ប៉េកាំង​បញ្ជូន​នាវា​ល្បាត​ទៅ​ប្រជុំ​កោះ​មាន​ជម្លោះ​ជាមួយ​តូក្យូ

នាវាល្បាតពីរគ្រឿងត្រូវបានក្រុង ប៉េកាំងបញ្ជូនទៅកាន់សមុទ្ទចិនខាងកើត ជិត ប្រជុំកោះជាប់ជម្លោះជាមួយនឹងជប៉ុន។ នេះបើតាមភ្នាក់ងារសារព័ត៌មានចិនថ្មី ចេញផ្សាយថ្ងៃអង្គារនេះ ដោយគូសបញ្ជាក់បន្ថែមទៀតថា ចិនបញ្ជូននាវា យោធា ក្នុងពេលទន្ទឹមគ្នានឹងការប្រកាសរបស់រដ្ឋាភិបាលទិញកូនកោះបីនៃ ប្រជុំកោះសេនកាគូជប៉ុន ឬ ទាវយូជាភាសាចិន។

ការបញ្ជូននាវាទៅល្បាតនៅប្រជុំកោះជាប់ជម្លោះ ជាសារមួយ បញ្ជាក់ យ៉ាងច្បាស់លាស់អំពីបូរណភាពដែនដីចិនដូចប្រសាសន៍ព្រមានរបស់លោកនាយក រដ្ឋមន្ត្រីចិន វេន ជាវប៉ាវ ម្សិលមិញ ថា “ប៉េកាំងមិនបណ្តោយឱ្យបាត់ដី សូម្បីតែមួយសង់ទីម៉ែត្រការ៉េ” ទៅខាងជប៉ុនឡើយ។ តាមពិតនាវាដែលបញ្ជូនទៅ នោះ ជាមិនមែនជានាវាចម្បាំងនៃកងទ័ពជើងទឹកទេ តែជានាវារបស់រដ្ឋបាលមហា សាគរ ក្រោមបង្គាប់ក្រសួងដែនដីនិងធនធានធម្មជាតិ។

សូមបញ្ជាក់ថា កោះទាវយូ ហៅតាមចិន ឬ សេនកាគូ ហៅតាមជប៉ុន ស្ថិត ក្រោមរដ្ឋបាលក្រុងតូក្យូ ប៉ុន្តែចិន និងតែវ៉ាន់ តែទាមទារយកមកវិញ។ ម្សិល មិញ និងជាថ្មីទៀតនៅថ្ងៃអង្គារនេះ រដ្ឋាភិបាលជប៉ុនបានប្រកាសបំពេញសំណុំ ឯកសារចប់សព្វគ្រប់ លើកិច្ចព្រមព្រៀងទិញកោះតូចបីៗ ពីបុគ្គលឯកជនជនជាតិ ជប៉ុន មកធ្វើជាសម្បត្តិរដ្ឋហើយ។

ចិនបញ្ចេញប្រតិកម្មជាទ្រង់ទ្រាយធំ ចំណែកតៃវ៉ាន់ក៏មិននៅស្ងៀម។ ថ្ងៃនេះ តៃវ៉ាន់បានប្រកាស តាមរយៈរដ្ឋមន្ត្រីការបរទេសថា ទង្វើរបស់តូក្យូ ជាសេចក្តី សម្រេចជាឯកតោភាគី និងខុសច្បាប់ ដែលនាំឱ្យមានការប្រឆាំងជាដាច់ខាត ប្រឆាំង នឹងការទិញមកធ្វើជាសម្បត្តិរដ្ឋ ដោយរដ្ឋាភិបាលជប៉ុន ព្រោះប្រជុំកោះ ទាវយូ ជារបស់ចិនសាធារណរដ្ឋ (ឈ្មោះជាផ្លូវការតៃវ៉ាន់)។

ក្រៅពីសម្បូរទៅដោយធនធានមច្ឆានិងឧស្ម័នធម្មជាតិក្រោមដីការ ដណ្តើម គ្រប់គ្រងប្រជុំកោះសេនកាគូ ឬទាវយូ ដែលស្ថិតនៅចម្ងាយ២០០០គ.ម.ពីប្រទេស ជប៉ុន និង២០០គ.មពីតៃវ៉ាន់នេះ ជាជម្លោះដណ្តើមយុទ្ធសាស្ត្រគ្នាទៀត។ កាលពីឆ្នាំ២០១០ មហាយក្សអាស៊ី ចិន-ជប៉ុន បានប៉ះទង្គិចគ្នាយ៉ាងខ្លាំង ព្រោះ ប្រជុំកោះនេះ៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close