ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះនឹងប្រារព្ធធ្វើឡើងនៅខេត្តកំពង់ស្ពឺ
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ តាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ នៅទីព្រះស្រែ ក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ។
យោងតាមផែនការណែនាំស្តីពីការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏មានសារៈសំខាន់ ក្នុងបណ្តាព្រះរាជពិធីបុណ្យទ្វាទសមាសប្រចាំឆ្នាំ ដោយចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជារាស្រ្តខ្មែរ ដែលព្រះមហាក្សត្រ គ្រប់ព្រះអង្គតែងដឹកនាំប្រារព្ធធ្វើពុំដែលខកខានតាំងពីបុរាណកាលរៀងមក។
យ៉ាងណាមិញ ចំណេរកាលក្រោយមក ព្រះមហាក្សត្រ ស្តេចពុំបានយាងច្រត់ព្រះនង្គ័លដោយផ្ទាល់ព្រះអង្គឡើយ។ ព្រះអង្គតែចាត់ព្រះរាជតំណាងយាងច្រត់ជំនួស តែព្រះអង្គស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីនេះវិញ។
ព្រះរាជពិធីនេះ ប្រព្រឹត្តិឡើងដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការ របស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ឱ្យបង្អុរទឹកភ្លៀងបរិបូណ៌តាមរដូវកាល បម្រើឱ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបានភោគផលខ្ពស់។ តាមទម្លាប់ពិធីនេះធ្វើឡើងក្នុងការផ្សង មើលប្រថ្នូលរបស់ស្រុកទេស ទៅតាមការទទួលទានរបស់ “ គោឧសភរាជ ”៕