលកម្ពុជាដោយខុសច្បាប់អន្តរជាតិ ។

ឯកឧត្តម ជុំ សុន្ទរី អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី១៥ ខែសីហានេះថា សកម្មភាពជាបន្តបន្ទាប់របស់យោធាថៃបំពានចូលមកដែនដីកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាអំពើខុសច្បាប់ ។ ដូច្នេះភាគីថៃត្រូវបញ្ឈប់ជាបន្ទាន់ ។

សំឡេង “កម្ពុជាអំពាវនាវទៅភាគីថៃត្រូវបញ្ឈប់ការលុកលុយ និងការកាន់កាប់មកលើកម្ពុជាដោយខុសច្បាប់។ ក្នុងនោះត្រូវដកកម្លាំងយោធា និងសម្ភារៈនានារបស់ខ្លួនចេញពីទឹកដីកម្ពុជាទៅទីតាំងរបស់ខ្លួនវិញដែលបានកំណត់ដោយច្បាប់ ។ ថៃក៏ត្រូវគោរពដោយពេញលេញចំពោះកាតព្វកិច្ចទ្វេភាគី និងអន្តរជាតិដែលមានសុពលភាពលើផ្នែកច្បាប់រួមទាំងកិច្ចព្រមព្រៀងបទឈប់បាញ់” ។

សម្រាប់កម្ពុជាវិញ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលឯកឧត្តមអ្នកនាំពាក្យប្តេជ្ញាចិត្តឥតងាករេចំពោះការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របទៅតាមច្បាបា់អន្តរជាតិ ។
ឯកឧត្តមបានអះអាងថា កម្ពុជានៅតែមានភាពដាច់ខាតចំពោះព្រំប្រទល់កម្ពុជា-ថៃគឺមិនអាចផ្លាស់ប្តូរដោយប្រើប្រាស់កំលាំងយោធាឡើយ។

ពាក់ព័ន្ធព្រំដែននេះដែរ បើតាមលោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាគឺថា កាលពីថ្ងៃទី១៥ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងអនុព័ន្ធយោធាប្រទេសផ្សេងៗទៀតមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា រួមមាន ៖ ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម បានអញ្ជើញចុះសង្កេតការណ៍នៅច្រកព្រំដែនអានសេះ ខេត្តព្រះវិហារ ដែលយោធាថៃបាននិងកំពុងរាយបន្លាលួស ព្រមទាំងបន្ថែមកម្លាំងទ័ពក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕

Related Articles

Back to top button
Close
Close