សម្តេចតេជោ ផ្តល់ជំនួយថវិកាជាង៣ពាន់លានរៀលទៀត ដល់ខេត្តចំនួន១២ ជាប់ព្រំដែនថៃ និងវៀតណាម ដើម្បីរៀបចំធ្វើចត្តាឡីស័ក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១ មីនា ២០២១) ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ជំនួយថវិកាជាង៣ពាន់លានរៀល ដល់ខេត្តកម្ពុជាចំនួន១២ ដែលនៅជាប់ព្រំដែនថៃ និងព្រំដែនប្រទេសវៀតណាម ដើម្បីប្រើប្រាស់សម្រាប់រៀបចំធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន។
លោកស្រី យក់ សម្បត្តិ បន្តថា ក្នុងចំណោមថវិកាទាំងជាង៣ពាន់លានរៀលនេះ ខេត្តកម្ពុជាជាប់ព្រំដែនថៃ ចំនួន៥ ទទួលបានថវិកាសរុប២៨៥០លានរៀល និងខេត្តកម្ពុជាជាប់ព្រំដែនវៀតណាមចំនួន៧ ទទួលបានថវិកាសរុប ២២០លានរៀល។
សម្រាប់ខេត្តកម្ពុជាជាប់ព្រំដែនថៃ ដែលទទួលជំនួយថវិកាពីសម្តេចតេជោ លើកនេះ មានចំនួន៥ខេត្ត ក្នុងនោះមាន៖ បាត់ដំបងទទួលបាន ៨០០លានរៀល ខេត្តបន្ទាយមានជ័យទទួលបាន៩០០លានរៀល ខេត្តឧត្តរមានជ័យទទួលបាន ៩០០លានរៀល ខេត្តប៉ៃលិនទទួលបាន២០០លានរៀល និងខេត្តកោះកុងទទួលបាន៥០លានរៀល។
សម្រាប់ខេត្តកម្ពុជាជាប់ព្រំដែនវៀតណាម ដែលទទួលជំនួយថវិកាពីសម្តេចតេជោ លើកនេះ មានចំនួន៧ខេត្ត ក្នុងនោះមាន៖ ខេត្តកណ្តាលទទួលបាន ៧០លានរៀល ខេត្តស្វាយរៀងទទួលបាន២០លានរៀល ខេត្តព្រៃវែងទទួលបាន៥០លានរៀល ខេត្តត្បូងឃ្មុំទទួលបាន២០លានរៀល ខេត្តក្រចេះទទួលបាន ២០លានរៀល ខេត្តមណ្ឌលគិរីទទួលបាន២០លានរៀល និងខេត្តតាកែវទទួលបាន២០លានរៀល៕