ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមានស្តង់ដាប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា ក្រសួងព័ត៌មាននឹងរៀបចំឲ្យមានស្តង់ដាប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន អនុវត្តន៍នៅទូទាំងប្រទេស ដើម្បីលើកតម្កើងតម្លៃអ្នកសារព័ត៌មាន និងគុណភាពអ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លើការបង្កើនធនធានមនុស្សតាមរយៈការផ្សព្វផ្សាយព័ត៌មានពិត រហ័ស និងមានខ្លឹមសារល្អ។
ឯកឧត្ត នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាលស្តីពី ជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌មាន ប្រមាណ ៣៨១ នាក់ ដែលរៀបចំដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវ: អ្នកសារព័ត៌មានកម្ពុជា (CJDS) នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជបណ្ឌិតសភាកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថាក្រមសីលធម៌ប្រតិបត្តិរួមវិជ្ជាជីវៈសារព័ត៌មាន របស់ក្រសួងព័ត៌មាន ត្រូវទទួលបានការគាំទ្រពីអ្នកសារព័ត៌មាន ដើម្បីពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជាកានតែល្អប្រសើរឡើង ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីតូនាទីយ៉ាងសំខាន់របស់អ្នកសារព័ត៌មាននៅក្នុងសង្គម ជួយសង្គម ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានគុណភាព លឿន រហ័សដល់ប្រជាពលរដ្ឋ។
ថ្លែងបិទវគ្គបណ្តុះបណ្តាលនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងរៀបចំឲ្យក្រមសីលធម៌វិជ្ជាជីវៈសម្រាប់សមាគមសារព័ត៌មាន ឲ្យមានស្តង់ដារួមតែមួយនៅទូទាំងប្រទេស ព្រោះកន្លងមកនេះមានសមាគមច្រើន ហើយមានក្រមសីលធម៌ផ្សេងៗ តែនៅពេលខាងមុខនឹងរៀបចំឲ្យនតែមួយ ដោយហេតុថា ក្រមសីលធម៌ គឺជាអាវក្រោះសម្រាប់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវ៕