អតីតនាយករដ្ឋមន្ត្រីចិនទទួលមរណភាពក្នុងវ័យ៦៨ឆ្នាំ ដោយគាំងបេះដូង
ប៉េកាំង ៖ ទូរទស្សន៍រដ្ឋ CCTV បានបានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានទទួលមរណភាពហើយក្នុងវ័យ៦៨ឆ្នាំ នៅទីក្រុងសៀងហៃ នាវេលាម៉ោង ០០:១០នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃសុក្រទី២៧ ខែតុលា ដោយសារគាំងបេះដូង។
បើតាមសារព័ត៌មានរដ្ឋចិន CCTV បានឲ្យដឹងថា ថ្មីៗនេះ លោក Li Keqiang បានសម្រាកព្យាបាលជំងឺនៅទីក្រុងសៀងហៃ កាលពីថ្ងៃទី២៦ ខែតុលា ដោយលោកមានអាការៈគាំងបេះដូងភ្លាមៗ ហើយបានទទួលមរណភាពនៅម៉ោង ០០៖១០យប់ ឈានចូលថ្ងៃទី២៧ ខែតុលា ក្រោយវិធានការជួយសង្គ្រោះទាំងអស់បរាជ័យ។
គួរបញ្ជាក់ថា លោក Li Keqiang គឺជាសមាជិក នៃគណកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអតីតនាយករដ្ឋមន្រ្តីចិន ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០២៣។
លោក Li Keqiang ត្រូវបានគេស្គាល់ថាជាបុរសខ្លាំងបំផុតលំដាប់ទីពីរ នៅក្នុងបក្សកុម្មុយនិស្តចិន ដែលកំពុងកាន់អំណាច រហូតដល់លោកបានចូលនិវត្តន៍កាលពីឆ្នាំមុន៕ ប្រភព៖ ទូរទស្សន៍រដ្ឋ CCTV