ប្រព័ន្ធផ្សព្វផ្សាយ និងសេចក្តីរាយការណ៍ព៏ត៌មានស្តីពីសង្រ្គាម និងសន្តិភាព
អត្ថបទទស្សនៈ/
ឆាយ សុផល
នៅសប្តាហ៍ក្រោយនេះ អ្នកសារព័ត៌មាន និងអ្នកជំនាញបរទេសជាង៥០នាក់ មកពីប្រមាណ៤៧ប្រទេស នៅជុំវិញពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ នឹងមកជួបជុំំគ្នានៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដើម្បីពិភាក្សាគ្នាពីការរាយការណ៍ព័ត៌មានពីសង្រ្គាម និងសន្តិភាព ព្រមទាំងអាជីពរបស់ពួកគេទៅអនាគត។
សន្និសីទសារព័ត៌មានពិភពលោកឆ្នាំ២០២៤ ដែលរៀបចំដោយសមាគមអ្នកសារព័ត៌មានកូរ៉េ ក្នុងរយៈពេល៥ថ្ងៃ ពីថ្ងៃទៅ២១ ដល់ ២៦ មេសា នៅក្នុងទីក្រុងសេអ៊ូល និងទីកន្លែងមួយចំនួននៅក្នុងខេត្ត Gyeonggi នឹងអនុញ្ញាតឱ្យវាគ្មិន និងអ្នកចូលរួម ជជែកគ្នាជុំវិញប្រធានបទ «តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសេចក្តីរាយការណ៍ពីសង្រ្គាម និងសន្តិភាព» ព្រមទាំងការសម្លឹងមើលលើអាជីពរបស់ពួកគេនាពេលអនាគតក្នុងសម័យកាលនៃបញ្ញាសប្បនិម្មិត។
សន្និសិទនេះត្រូវបានធ្វើឡើងចំពេលដែលពិភពលោកកំពុងភ័យខ្លាចពីសង្រ្គាមដែលកំពុងផ្ទុះនៅអឺរុបខាងកើត និងនៅមជ្ឈឹមបូព៌ា ដែលធ្វើឱ្យមនុស្ស ជាពិសេសជនស៊ីវិលដែលមិនដឹងអី បានស្លាប់និងរបួសរាប់សែននាក់ បន្ទាប់ពីជំងឺកូវីដ-១៩ ខណៈភាពតានតឹងនៅតំបន់ឧបទ្វីបកូរ៉រេ និងសមុទ្រចិនខាងត្បូង ក៏កំពុងរំខានផ្នែកសេដ្ឋកិច្ច ពាណិជ្ជ និងវិស័យទេសចរណ៍ជាដើម ដល់ពិភពលោកដែរ។
សណ្តាប់ធ្នាប់ពិភពលោកត្រូវបានបាត់បង់។ តើឱ្យពិភពលោកបានសុខ និងមានសន្តិភាពដោយរបៀបណា ខណៈប្រទេសមហាអំណាចបាននិងកំពុងដណ្តើមយកប្រៀបលើគ្នា ដើម្បីធ្វើជាបងធំ និងចង់បានផលប្រយោជន៍ហួសនិស្ស័យ ដោយប្រឹងដណ្តើមកាន់កាប់ភូមិសាស្រ្តនយោបាយ និងយោធាតែរៀងៗខ្លួន ខណៈដែលម្នាក់ៗមានអាវុធនុយក្លេអ៊ែរដូចៗគ្នា ហើយគំរាមចង់តែបាញ់នោះ?
សម្រាប់វិស័យព័ត៌មានវិញ ការបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបំបាក់ស្មារតី និងយកប្រៀបលើសាធាណរមិត បានធ្វើឱ្យភាគីជម្លោះប្រើប្រាស់ប្រព័ន្ធឃោសនាគ្រប់ទម្រង់របស់ខ្លួន ឱ្យជួយបំប៉ោង បំភ្លៃទៅតាមការដែលអាចធ្វើទៅបាន។
ទន្ទឹមនឹងនោះ សារព័ត៌មានពលរដ្ឋ ដែលគ្មានជំនាញច្បាស់លាស់ក្នុងវិស័យព័ត៌មាន បានប្រើប្រាស់បណ្តាញសង្គម បំផុសគំនិតចងកំហឹង និងអាឃាតនឹងគ្នា បើទោះបីរឿងខ្លះប្រាស់ចាកពី ការពិត និងអមនុស្សធម៌ក៏ដោយ។
ជាឧទារណ៍ នៅក្នុងការវាយប្រហាររបស់ប្រទេសអ៊ីរ៉ងទៅលើទឹកដីប្រទេសអ៊ីស្រាអ៊ែល បន្ទាប់ពីអ៊ីស្រាអ៊ែលបានបាញ់កម្ទេចស្ថាទូតអ៊ីរ៉ងនៅប្រទេសស៊ីរី ព័ត៌មានស្តីពីតួលេខនៃការខូតខាត និងភាពជោគជ័យនៅតាមបណ្តាញសង្គមពិតជារញ៉េរញ៉ៃ និងយកជាការមិនបាន។
មិនខុសពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ គឺព័ត៌មានក្លែងក្លាយស្តីការបរាជ័យ និងភាពជោគជ័យលើសមរភូមិរបស់ភាគីទាំងសងខាងគឺខុសៗគ្នា នៅលើបណ្តាញសង្គម ប៉ុន្តែអ្វីដែលរគួឱ្យសោកស្តាយ គឺហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសដែលប្រឹងកសាងរាប់ទសវត្សរ៍មកហើយត្រូវបានបំផ្លាញមួយពព្រិចភ្នែក ខណៈដែលជិវិតប្រជាជន ជាពិសេសស្រ្តីនិងកុមារបានស្លាប់ និងរងរបួស។
បន្ទាប់មក បញ្ញាសប្បនិម្មិត (Artificial Intelligence ឬ AI) កំពុងនាំឱ្យប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានប្រឈមនឹងទំព័រថ្មីនៃយុគ្គសម័យឌីជីថល។ AI មានប្រយោជន៍ច្រើនក៏ដោយ ក៏វកំពុងតែបំពុលរវាងការពិពិតនិងក្លែងក្លាយដែរ ហើយកំពុងធ្វើឱ្យមនុស្សច្រឡំរវាងអ្វីជាការពិតហើយអ្វីក្លែងក្លាយ។
ពិតជាមិនអាចប្រកែកបានទេដែលថា ការផ្តួលរំលំរដ្ឋាភិបាលមួយ ក្រៅពីធ្វើរដ្ឋប្រហារយោធា គឺនៅមានវិធីសាស្រ្តផ្សេងទៀត ដូចជា ការផ្តល់ការគាំទ្រទាំងផ្នែកនយោបាយ បច្ចេកទេស និងហិរញវត្ថុ ដល់ភាគីប្រឆាំង ខណៈដាក់ទណ្ឌកម្មដល់រដ្ឋាភិបាល ការបង្កចលាចលសង្គម ហើយយកបណ្តាញសង្គមសម្រាប់ផ្សព្វផ្សាយ និងជាពិសេសទៀតនោះ គឺការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការផ្តល់គម្រោង ផ្សេងៗ និងហិរញ្ញវត្ថុ ដើម្បីបម្រើផលប្រយោជន៍ដល់ក្រុមប្រឆាំងនឹងរាដ្ឋាភិបាល។
ផ្អែកលើឧទាហរណ៍ខាងលើ ប្រជាជនមួយចំនួនដែលមានអនកម្មព័ត៌មានបានបាត់បង់ទំនុកចិត្តលើប្រព័ន្ធផ្សពន្ធផ្សាយ និងអ្នកសារព័ត៌មាន ហើយពួកគេនិយាយត្រង់ៗថា ប្រព័ន្ធផ្សព្វផ្សាយ បំភ្លៃ និងជាអាយ៉ងនយោបាយ ជាពិសេសនៅក្នុងរឿងជម្លោះទាំងនយោបាយ និងប្រដាប់អាវុធ ហើយបានបញ្ឆេះកំហឹងឱ្យកាន់ឆាបឆួលរវាងប្រជាជននិងប្រជាជនដែលជាអ្នកជាតិនិយម។
ទាញចេញពីហេតុផលនេះ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានអាជីពត្រូវបន្តបង្កើនវិជ្ជាជីវៈរបស់ខ្លួន ដើម្បីទាញជំនឿទុកចិត្តពីមហាជនមកវិញ។
ហេតុនេះ ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានអាជីពត្រូវប្រកាន់យកនូវតថភាពសង្គម និងយុត្តិធម៌ ហើយចាំបាច់ត្រូវរាយការណ៍ព័ត៌មាន ដោយគ្មានចេតនាញុះញង់ បញ្ឆេះកំហឹង និងមិនបំភ្លែការពិត ដើម្បីយុត្តិធម៌ និងសុខសន្តិភាពរបស់ពិភពលោក។
តាមរយៈអត្ថបទគ្រប់ទម្រង់របស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានអាជីពត្រូវប្រឹងប្រែង ដើម្បីជួយជំរុញឱ្យពិភពលោកមានសុខសន្តិភាព ចៀសឆ្ងាយពីសង្រ្គាមបង្ហូរឈាមគ្នា ព្រោះថា យើងមានកិច្ចការដែលត្រូវធ្វើរួមគ្នាច្រើនណាស់ ដូចជា ការទប់ទល់នឹងអាកាសធាតុប្រែប្រួល ការប្រឆាំងអំពើភេរវកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ជាពិសេសការជួញដូរស្រ្តីនិងកុមារ ការថែរក្សាបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចិរភាព រួមទាំងការបង្ការទប់ស្កាត់ជំងឺរាត្បាតផ្សេងៗជាសកលជាដើម។
តាមរយៈអត្ថបទពិតរបស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានអាជីពពិតជាអាចចូលរួមចំណែកក្នុងកសាងពិភពលោកយើងឱ្យមានសុខដុមរមនាបាន ហើយត្រូវត្រៀមខ្លួនដើម្បីប្រឈមនឹងសម័យកាលនៃបញ្ញាសប្បនិម្មិត៕ (អត្ថបទទស្សនៈបុគ្គល មិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់ស្ថាប័នឡើយ)