អ្នកដែល​ជំងឺកូវីដ១៩ ក្រោយពីជាសះស្បើយ ​នឹងឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្តទៀត

សារព័ត៌មាន Cambodia News/

ភ្នំពេញ (១៥ មីនា ២០២១) ៖ អ្នកដែលជាសះស្បើយពីជំងឺកូវីដ១៩ ពេលដែលចេញពីមន្ទីរពេទ្យ ត្រូវបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃបន្ថែមទៀត ដែលនេះជាយន្តការថ្មីរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យឆ្លងចូលក្នុង​សហគមន៍សាជាថ្មី។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងឲ្យអ្នកដែលជាសះស្បើយពីជំងឺកូវីដ១៩ ធ្វើកិច្ចសន្យា ៤ចំណុចដូចខាងក្រោម៖

១៖ បន្តធ្វើចត្តាឡីស័កនៅក្នុងលំនៅឋានផ្ទាល់ខ្លួន ឬ ទីតាំងឯកជន ដែលមានបន្ទប់ដាច់ដោយឡែកមានខ្យល់ចេញចូលល្អ ឱ្យបានគ្រប់ពេលវេលាកំណត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺដាច់ខាតមិនដើរចេញក្រៅផ្ទះ ឬ បន្ទប់ ឬ ទីកន្លែងដែលត្រូវធ្វើចត្តាឡីស័ក និងមិនប្រាស្រ័យទាក់ទងជាមួយសាច់ញាតិ មិត្តភក្តិ ឬ បុគ្គលណាមួយឡើយក្នុងអំឡុងពេលចត្តាឡីស័ក។

២៖ បន្តតាមដានសុខភាពផ្ទាល់ខ្លួន ដោយត្រូវត្រួតពិនិត្យកម្តៅខ្លួន ពីរ (២) ដងក្នុងមួយថ្ងៃ ហើយប្រសិនបើមានអាការៈគ្រុនក្តៅ ក្អក ឈឺបំពង់ក ហៀរសំបោរ ពិបាកដកដង្ហើម ឈឺក្បាល ឈឺសាច់ដុំ ឬ រាក នឹងរាយការណ៍ជាបន្ទាន់ទៅទូរស័ព្ទលេខ ១១៥ ឬ ក្រុមគ្រូពេទ្យដែលនៅជិតបំផុត ដើម្បីទទូលការពិនិត្យ និងព្យាបាលឡើងវិញ។

៣៖ ប្តេជ្ញាអនុវត្តឱ្យបានម៉ឺងមាត់បំផុតនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ប្រមុខរាជរដ្ឋាភិបាល និងការណែនាំទាំងឡាយរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

៤៖ ការមិនអនុវត្តបានត្រឹមត្រូវ ឬ អនុវត្តដោយធ្វេសប្រហែសនូវវិធានការរដ្ឋបាល និង/ឬ វិធានការសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺជាបទល្មើស ដែលបុគ្គលល្មើសត្រូវទទួលទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មព្រហ្មទណ្ឌ តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

សូមបញ្ជាក់ដែរថា៖ កម្ពុជាកំពុងជួបប្រទះការឆ្លងជំងឺកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន គឺជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលធ្វើឲ្យមានអ្នកឆ្លងជាបន្តបន្ទាប់ មិនទាន់មានភាពធូរស្រាលនៅឡើយ៕

 

Related Articles

Back to top button
Close
Close