WHO ព្រមានជាថ្មីពីការប្រើថ្នាំប្រឆាំងគ្រុនចាញ់ ដើម្បីព្យាបាលជំងឺ COVID-19

សារព័ត៌មាន​ Cambodia News/

ហ្សឺណែវ (២១ ឧសភា ២០២០) ៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៃអង្គការសុខភាពពិភពលោក (WHO) បានព្រមានជាថ្មីប្រឆាំងនឹងការប្រើប្រាស់ថ្នាំគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) និងថ្នាំ ក្លរ៉ូឃ្វីន (chloroquine) ដើម្បីព្យាបាល COVID-19 ដ្បិតថ្នាំទាំងពីរនេះគួរតែទុកបម្រុង សម្រាប់ការប្រើប្រាស់នៅក្នុងការធ្វើតេស្ដប៉ុណ្ណោះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) បានធ្វើការកត់សម្គាល់បែបនេះ ជាការឆ្លើយតបទៅនឹងសំនួរពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំ hydroxychloroquine ឬ chloroquine ដើម្បីព្យាបាល COVID-19 ខណៈសូម្បីតែប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏ធ្លាប់បានប្រើប្រាស់ថ្នាំនេះដែរ បើទោះជាមានការព្រមានពីគ្រោះថ្នាក់ក៏ដោយ។ លោកបញ្ជាក់យ៉ាងដូច្នេះថា «បើទោះជាថ្នាំ hydroxychloroquine និង chloroquine ទទួលបានអាជ្ញាប័ណ្ណ សម្រាប់ការព្យាបាលជំងឺមួយចំនួនក៏ដោយ ប៉ុន្តែបច្ចុប្បន្នថ្នាំទាំងពីរនេះ មិនទាន់ត្រូវបានគេរកឃើញពីប្រសិទ្ធភាពក្នុងការព្យាបាល COVID-19 នៅឡើយទេ»។

សូមជម្រាបថា ថ្នាំទាំងពីរប្រភេទខាងលើនេះត្រូវបានលោក ត្រាំ អះអាងថា មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាល COVID-19 ប៉ុន្តែក្រុមមន្ត្រីសុខាភិបាលអាមេរិកជាច្រើនបានព្រមានថា មិនគួរប្រើប្រាស់ថ្នាំនេះនៅក្រៅការធ្វើតេស្ដនោះទេ ខណៈការសិក្សាខ្លះរបស់អ្នកជំនាញ នៅក្នុងប្រទេសប្រេស៊ីលរកឃើញថា ថ្នាំទាំងពីរនេះអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ចង្វាក់បេះដូង៕

Related Articles

Back to top button
Close
Close