ថ្ងៃនេះរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៤នាក់ទៀតជាករណីនាំចូល និងជាសះស្បើយ៣នាក់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៣ សីហា ២០២០) ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៤នាក់បន្ថែមទៀត ជាបុរសជនជាតិខ្មែរធ្វើដំណើរមកពីប្រទេសរុស្ស៉ី និងឥណ្ឌូនេស៊ីកាលពីខែកក្កដា ខណៈមានអ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ ចំនួន ៤នាក់ថ្មីនេះរួមមាន ៖បុរសអាយុ ២៦ឆ្នាំ មានអាស័យនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បុរសអាយុ ៣០ឆ្នាំ មានអាស័យនៅក្រុងសៀមរាប ខេត្តសៀមរាប។ បុរសអាយុ ៣០ឆ្នាំ មានអាស័យនៅស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្រសួងបានឱ្យដឹងថា បុរស ៣នាក់ខាងលើ បានធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន និងបញ្ជូនសារ ក្នុងខេត្តកំពង់ស្ពឺ និងជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៉ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

លទ្ធផលវិភាគវត្ថុសំណាកតេស្តលើកទី ០៦របស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ដោយឡែកអ្នកជំងឺម្នាក់ទៀត ជាបុរសអាយុ ២៧ឆ្នាំ មានអាស័យស្នាក់នៅភូមិអំពិលឃុំប៊ុស១ ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុ សំណាកតេស្តលើកទី ០៥របស់គាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះនរោត្តមសីហនុ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។

សម្រាប់អ្នកដែលព្យាបាលជាវិញ រួមមាន ៖ បុរសអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បុរសអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បុរសទាំង០២នាក់នេះ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្សី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែជធានីភ្នំពេញ។

ដោយឡែកអ្នកព្យាបាលជាសះស្បើយទី៣ ជាបុរសអាយុ ៣៧ឆ្នាំ មានអាស័យដ្ឋានៅភូមិព្រះស្រែ ឃុំព្រះស្រែស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាក្រុមទាហាមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ដែលបានវិលត្រឡប់មកពីប្រទេសម៉ាលី តាមជើងហោះហើរមកកាន់កម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកមានជំងឺកូវីដ១៩ សរុប ២៧២នាក់ ស្ត្រី ៥៣នាក់ និងបុរស ២១៩នាក់។ ក្នុងនោះអ្នកព្យាបាលជាមានចំនួនសរុប ២២៣នាក់ ស្ត្រី ៤៦នាក់ និងបុរស ១៧៧នាក់។ រីឯអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប ៤៩នាក់។ សម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០៣នាក់ (ស្ត្រីជនជាតិកាណាដា ០១នាក់ ស្ត្រីជា កងទ័ពមួកខៀវ ០១នាក់ និងស្ត្រីជនជាតិអាម៉េរិកកាំង ០១នាក់), នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន ៣៧នាក់ (ស្ត្រី ០៣នាក់ និងបុរស ៣៤នាក់), នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មានចំនួន ០៤នាក់ ជាបុរស, នៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ មានចំនួន ០៤នាក់ ជាបុរស, និងសម្រាកនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ១នាក់ជាស្ត្រីជនជាតិកាហ្សាក់ស្តង់៕

 

Related Articles

Back to top button
Close
Close