ក្រោយឆ្លងកាត់ការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥ បានរកឃើញបេក្ខជនឆ្នើមតំណាងឲ្យប្រទេសកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិ
Cambodia News/
ក្រោយឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញពេញមួយថ្ងៃ កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥ បានរកឃើញបេក្ខជនឆ្នើមដែលមានសមត្ថភាព និងដែលអាចតំណាងឲ្យប្រទេសកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិ។
“កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥-Cambodia National Cybersecurity Competition 2025” បានឆ្លងកាត់វគ្គជម្រុះជាបន្តបន្ទាប់ និងឈានទៅប្រកួតវគ្កផ្តាច់ព្រ័ត្រដែលប្រព្រឹត្តទៅកាលពីម្សិលមិញនេះ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។
លទ្ធផលចុងក្រោយ បេក្ខជនចំនួន ៥ រូបត្រូវបានប្រកាសជាប់ជាជយលាភីក្នុងចំណោមបេក្ខជនបេក្ខនារីចំនួន ១០០ នាក់ដែលចូលរួមប្រកួតប្រជែង។ ក្រៅពីជយលាភីទាំង ៥ រូប កម្មវិធីក៏បានជ្រើសរើសបេក្ខជនបេក្ខនារីឆ្នើមចំនួន ១៥ រូប បន្ថែមទៀត ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេសផ្នែកសន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល ៤ ខែ សម្រាប់ត្រៀមប្រកួតវគ្គបន្ទាប់ទៀត ដែលក្នុងចំណោមបេក្ខជនទាំង ២០ រូប នឹងជម្រុះយកតែ ៤ នាក់ ដើម្បីតំណាងប្រទេសកម្ពុជាចេញទៅចូលរួមប្រកួតប្រជែងវគ្គអាស៊ាន (ASEAN ROUND) និងវគ្គអាស៊ានសាយប័រស៊ីហ្គេម (ASEAN Cyber SEA Game) ដែលរៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សម្រាប់កសាងសមត្ថភាពសន្តិសុខសាយប៊័រ ASEAN- Japan Cybersecurity Capacity Building Centre (AJCCBC) នៅប្រទេសថៃអំឡុងខែតុលាខាងមុខនេះ។
“កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥-Cambodia National Cybersecurity Competition 2025” មានវិញ្ញាសាប្រកួតដែលតម្រូវឱ្យអ្នកចូលរួមដោះស្រាយបញ្ហាសន្តិសុខសាយប៊័រ (Cybersecurity Challenges) ទៅលើដែនដូចជាវិស្វកម្មបញ្ច្រាស (Reverse Engineering) គ្រីបតូក្រាហ្វ៊ី (Cryptography) សន្តិសុខគេហទំព័រ (Web Security) កោសល្យវិច្ច័យ (Forensics) ឬការវាយប្រហារលើកម្មវិធីប្រព័ន្ធ Binary (Binary Exploitation) ជាដើម ដោយស្វែងរកបំណែកព័ត៌មានហៅថា “Flag” ដែលលាក់នៅក្នុងលំហាត់នីមួយៗ។
“កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥-Cambodia National Cybersecurity Competition 2025″ រៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គោលដៅដើម្បីជំរុញការយល់ដឹង និងពង្រឹងសមត្ថភាព ចំណេះដឹង និងការលើកកម្ពស់មូលធន ឌីជីថលនៅក្នុងវិស័យសន្តិសុខសាយប័រក្នុងប្រទេសកម្ពុជានិងក្នុងតំបន់៕