លទ្ធផលជំនួបលើកទី១ រវាង ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ជាមួយលោក David Verbiwski ភារធារីនៃតំណាងការិយាល័យស្ថានទូតកាណាដាប្រចាំកម្ពុជា
Cambodia News/
ភ្នំពេញ: នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យលោក David Verbiwski ភារធារីនៃតំណាងការិយាល័យស្ថានទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នៅសាលប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ដែលនេះគឺជាជំនួបលើកទី១ រវាង គ.ស.ម.ក. និងតំណាងស្ថានទូតប្រទេសកាណាដាប្រចាំ ប្រទេសកម្ពុជា។
កិច្ចប្រជុំនេះ បានផ្តោតលើតួនាទីសំខាន់ៗរបស់ គ.ស.ម.ក. និងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសិទ្ធិមនុស្សរវាងគ.ស.ម.ក. និងស្ថានទូតប្រទេសកាណាដាប្រចាំប្រទេសកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ចំពោះលោក David Verbiwski និង សហការី និងបានគូសបញ្ជាក់អំពីឆន្ទៈយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការ ការពារសិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័ន និងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីតួនាទីសំខាន់ៗ របស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ដូចជា ការទទួលពាក្យបណ្តឹង ការចុះស៊ើបអង្កេត និងដោះស្រាយ ពាក្យបណ្តឹង ការចុះផ្សព្វផ្សាយអប់រំអំពីសិទ្ធិមនុស្ស ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សជាប្រចាំនៅកន្លែង ឃុំឃាំង និងការរៀបចំសរសេររបាយការណ៍សិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ។ បន្ថែមពីនេះ គ.ស.ម.ក. ក៏បានផ្តល់ជាជំនួយផ្នែកច្បាប់ តាមរយៈក្រុមមេធាវីស្ម័គ្រចិត្តរបស់ខ្លួន ដោយបានផ្តល់កិច្ចអន្តរាគមន៍ ទាំងផ្នែកមនុស្សធម៌និងផ្នែកច្បាប់ ដល់ជនងាយរងគ្រោះ ដូចជា ជនក្រីក្រ ស្ត្រី កុមារ ជនមានពិការភាព និងជនជាប់ឃុំដែលគ្មានមេធាវី ជាដើម។ លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីការចូលរួម របស់ប្រទេសកម្ពុជាជាមួយប្រទេសបារាំងនិងអាល្លឺម៉ង់ ក្នុងការគាំទ្រលើសេចក្តីថ្លែងការណ៍រួម ស្តីពីការឈប់ ដាក់ទោសទណ្ឌជាសកលចំពោះជនស្រឡាញ់ភេទដូចគ្នា។
ក្នុងកិច្ចជំនួបនេះ លោក David Verbiwski បានកោតសរសើរចំពោះ គ.ស.ម.ក. ក្នុងការខិតខំលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលឈានមុខក្នុងការលើកកម្ពស់ និងការការពារសិទ្ធិក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ បន្ថែមពីនេះ លោក David Verbiwski បានលើកឡើងពី វិស័យមួយចំនួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និងស្ថានទូតប្រទេសកាណាដាប្រចាំ ប្រទេសកម្ពុជា ដូចជា ការកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការគាំពារសេវាសុខភាពមាតានិង ទារក សិទ្ធិការងារ សិទ្ធិបរិស្ថាន និងការអនុវត្តអនុសាសន៍ Universal Periodic Review (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការ ដោយការចាត់តាំងជនបង្គោល របស់ គ.ស.ម.ក. និងស្ថានទូតប្រទេសកាណាដាប្រចាំកម្ពុជា ការកសាងសមត្ថភាពក្រុមមេធាវីស្ម័គ្រចិត្ត របស់ គ.ស.ម.ក. និងការលើកកម្ពស់និងការការពារសិទ្ធិក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីគម្រោងរត់ម៉ារ៉ាតុង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ និងបានអញ្ជើញតំណាងស្ថានទូត ប្រទេសកាណាដាប្រចាំកម្ពុជាចូលរួមផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពន្យល់អំពី ការចាប់ខ្លួនបុគ្គលមួយចំនួន ដែលជាមេក្លោង ក្នុងការប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និងបានប្រគល់សេចក្តីបំភ្លឺរបស់ គ.ស.ម.ក. ដែលធ្វើការបដិសេដ ចំពោះសេចក្តីថ្លែងការណ៍របស់អង្គការ ASEAN Paliamentarians for Human Rights (APHR) ជូនលោក David Verbiwski ផងដែរ៕