សន្និសីទ«ខេត្ត-ក្រុងមេត្រីភាពកម្ពុជា-ចិន»នៅខែក្រោយនេះនឹងពង្រឹងកម្លាំងនៃកិច្ចសហប្រតិបត្តិការក្នុងនាមរដ្ឋបាលខេត្តក្រុងរវាងប្រទេសយើងទាំងពីរ

Cambodia News/

ភ្នំពេញ៖ អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរំពឹងថា ការរៀបចំនូវសន្និសីទ«ខេត្ត-ក្រុងមេត្រីភាពកម្ពុជា-ចិន»នៅខែក្រោយនេះនឹងពង្រឹងកម្លាំងនៃកិច្ចសហប្រតិបត្តិការក្នុងនាមរដ្ឋបាលខេត្ត-ក្រុងរវាងប្រទេសយើងទាំងពីរឱ្យកាន់តែរឹងមាំទ្វេដង។

ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនព្រឹកថ្ងៃទី២៥ខែតុលានេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនមានប្រសាសន៍ថា ខេត្តសៀមរាប នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ«ខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន»ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជាកាន់តែច្រើន។

ការរលើកឡើងបែបនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍អនុញ្ញាតឱ្យសមាគមមិត្តភាពកម្ពុជា-ចិន ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤ ហើយតម្រូវឱ្យមានការសហការជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។

ក្រោយពីទទួលបានការឯកភាពនេះរួចមក គឺកាលពីសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នាទីស្នាក់ការកណ្តាលសមាគមមិត្តភាពកម្ពុជា-ចិនមានរៀបចំ«កិច្ចប្រជុំរៀបចំគណៈកម្មាធិការចំពោះកិច្ចដើម្បីត្រៀមរៀបចំសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤» ក្រោមក្រោមអធិបតីភាពឯកឧត្តម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាលនិងជា ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងថ្នាក់នាំជាច្រើនរូបនៃសមាគម។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា សន្និសីទ«ខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន»ឆ្នាំ២០២៤ នេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា និងចិន៖
លោកបណ្ឌិតបញ្ជាក់បែបនេះថា ៖ «ទី១-អបអរសាទរឆ្នាំកិច្ចសហប្រតិបត្តិការរវាងប្រជាជន និង ប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤។ ទី២-រួមកម្លាំងរវាងសមាគមមិត្តភាពកម្ពុជា-ចិន ដើម្បីបង្កើនមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៃបណ្តាសង្គមស៊ីវិលនានាក្នុងក្របខណ្ឌនៃការតភ្ជាប់ដួងចិត្តរវាងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន។ ទី៣ -ពង្រឹងកម្លាំងនៃកិច្ចសហប្រតិបត្តិការក្នុងនាមរដ្ឋបាលខេត្តក្រុង រវាងប្រទេសយើងទាំងពីរ ដើម្បីបង្កើនការវិនិយោគ ទេសចរ លើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាដើម្បីទទួលបាននូវការរួមគ្នាកិច្ចកសាងសហគមន៍ជោគវាសនារួមគ្នា នៃមនុស្សជាតិ។ ទី៤- ផ្សព្វផ្សាយឱកាស សក្តានុពលវិនិយោគរបស់កម្ពុជាជូនទៅដល់មិត្តចិន តាមរយៈសហគ្រាស ប្រតិបត្តិករទេសចរណ៍ ដែលគណៈប្រតិភូចិននឹងអញ្ជើញមកទស្សនា និងចូលរួមសន្និសីទនេះ និងទី៥-ពន្លាតការផ្សព្វផ្សាយកាន់តែទូលំទូលាយព្រពៃណីយ ទំនាមទំលាប់របស់កម្ពុជា ជូនដល់ពិភពលោកតាមរយៈមិត្តចិន និងតាមរយៈការផ្សព្វផ្សាយពីបណ្តាញសារព័ត៌មានរបស់កម្ពុជា និងចិនផងដែរ។»

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ននេះរៀបចំឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញយុទ្ធនាការ ផ្សព្វផ្សាយ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជាចិន២០២៤» និងយុទ្ធនាការឆ្នាំទស្សនាសៀមរាប ២០២៤ សំដៅទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត ៕

Related Articles

Back to top button
Close
Close