សម្តេច ស ខេង ៖ អាជ្ញាធរមានសមត្ថកិច្ចត្រូវជៀសវៀងការប្រើអំពើហិង្សាដោះស្រាយបញ្ហាក្នុងស្ថានភាពអនុវត្តវិធានការបិទខ្ជប់

សារព័ត៌មាន Cambodia News/

ភ្នំពេញ (២២ មេសា ២០២១) ៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ បានផ្ញើសារដល់ អាជ្ញាធរ មានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ ដែលកំពុងបំពេញ ការងារ ក្នុងស្ថានភាព នៃការអនុវត្ត វិធានការបិទខ្ទប់ដោយ ត្រូវមានការអត់ធ្មត់ និងប្រកាន់ខ្ជាប់នូវវិន័យអាកប្បកិរិយាថ្លៃថ្នូរ និង ត្រូវចៀសវាងការប្រើអំពើហិង្សាក្នុងការ ដោះស្រាយ បញ្ហា។

នៅក្នុងខ្លឹមសារលិខិតរបស់សម្តេចបានបញ្ជាក់ថា “ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការកោតសរសើរយ៉ាង ស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ពាក់ព័ន្ធ ទាំងអស់ ដែលបាន និងកំពុងចាត់តាំងអនុវត្តយ៉ាងសកម្មផុលផុសនូវគោលការណ៍នានារបស់រាជរដ្ឋាភិបាល ប្រកបដោយការប្តេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងភារកិច្ចបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ តាមមូលដ្ឋាននានាក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ។

លិខិតដដែលបន្តថា ៖ខ្ញុំក៏សូមយកឱកាសនេះ ក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ សូម បន្តយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ដោយប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងត្រូវគោរពគោលកាណ៍នៃក្រមសីលធម៌វិជ្ជាជីវៈ របស់កងកម្លាំងឲ្យបានជាដាច់ខាត ជាពិសេស ត្រូវចៀសវាង។ ការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញ្ជា ឬវិធានការ នានារបស់រាជរដ្ឋាភិបាល ។

លិខិតបញ្ជាក់ទៀតថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃយើងសម្តេចយល់ច្បាស់អំពីការលំបាក ផលប៉ះពាល់ និងបញ្ហាប្រឈមផ្សេងៗ ដែលអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ កំពុងជួបប្រទះ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ។ ក៏ប៉ុន្តែទោះបីយ៉ាងណា សម្តេចសូមជំរុញទឹកចិត្តឲ្យបងប្អូនបន្តរក្សា និងប្រកាន់ ខ្ជាប់នូវការអត់ធ្មត់ខ្ពស់ ដើម្បីទទួលបានការគាំទ្រ និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការបំពេញបេសកកម្ម ដ៏មានសារៈសំខាន់លើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឲ្យទទួលបានជោគជ័យ ។

ទន្ទឹមនេះ សម្តេចក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការនានារបស់ រាជរដ្ឋាភិបាល ក៏ដូចជាសហការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ដើម្បី បុព្វហេតុរួម នៃការកាត់ផ្ដាច់ និងឈានទៅបញ្ចប់ការឆ្លងរាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ សំដៅនាំស្ថានការណ៍ និងគ្រប់សកម្មភាពរបស់សង្គម វិលមករកប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ៕

 

Related Articles

Back to top button
Close
Close