ភាព​ចម្រូង​​ចម្រាស​​នៅក្នុង​​រង្វង់​​អ្នក​ប្រឆាំង​​បាស្ហារ​អាល-អាស្សាដ​​​

ការប្រយុទ្ធប្រហារគ្នានៅតែកើតមាន នៅក្នុងប្រទេសស៊ីរី រវាងកងកម្លាំង យោធានិងយុទ្ធជនប្រឆាំងបាស្ហារអាល-អាស្សាដ ជាពិសេសនៅទីក្រុងអាឡេព និងនៅទីក្រុងដាម៉ាស។ ចំណែកឯការចរចានៅក្នុងរង្វង់អ្នកប្រឆាំង បាស្ហារ អាល-អាស្សាដ ដើម្បីរៀបចំខ្លួនសម្រាប់កសាងស្ថាបនាប្រទេសស៊ីរី ក្រោយ សម័យអាស្សាដនៅតែជួបនឹងភាពចម្រូងចម្រាស។

ការចរចានៅក្នុងរង្វង់អ្នកប្រឆាំងបាស្ហារអាល-អាស្សាដ និងការរៀបចំ ត្រៀម លក្ខណៈដើម្បីជួយកសាងស្ថាបនាប្រទេសស៊ីរីមួយថ្មី ក្រោយសម័យ គ្រប់គ្រងផ្តាច់ការរបស់អាល-អាស្សាដ នៅតែស្គាល់ភាពរកាំរកូស។ ជាក់ស្តែង នៅថ្ងៃអង្គារទី២៨សីហាម្សិលមិញ អ្នកទទួលខុសត្រូវខាងទំនាក់ទំនងក្រៅ ប្រទេសនៃក្រុមប្រឹក្សាជាតិស៊ីរី CNS លោកស្រី Bassama Kodmani បានប្រកាស លាលែងចេញពីមុខតំណែង។

 នៅឯសមរភូមិឯណោះវិញ ទង្វើភេរវកម្មបំផ្ទុះរថយន្តបានផ្តាច់ជិវិតមនុស្ស អស់២៧នាក់នៅតំបន់ ចារ៉ាម៉ាណា ដែលមានអ្នកកាន់គ្រឹស្តសាសនាភាគច្រើន រស់នៅ។

សូមបញ្ជាក់ថា ការខ្វែងគំនិតគ្នានៅក្នុងវិស័យនយោបាយនៅតែកើតមាននៅ ក្នុងរង្វង់ អ្នកប្រឆាំងស៊ីរី ដោយហេតុតែពួកគេមានចរន្តនយោបាយខុសៗគ្នា ទោះបីជាពួកគេសុទ្ធតែទាមទារចង់បានលទ្ធិប្រជាធិបតេយ្យក៏ដោយ។

ការលាឈប់ពីមុខតំណែងដោយលោកស្រី Bassama Kodmani
 
លោកស្រី Bassama Kodmani អ្នកទទួលខុសត្រូវខាងទំនាក់ទំនងក្រៅប្រទេស នៃក្រុមប្រឹក្សាជាតិ ស៊ីរី CNS បានប្រកាសលាឈប់ពីមុខតំណែង ដោយបានថ្លែង ប្រាប់ទីភ្នាក់ងារ AFP ថា “លោកស្រីសោកស្តាយណាស់ដែល ក្រុមប្រឹក្សាជាតិ ស៊ីរី CNS ពុំចេះរក្សានិងធ្វើឲ្យប្រជាជនស៊ីរីមានទំនុកចិត្តកក់ក្តៅដូចនៅ ពេល បង្កបង្កើត ក្រុមប្រឹក្សាជាតិស៊ីរី CNS”។

គួរកត់សម្គាល់ថា ចរន្តខ្លាំងនៃក្រុមប្រឆាំងទល់នឹងរបបគ្រប់គ្រងផ្តាច់ការ បាស្ហារ អាល-អាស្សាដពោលគឺ ក្រុមប្រឹក្សាជាតិស៊ីរី CNS ច្រើនមានជំនោរ ទោរទៅរកការក្តោបក្តាប់អំណាច។ ទាំងនេះជាមូលហេតុនាំឲ្យចលនា ប្រឆាំង ដទៃទៀត មានដូចជា CNCD Comité National de Coordiantion pour le Changement Démocratique ឬគណៈកម្មាធិការជាតិសម្របសម្រួល ដើម្បីការ វិវឌ្ឍន៍ប្រជាធិបតេយ្យ ចេញសម្ដែងការប្រឆាំងរបស់ខ្លួន។

ស្ថានភាពទាំងនេះ បានបណ្តាលឲ្យគណបក្សនយោបាយស៊ីរីម្ភៃប្លាយ ទៀតបាននាំគ្នាថ្លែង ប្រឆាំងទល់នឹង របបគ្រប់គ្រងផ្តាច់ការបាស្ហារអាល-អាស្សាដ និងយោធា ហើយពួកគេបានថ្លែងឲ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ពួកគេនឹងរៀបចំឲ្យមានសន្និសីទមួយនៅទីក្រុងដាម៉ាស នៅថ្ងៃទី១២ កញ្ញា ឆ្នាំ២០១២ខាងមុខនេះ ដើម្បីរៀបចំឲ្យមាននូវរបបគ្រប់គ្រងប្រទេស ស៊ីរី មួយ ដែលមានលក្ខណៈ ប្រជាធិបតេយ្យ ហើយពុំប្រើអាវុធយុទ្ធភ័ណ្ឌយកមកគ្រប់ គ្រងប្រទេសជាតិ៕ដោយ សៀក សារិន(RFI)

Related Articles

Back to top button
Close
Close