ធ្លាក់យន្ដហោះនៅរដ្ឋ Texas សហរដ្ឋអាមេរិក បណ្តាលអោយមនុស្ស៤នាក់ស្លាប់
សារព័ត៌មាន Cambodia News/
អាមេរិក (២១ កញ្ញា ២០២០) ៖ យោងតាមប្រភពពីសារព័ត៌មាន ស៊ិនហួរ បានអោយដឹងថា កាលពីថ្ងៃអាទិត្យយន្ដហោះធុនតូចមួយគ្រឿងបានធ្លាក់នៅរដ្ឋ Texas សហរដ្ឋអាមេរិក បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់នៅលើយន្តហោះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីមន្ត្រីមកពីនាយកដ្ឋានសុវត្ថិភាពសាធារណៈនៃរដ្ឋ Texas ដែលបាននិយាយថា បុរស២នាក់និងស្ត្រី២នាក់បានស្លាប់នៅពេលយន្តហោះរបស់ពួកគេធ្លាក់មុនម៉ោង១១ព្រឹក (ម៉ោងនៅអាមេរិក) ជិតអាកាសយានដ្ឋាន Hilltop Lakes ដែលមានចម្ងាយប្រហែល២០០គីឡូម៉ែត្រភាគពាយព្យទីក្រុង Houston។
មន្ត្រីបាននិយាយថា មនុស្សទាំង ៤ នាក់នៅលើយន្តហោះត្រូវបានប្រកាសថាស្លាប់នៅនឹងកន្លែង។ មន្ត្រីក្នុងតំបន់បាននិយាយថា អ្នកបើកយន្ដហោះព្យាយាមធ្វើការចុះចតបន្ទាន់ និងកំពុងទាក់ទងតាមវិទ្យុជាមួយរដ្ឋបាលអាកាសចរណ៍សហព័ន្ធនៅពេលគ្រោះថ្នាក់បានកើតឡើង។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងអំពីមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយទេ។ យោងតាមកាលវិភាគនៃការហោះហើរ យន្តហោះនេះបានហោះឡើងនៅទីក្រុង Horseshoe Bay នៃរដ្ឋ Texas មុនម៉ោង១០ព្រឹកហើយកំពុងឆ្ពោះដំណើរទៅកាន់ទីក្រុង Natchitoches នៃរដ្ឋ Louisiana៕