អត្ថាធិប្បាយ៖ វិស័យព័ត៌មានកម្ពុជា-ចិនកាន់តែមានភាពសកម្ម និងរស់រវើក
Camvodia News/
ភ្នំពេញ៖ ផ្តើមចេញពីការរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងចិនលើគ្រប់វិស័យ ក្នុងនោះវិស័យព័ត៌មាន នៃប្រទេសទាំងពីរក៏ត្រូវបានគេមើលឃើញថា កាន់តែមានសកម្មភាពយ៉ាងកម្ម និងរស់រវើកឥតឈប់ឈរ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងប្រជាជននៃប្រទេសយើងទៅវិញទៅមក។
សកម្មភាពជាច្រើនបានស្តែងចេញជាលទ្ធផលជាបន្តបន្ទាប់តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនៈកិច្ចចាប់តាំងពីថ្នាក់ដឹកនាំក្រសួងព័ត៌មានកម្ពុជា និងចិន ការផ្លាស់ប្ដូរទស្សនកិច្ចរវាងអ្នកសារព័ត៌មានក្នុងវិស័យ នសប្រទេសទាំងពីរ ការរួមគ្នារៀបចំសិក្ខាសាលា ការផ្លាស់ប្ដូរនូវព័ត៌មានកាន់តែសម្បូរបែប និងទាន់សកម្មភាពការណ៍។
សមាគម កាសែត វិទ្យុមិត្តភាពកម្ពុជាចិន សារព័ត៌មានអនឡាញកម្ពុជា-ចិនជាច្រើនត្រូវបានបង្កើតជាស្ថាប័ននីតិបុគ្គលស្របច្បាប់កម្ពុជាដើម្បីអាចធ្វើសកម្មភាពផ្សេងៗផ្តោតលើវិស័យព័ត៌មាន ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបចុងក្រោយនេះ។
ក្នុងកិច្ចប្រជុំរួមប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំង ៦ នៃបណ្តាប្រទេសឡានឆាង – មេគង្គឆ្នាំ២០២៤ ស្ដីពី “សមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃដើម្បីបង្កើតអនាគត“ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មានមានប្រសាសន៍ថា ស្ថិតក្នុងយុគសម័យសារព័ត៌មានឌីជីថល ប្រព័ន្ធផ្សព្វផ្សាយក្លាយជាឧបករណ៍ដ៏សំខាន់បំផុតក្នុងការភ្ជាប់ មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិង ប្រជាជន។
ការរៀបចំប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ ក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ មិនមែនត្រឹមតែសំដៅលើការរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗទេ ប៉ុន្តែវាជារបត់ថ្មីមួយជួយដល់ស្ថាប័នសារព័ត៌មាន និងផ្សព្វផ្សាយ អាចបំពេញតាមតម្រូវការរបស់សាធារណជន តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិមិត្ត AI និងបច្ចេកវិទ្យាឌីជីថល ថែមទៀតផង។
ឯកឧត្តមបញ្ជាក់ថា ៖ « កន្លងមកនេះ កម្ពុជា និងចិនបានពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាផ្នែកសារព័ត៌មាននេះ ទាំងក្នុងក្របខណ្ឌអង្គភាពចំណុះក្រសួងព័ត៌មាន រួមមាន៖ វិទ្យុជាតិកម្ពុជា និងទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា សុទ្ធតែមានទំនាក់ទំនងល្អធ្វើការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមកជាមួយសារព័ត៌មានរដ្ឋចិន»។
លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាមានប្រសាសន៍ថា កន្លងមកវិទ្យុជាតិកម្ពុជា និងវិទ្យុសំឡេងឈូងសមុទ្រ ប៉ីពួរ(Beibu) នៃស្ថានីយវិទ្យុនិងទូរទស្សន៍ក្វាងស៊ី មានកិច្ចសហប្រតិបត្ដិការជាមួយគ្នាយ៉ាងល្អប្រសើរ ក្នុងនោះវិទ្យុជាតិកម្ពុជាបានផ្ដល់ការិយាល័យធ្វើការ និងជួយផ្សព្វផ្សាយរឿងភាគនិទានចិន បទយកការណ៍ និងផ្លាស់ប្ដូរព័ត៌មានសំខាន់ៗជាច្រើនទៀតជាយគ្នា ។
លោកជំទាវបញ្ជាក់ថា ការរីកចម្រើននៃវិស័យព័ត៌មាននេះ ផ្តើមចេញពីទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជានិងចិន ខណៈដែលទំនាក់ទំនង នៃប្រទេសយើងទាំងពីរត្រូវបានចាត់ទុកជាកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយទៅហើយ។
លោកជំទាវបញ្ជាក់ថា ៖ « ចំពោះទំនាក់ទំនងកម្ពុជាចិនកាន់តែរឹងមាំផ្តើមចេញពីទំនាក់ទំនងដែកថែប ទៅជាទំនាក់ទំនងឆកោណត្បូងពេជ្រ ហើយថ្មីៗនេះទៀតសម្តេចមហាបវរធិបតីលោកបានហៅទំនាក់ទំនងកម្ពុជា-ចិន នេះទៅជាបេតិកភណ្ឌមួយហើយសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ឆ្នាំ២០២៤នេះ ជាឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជាចិន ។ ដោយមានអ្នកទេសចរ អ្នកសារព័ត៌មានចិនជាច្រើនបានមកកម្ពុជាដើម្បីទស្សនា និងផ្សព្វផ្សាយព័ត៌មានពីប្រាសាទអង្គរវត្តយើង។ ដូច្នេះទំនាក់ទំនងរបស់យើងកាន់តែស៊ីជម្រៅ។ »
aលោកស្រី Wen Hongren នាយិកា វិទ្យុសំឡេងឈូងសមុទ្រ Beibu នៃស្ថានីយវិទ្យុ និងទូរទស្សន៍ ក្វាងស៊ី បានលើកឡើងថា ទូរទស្សន៍ក្វាងស៊ីបានធ្វើកិច្ចសហប្រតិបត្តិការជាមួយទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជាជាច្រើនឆ្នាំមកហើយ។ ក្នុងនោះយើងបានសហការគ្នាផលិតជាមាតិកា និងកម្មវិធីផ្សេងៗ ។
លោកស្រីបង្ហាញក្តីសង្ឃឹមថា ថ្ងៃអនាគត ចិននឹងសហការជាមួយកម្ពុជាលើផ្នែកAI VA ជួយជំរុញដល់វិស័យសារព័ត៌មាន នៃប្រទេសទាំងពីរឱ្យរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ អ្នកសារព័ត៌មាននៃទូរទស្សន៍ក្វាងស៊ីបានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីវិស័យព័ត៌មានកម្ពុជា និងបានផ្សព្វផ្សាយពីវិស័យទេសចរណ៍ វប្បធម៌កម្ពុជាទៅកាន់ប្រជាជនចិនជាបន្តបន្ទាប់។
សរុបសេចក្តីមកការផ្លាស់ប្ដូរវិស័យព័ត៌មានរវាងកម្ពុជា និងចិនបានផុលផុស ក្នុងរយៈពេលចុងក្រោយនេះ ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅក្នុងសមរភូមិស្លាបប៉ាកកា ពីព្រោះថា វិស័យព័ត៌មានបាន ដើរតួនាទីសំខាន់ ដើម្បីចែករំលែកនូវព័ត៌មានពិត និងដំណឹងផ្សេងៗ។ ដូច្នេះ ហើយបានជាប្រជាជនខ្មែរមួយចំនួនតែងតែនិយាយបែបសាមញ្ញថា ពេលរៀបចំកម្មវិធីអ្វីមួយ បើគ្មានអ្នកសារព័ត៌មានផ្សព្វផ្សាយ ហាក់បីដូចជាធ្វើបុណ្យគ្មានម៉េក្រូអ៊ីចឹងដែរ៕ (លោកចេម វឌ្ឍនា វិទ្យុមិត្តភាពកម្ពុជាចិន)