លោកស្រី ឱ វណ្ឌឌីន ៖ ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ សូមប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា

សារព័ត៌មាន Cambodia News/

ថ្ងៃចេញផ្សាយៈ August 17, 2021

ភ្នំពេញ (១៧ សីហា ២០២១) ៖ ​ដើម្បីសម្រេចគោលដៅចាក់ឲ្យបាន១០លាននាក់ របស់រាជរដ្ឋាភិបាលកម្ពុជា លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានណែនាំឲ្យអាជ្ញាធរគ្រប់ថ្នាក់អំពាវនាវ និងកៀរគរប្រជាពលរដ្ឋដែលមិនទាត់បានចាក់វ៉ាក់សាំងដូសទី១ ប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា។

លិខិតរបស់លោកស្រី ឱ វណ្ឌឌីន នៅថ្ងៃទី១៧ ខែសីហានេះបានបញ្ជាក់ថា «ដើម្បីសម្រេចឱ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការសម្រេចគោលដៅ១០លាននាក់លើប្រជាជនអាយុពី១៨ឆ្នាំឡើង ក្នុងអំឡុងចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្នើឱ្យអាជ្ញាធរគ្រប់ថ្នាក់ អំពាវនាវ និងកៀរគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ នៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ របស់ខ្លួន ព្រមទាំងរៀបចំផែនការ និងចលនាលើកទឹកចិត្តពួកគាត់ ឱ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត ដើម្បីធានាបាននូវភាពស៊ាំក្នុងសហគមន៍ ការពារ សុខុមាលភាពរបស់ប្រជាជន ក៏ដូចជាឈានទៅបើកដំណើរការឡើងវិញនូវសង្គម-សេដ្ឋកិច្ចនៅកម្ពុជា»។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៦ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៨,៩៤៨,៣៧៧នាក់៕

Related Articles

Back to top button
Close
Close