ឯកឧត្តម ឃួង ស្រេង ណែនាំឲ្យកងកម្លាំងពាក់ព័ន្ធ យកចិត្តទុកដាក់ការពារសន្តិសុខ នៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ខាងមុខនេះ
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ May 12, 2022/
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ឧសភា នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឲ្យប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីតាំងបោះឆ្នោតនានានៅក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤និងកងកម្លាំងពាក់ព័ន្ធទាំងត្រូវពិនិត្យពីភាពអសកម្មនានានៅតាមទីតាំងនិងការិយាល័យបោះឆ្នោត សំដៅធ្វើយ៉ាងណា អោយការបោះឆ្នោតនេះ ដំណើរការទៅដោយរលូនធានាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ មានភាពយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា កម្លាំងនិងអាជ្ញាធរទាំងអស់ក្រៅពីការខិតខំប្រឹងប្រែងបំពេញការងារក្នុងអំឡុង ពេលយុទ្ធនាការឃោសនា និងអំឡុងពេលបោះឆ្នោតនេះហើយ ត្រូវពិនិត្យមើលផ្លូវច្បាប់ឲ្យច្បាស់លាស់ ដើម្បីអនុវត្តការងារទាំងនេះ បានទៅដោយរលូន បានល្អប្រសើរនិងគ្មានកំហុសឆ្គង។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២) ខាងមុខនេះនៅភ្នំពេញ អ្នកមានឈ្មោះត្រូវទៅបោះឆ្នោតមានចំនួន៨៩៩៦៨៨នាក់ មានការិយាល័យបោះឆ្នោតចំនួន២១៩៧ ការិយាល័យ ស្មើនិង២៦៥ទីតាំង៕