គណៈប្រតិភូ ក្លិបអ្នកកាសែតកម្ពុជា បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសារព័ត៌មានវៀតណាមធំចំនួនបីក្នុងទីក្រុងហាណូយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ រយៈពេលពីរថ្ងៃនៅក្នុងដំណើរទស្សនកិច្ចនាទីក្រុងហាណូយ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា (CCJ) ដឹកនាំដោយ លោក ពុយ គា ជាប្រធាន បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់សារព័ត៌មានធំចំនួនបី៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA), កាសែតប្រជាជន (Nhan Dan) និងសមាគមអ្នកកាសែតវៀតណាម (VJA) ដោយផ្តោតទៅលើការផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមនៃសារព័ត៌មានប្រពៃណីក្នុងយុគសម័យឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (Al) ក្នុងវិស័យសារព័ត៌មានដែលប្រហាក់ប្រហែលនឹងកម្ពុជាដែរ។
នៅក្នុងកំណើរទស្សនកិច្ចនោះលោក ពុយ គា បានកត់សម្គាល់ថា នៅវៀតណាមមានចរន្តនៃការបែមករកសារព័ត៌មានអាជីពវិញ បន្ទាប់ពីការប្រើប្រាស់បណ្តាញសង្គមកន្លងមក មិនអាចយកជាការបានក្រៅពីការមើល ឬអានដើម្បីកំសាន្ត ដើម្បីជាដំណឹង និងជាព័ត៌មានបឋមដែលពុំគ្រប់ជ្រុងជ្រោយ ពុំមានប្រភពច្បាស់លាស់។
លោក ពុយ គា បន្តថា ដោយឡែក មានតែអ្នកសារព័ត៌មានទេដែលអាចទទួលបាន ឬអាចកាន់កាតអ្នកកាសែតបាន រីឯបុគ្គលិកអ្នកធ្វើការនៅក្នុងវិស័យព័ត៌មាន មិនអាចកាន់កាតអ្នកកាសែតបានឡើយ។ ហេតុដូច្នេះហើយ បានជាសមាជិករបស់សមាគមអ្នកកាសែតវៀតណាមដែលមានចំនួន 41,000 (បួនម៉ឺនមួយពាន់នាក់) មានតែ 20,500 (ពីរម៉ឺនប្រាំរយនាក់) ប៉ុណ្ណោះដែលកាន់កាតអ្នកកាសែត។
លោក ពុយ គា បានបញ្ជាក់ថា នៅវៀតណាម មានស្ថាប័នព័ត៌មានធំចំនួន6ដែលចំណុះបក្សនិងរដ្ឋ ហើយដែលគេយកជាផ្លូវការនៅរាល់ការផ្សាយព័ត៌មានទាំងអស់រួមមាន ៖ កាសែតប្រជាជន (Nhan Dan), ទីភ្នាក់ងារព័ត៌មានវៀតណាម (VNA), ទូរទស្សន៍វៀតណាម (VTV), វិទ្យសម្លេងវៀតណាម (VoV), កាសែតកងទ័ពប្រជាជន, កាសែតនគរបាល៕