សម្តេចតេជោ ផ្តាំផ្ញើឲ្យយុវជន ត្រូវមានបណ្ណបើកបរ ពិតប្រាកដត្រឹមត្រូវ
ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារផ្តាំផ្ញើ ទៅប្រជាពលរដ្ឋ ជាពិសេស យុវជនត្រូវតែមានបណ្ណបើកបរ ពិតប្រាកដ ត្រឹមត្រូវដាក់ជាប់តាមខ្លួន រាល់ពេលធ្វើដំណើរ ដើម្បីជៀសវាងការផាកពិន័យ ខណៈការអនុវត្តច្បាប់ ចរាចរណ៍នឹងធ្វើឡើងថ្ងៃ១ ឧសភា ខាងមុខនេះ។
ច្បាប់ថ្មីនេះ គ្រាន់តែអត់ពាក់មួកសុវត្ថិភាព ឬពាក់មិនត្រឹមត្រូវ ពោលអត់ដាក់គន្លឹះមួក ផាក៦ម៉ឺនរៀល ។ និយាយទូរស័ព្ទ ពេលកំពុងបើកបរ ៨ម៉ឺនរៀល ។ ជិះបង្ហោះម៉ូតូ ឬម៉ូតូមានសំឡេងឮខ្លាំង ឬហុយផ្សែងខ្លាំងផាក១០ម៉ឺនរៀល ។
ដូច្នេះ សូមចូលរួមប្រុងប្រយ័ត្ន គោរពច្បាប់ទាំងអស់គ្នា ។
សម្តេចតេជោ បានលើកឡើងក្នុងហ្វេសប៊ុក នៅថ្ងៃ២៩ មេសានេះថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ គឺកំពុងដំណើរការនៅទូទាំងប្រទេស។
សម្តេចបន្តថា “សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន មុននឹងបើកបររថយន្តត្រូវមានបណ្ណបើកបរ ពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗ អោយបានត្រឹមត្រូវមុននឹងបញ្ជាយានយន្ត នៅលើដងផ្លូវសាធារណៈ”។
សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា ការរឹតបន្តឹងនេះ ដើម្បីធានាសុវត្ថិភាព អាយុជីវិត ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចបង្ករបួសស្នាមធ្ងន់ស្រាល រហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។
សម្តេចបង្ហាញអារម្មណ៍ថា មិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាន នៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់ឡើយ ។ ដូចនេះ ពលរដ្ឋនិងយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមក ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស៕