ក្រសួងធនធានទឹក ៖ ភ្លៀងបន្តធ្លាក់រាយប៉ាយពីតិចទៅច្រើន ពីថ្ងៃទី០៧-០៩ ខែតុលា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៦ តុលា ២០២០) ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប បានបន្តលាតសន្ធឹងឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅលើសមុទ្រចិនខាងត្បូង។
ក្រសួងបន្តថា ដោយឡែកនៅលើសមុទ្រចិនខាងត្បូង នឹងអាចកើតមានជាវិសម្ពាធទាប (Tropical Depression) ឬជាព្យុះ (Tropical Storm) ដើរសំដៅឆ្ពោះចូលដល់លើភាគខាងត្បូង ប្រទេសវៀតណាម នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០។ ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឱ្យបណ្ដាខេត្តស្ទើរទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២០ នឹងអាចមានភ្លៀង និងខ្យល់កើនឡើង។
ជាមួយគ្នានេះក្រសួងធនធានទឹក បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹក និងបងប្អូនប្រជានេសាទ និងអ្នកធ្វើ ដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវ គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕