១១​​ឆ្នាំ​​ក្រោយ​​ពី​​មហា​ភេរវកម្​​​ ​ World Trade center​ ​​ថ្មី​​លេច​​ចេញ​​រូប​រាង​​ហើយ​​

ទីក្រុង New York រំលឹកខួប១១ឆ្នាំនៃមហាភេរវកម្មថ្ងៃ១១កញ្ញា២០០១។ ១១ ឆ្នាំ ក្រោយមក សង្កាត់នៃ World Trade center បានផ្លាស់ប្តូររូបរាងខ្លួនយ៉ាង សម្បើមអស្ចារ្យ។ ឥឡូវនេះ អគារថ្មីៗដ៏ខ្ពស់ស្កឹមស្កៃដែលបានសាងសង់នៅ ទីនេះក៏បានជិតចប់សព្វគ្រប់អស់ហើយដែរ។ រីឯ ដានស្មាមដែលបន្សល់ទុក ក្រោយ ពី មហាភេរវកម្មនៅម្តុំក្រុងManhattan ក៏កំពុងតែរលាយបាត់បង់បន្តិចម្តងៗ ហើយដែរ។

ប្រជាជនអាមេរិកាំងនៅទីក្រុង New York ឈប់និយាយទៀតហើយ ពាក្យ Ground zéro ទីកន្លែងដែលត្រូវទទួលរងមហន្តរាយគ្មានសេសសល់ ដោយមហាភេរវ កម្មថ្ងៃ១១កញ្ញាឆ្នាំ២០០១។តែឥឡូវនេះគេត្រឡប់មកនិយាយជាពាក្យសាមញ្ញ ថា World Trade center។   អគារដ៏ខ្ពស់ស្កឹមស្កៃ ខ្ពស់ អសារ្យ ចំនួន៤ ដែល ត្រូវបានសាងសង់ ក្នុងសង្កាត់  Manhattan បានលេចចេញជារូបរាងមកដាក់ជំនួស អគារភ្លោះក្នុងអតីតកាល។

អគារ World Trade center ថ្មីដែលមាន កំពស់ ១០៤ ជាន់ ត្រូវបានគេប្រសិទ្ធនាម ឲ្យថា « Freedom Tower » ឬ “អគារសេរីភាព” និង ដែលជាអគារមួយដ៏ខ្ពស់ ជាងគេ បំផុតនៅទីក្រុងNew York។នៅម្តុំជុំវិញការដ្ឋានសាងសង់នៃសង្កាត់Manhattan ក្នុងទីក្រុង New York  “ជីវភាព បានចាប់ផ្តើមមានសកម្មភាពឡើងវិញហើយ”-នេះ ជាការអះអាងរបស់លោក Dara McQyullan -អ្នកអភិវឌ្ឍន៍ម្នាក់នៃទីអគារ World Trade center ថ្មី ដោយ បានបញ្ជាក់បន្ថែមទៀតថា “ក្រោយពីមហាភេរវកម្ម ១១កញ្ញាមក មានការផ្លាស់ប្តូរមួយដ៏សម្បើមអស្ចារ្យ គឺប្រជាជននៅ សង្កាត់ Manhattan បានកើនចំនួនជាទ្វេគុណគឺ ពីចំនួន ៣ម៉ឺននាក់ ដល់ ៦ម៉ឺននាក់។ យោងតាម លោក Dara McQyullan ដដែល   “ គឺពុំមែនមានតែអគារប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺសង្កាត់ Manhattan ទាំងមូលតែម្តង ដែលបានផ្លាស់ប្តូរមុខមាត់ ថ្មី »។

ដោយឡែក ការដ្ឋានសាងសង់សារមន្ទីរ ១១កញ្ញា » នៅតែផ្អាកគ្មានដំណើរ ការដដែល ដោយហេតុតែមានជម្លោះទាស់ទែងគ្នាអំពី ហិរញ្ញវត្ថុរវាងក្រុង និង រដ្ឋ New York ។ ជាការពិតឥតសង្ស័យឡើយ គឺ គេត្រូវរង់ចាំពេលវេលាជាច្រើន ឆ្នាំ ខាងមុខទៀត មុននឹងការដ្ឋាននៃសារមន្ទីរ១១កញ្ញា នឹងត្រូវសាងសង់ចប់ សព្វគ្រប់ ផ្ទុយទៅវិញ World Trade Center ពីអំណេះតទៅមានមុខមាត់មួយ ហើយ៕ ដោយ នុយ ប៊ែរណាដែត (RFI)

Related Articles

Back to top button
Close
Close