កម្លាំងសមត្ថកិច្ចជាង ១.០០០ នាក់ កាពារសន្តិសុខមន្រ្តីអាស៊ាននៅសៀមរាប
សៀមរាប (៩ មករា ២០១២)៖ មន្រ្តីនគរបាលបាននិយាយថា កម្លាំងសមត្ថកិច្ចចម្រុះប្រមាណ ១.៤៥៤ នាក់ ដែលក្នុងនោះមានកម្លាំងនគរបាល ប៉េអឹម និងទាហាន ត្រូវបានប្រើប្រាស់ ដើម្បីការពារសន្តិសុខ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែល ធ្វើឡើងនៅថ្ងៃទី១០-១២ មករា ឆ្នាំ ២០១២ នៅខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបបានប្រាប់អ្នកសារព័ត៌មានថា សន្តិសុខត្រូវបានរឹតបន្តឹង ចាប់ពីព្រលានយន្តហោះខេត្តសៀមរាប តាមផ្លូវ និងនៅតាមសណ្ឋាគារ។
លោកបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះ ត្រូវបានពង្រាយ ដើម្បីការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ក្នុងមួយសណ្ឋាគារចំនួន ៥០ នាក់។ ហើយនៅកន្លែងប្រជុំមានបំពាក់ដោយម៉ាស៊ីនស្តេន ដើម្បីត្រួតពិនិត្យសុវត្ថិភាពយ៉ាងតឹងរឹងបំផុត។