សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែតនៅព្រឹកនេះ
សារព័ត៌មាន Cambodia News
ភ្នំពេញ (៤ មីនា ២០២១) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ នឹងអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត។
បន្ទាប់ពីការចាក់វ៉ាក់សាំង សម្តេចតេជោ ហ៊ុន សែន ក៏នឹងធ្វើសន្និសីទព័ត៌មានពាក់ព័ន្ធវ៉ាក់សាំង និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា។
នាព្រឹកនេះក្រៅពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏មានមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ក៏នឹងត្រូវចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកាផងដែរ។
សូមបញ្ជាក់ថា វ៉ាក់សាំង AstraZeneca/SII ដែលសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមន្ត្រីជាន់ខ្ពស់កម្ពុជា ចាក់នៅថ្ងៃនេះគឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនផងដែរ ប៉ុន្តែត្រូវបានអាក់ខានទៅវិញដោយសារតែវ៉ាក់សាំងនេះ បានកំណត់អាយុរបស់អ្នកចាក់ត្រឹម៥៩ឆ្នាំប៉ុណ្ណោះ។ ដោយឡែក វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca/SII) មិនបានកំណត់អាយុអ្នកចាក់នោះឡើយ។ ហេតុដូច្នេះហើយទើប សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចចាក់វ៉ាក់សាំងនេះ៕