សម្តេច​តេជោ​ ផ្ដាំ​ដល់​បណ្ឌិត ហ៊ុន ម៉ាណែត ឲ្យ​ការ​ពារ​សន្តិភាព​ ដើម្បី​ភាព​សុខ​សាន្ត​របស់​ប្រ​ជា​ជន​

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ដាំទៅកាន់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ពេលក្លាយជានាយករដ្ឋមន្ត្រីត្រូវ ការ​ពារ​ឲ្យបាននូវឲ្យសន្តិភាពដើម្បីការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើកបណ្ដាញទំនាក់ទំនង Twitter របស់សម្ដេចនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នេះថា ក្នុងថ្ងៃដែលសម្ដេចបានប្រកាសពីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ នៅ​ថ្ងៃ​នេះ​រួច​មក​គាប់​ជួន​ល្ងាច​នេះ​ទូរទស្សន៍​បាយ័​ន​ចាក់​ផ្សាយ​រឿង​កូន​ប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មីភាគ៧២ គឺចំពេលដែលលោក ហ៊ុន ម៉ាណែត ចាកផ្ទៃម្តាយថ្ងៃ២០ ខែតុលា ឆ្នាំ១៩៧៧។

សម្ដេចតេជោបានផ្ដាំថា៖ «ជិវិតកូនពិតជាកំសត់ណាស់តែកូនជាមួយម្តាយបានខិតខំរស់ដើម្បីជួបជុំជាមួយពុកវិញ។ ពេល​កូន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រីរបស់​កម្ពុជា​កូន​ត្រូវ​តែ​ការពារ​ឲ្យ​ខាង​តែ​បាន​នូវ​សន្តិភាព​ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ និង​ភាព​សុខ​សាន្ត​របស់​ប្រជាជន»។

ថ្លែងក្នុងសុន្ទរកថាពិសេសរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន បាន​ប្រកាស​ថា​លាលែង​ពី​តំណែង​ចាប់​ពី​ថ្ងៃ​ទី២២ ខែសីហា ឆ្នាំ២០២៣ តទៅ ពោលគឺមានរយៈពេល ២៨ថ្ងៃទៀតប៉ុណ្ណោះ ហើយ​ការងារ​បន្តនឹង​ត្រូវ​ប្រគល់​ជូន​នាយក​រដ្ឋ​មន្ត្រីបន្ទាប់គឺលោក ហ៊ុន ម៉ាណែត។ សម្ដេចតេជោ បញ្ជាក់ថាការលះបង់របស់សម្ដេចគឺដើម្បីរក្សាស្ថេរភាព សន្ដិសុខ និង​ការ​អភិវឌ្ឍន៍​រយៈពេលវែងរបស់កម្ពុជា។

គួរ​ឱ្យដឹងផងដែរថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរបស់កម្ពុជា បានកាន់តំណែងជានាយករដ្ឋមន្រ្តីពីថ្ងៃទី១៤ ខែមករា ឆ្នាំ​១៩៨៥​ គិតរហូតមកដល់ថ្ងៃទី២២ ខែសីហាខាងមុខមានចំនួន ៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ គឺជានាយក​រដ្ឋ​មន្ត្រី​ដែល​កាន់​តំណែង​យូរ​ជាង​គេ​បង្អស់នៅលើពិភពលោក៕

Related Articles

Back to top button
Close
Close