បទវិភាគ៖មើលពីភាពនឹងនរនិងជំនឿចិត្តតាមរយៈកំណើន៥ភាគរយ

Cambodia News/

កាលពីថ្ងៃទី៥ខែមីនា របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំ២០២៥ដែលរដ្ឋាភិបាលចិនបានដាក់ជូនសភាតំណាងប្រជាជនទូទាំងប្រទេសចិនដែលជាស្ថាប័នអំណាចកំពូលរបស់ចិនពិនិត្យពិភាក្សា បានទាក់ទាញក្រសែភ្នែករបស់ពិភពលោក ។

អ្វីដែលត្រូវគេយកចិត្តទុកដាក់បំផុតគឺចិនបានកំណត់គោលដៅរំពឹងទុកសម្រាប់កំណើន GDP គឺប្រហែល៥ភាគរយ។ មានប្រព័ន្ធសារព័ត៌មានបរទេសបានផ្សាយដំណឹងឱ្យដឹងថា គោលដៅនេះគឺសមស្របនឹងការប៉ាន់ប្រមាណក្នុងទីផ្សារ ហើយបានរក្សាបាននូវភាពដូចគ្នាជាមួយនឹងរយៈពេលពីរឆ្នាំកន្លងទៅនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការលំនឹងឱកាសការងារ បង្ការហានិភ័យនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ព្រមពេលជាមួយគ្នានេះ ក៏បានបម្រើដល់គោលដៅអភិវឌ្ឍន៍រយៈពេលមធ្យមនិងវែងដែរ ។

តើត្រូវវាយតម្លៃយ៉ាងណាចំពោះ “គោលដៅប្រហែល៥ភាគរយ”នេះ? គឺត្រូវមើលពីផ្នែកទិន្នន័យផង ហើយក៏ត្រូវមើលពីផ្នែកខ្លឹមសារផងដែរ ។

នៅឆ្នាំ២០២៤ដែលទើបកន្លងទៅនេះ ផលិតផលក្នុងស្រុកសរុប(GDP)របស់ចិនបានកើនឡើង៥ភាគរយ ល្បឿនកំណើនកាន់ឋានៈឈានមុខគេក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោក ។

បច្ចុប្បន្ននេះ បរិយាកាសខាងក្រៅមានសភាពកាន់តែស្មុគ្រស្មាញនិងតឹងរ៉ឹង ប៉ុន្តែចិននៅតែកំណត់គោលដៅកំណើនប្រហែល៥ភាគរយដដែល ។ នេះបានបង្ហាញពីអាកប្បកិរិយាតស៊ូព្យាយាមរបស់ចិន គឺជាសក្សីនៃជំនឿចិត្តនិងកម្លាំងជាក់ស្តែងនៃសេដ្ឋកិច្ចចិន ហើយក៏បំពេញបន្ថែមជំនឿចិត្តនិងកម្លាំងសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកដែរ ។

អត្ថន័យនៃ “ប្រហែល៥ភាគរយ”នេះក៏បានបង្ហាញឱ្យឃើញនៅត្រង់ការងារនីមួយៗនៃការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនដែរ ។ ក្នុងភារកិច្ចការងារធំៗចំនួន១០ដែលរដ្ឋាភិបាលចិនបានដាក់ចេញនៅឆ្នាំនេះ អ្វីដែលកាន់លំដាប់ថ្នាក់ទីមួយគឺការជំរុញការប្រើប្រាស់ដោយពេញទំហឹង លើកកម្ពស់ផលចំណេញនៃការវិនិយោគនិងពង្រីកតម្រូវការក្នុងស្រុកដោយគ្រប់ជ្រុងជ្រោយ ។ រីឯការជំរុញការប្រើប្រាស់គឺជាភារកិច្ចសំខាន់បំផុតក្នុងការពង្រីកតម្រូវការផ្ទៃក្នុងនិងធ្វើឱ្យវដ្ដវិលជុំធំក្នុងស្រុកកាន់តែខ្លាំងក្លា ។

មិនត្រឹមតែប៉ុណ្ណោះទេ អត្ថន័យនៃ“ប្រហែល៥ភាគរយ”ក៏បានបង្ហាញលើពាក្យ “វៃឆ្លាត”ដែរ ។ ក្នុងបញ្ជីឈ្មោះនៃ “រោងចក្រជឿនលឿនបំផុត”(Lighthouse Network)មួយក្រុមថ្មីដែលវេទិកាសេដ្ឋកិច្ចពិភពលោកបានប្រកាសកាលពីខែតុលាឆ្នាំ២០២៤ មានសហគ្រាសផលិតកម្មចំនួន២២ចូលរួម ក្នុងនោះ រោងចក្រមកពីប្រទេសចិនមានចំនួនជិត៦០ភាគរយ ។

ពេលថ្មីៗកន្លងទៅនេះ DeepSeek ដែលជាកម្មវិធីខាងបញ្ញាសិប្បនិម្មិតរបស់ចិនមានភាពសន្ទុះខ្លាំងក្លា ដែលនាំឱ្យពិភពលោកឃើញលក្ខណៈច្នៃប្រឌិតថ្មីនិងភាពបរិយាប័ន្នរបស់ចិនក្នុងការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។
របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំនេះបានលើកឡើងជាច្រើនលើកអំពីការអភិវឌ្ឍនៃបញ្ញាសិប្បនិម្មិត រួមមានទាំងគាំទ្រការប្រើប្រាស់យ៉ាងទូលំទូលាយនូវម៉ូដែលធំ និងអភិវឌ្ឍយ៉ាងពេញទំហឹងនូវរថយន្តថាមពលថ្មីក្នុងបណ្តាញឆ្លាតវៃ ទូរស័ព្ទដៃនិងកុំព្យូទ័របញ្ញាសិប្បនិម្មិតនិងមនុស្សយន្តវៃឆ្លាតជាដើម ។

បើនិយាយចំពោះប្រទេសចិន ឆ្នាំ២០២៥ជាឆ្នាំគន្លឹះមួយទៀត ព្រោះថា “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤”ជិតនឹងបញ្ចប់ ហើយ“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”នឹងចាប់ផ្តើមរៀបចំ ។

ភារកិច្ចគឺធ្ងន់ណាស់ បើចង់សម្រេចបាននូវគោលដៅអភិវឌ្ឍន៍គ្រប់ផ្នែកគឺមិនងាយទេ ចាំបាច់ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងលំបាកលំបិន ។ ប៉ុន្តែការអភិវឌ្ឍរបស់ចិនគ្មានឧបសគ្គណាដែលមិនអាចឆ្លងផុតបានឡើយ បូកសរុបលក្ខខណ្ឌនានាអាចឃើញថា ចិនពោរពេញទៅដោយជំនឿចិត្តចំពោះការសម្រេចបាននូវគោលដៅកំណើននៅឆ្នាំនេះ ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close