ថៃសម្រេចផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋ-ពលករខ្មែរ អាចបន្តស្នាក់នៅរហូតដល់ថ្ងៃទី៣១កក្កដា
សារព័ត៌មាន Cambodia News/
បាងកក (២៤ មេសា ឆ្នាំ២០២០) ៖ រាជរដ្ឋាភិបាលថៃបានសម្រេចផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋខ្មែរ និងពលករ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសថៃ ដែលអស់សុពលភាពចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានអនុញ្ញាតឲ្យបន្តស្នាក់នៅដោយស្វ័យប្រវត្តិ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយពុំមានការផាកពិន័យ ប៉ុន្តែមិនអនុញ្ញាតឲ្យធ្វើការនោះទេ។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃកាលពីថ្ងៃទី២៣ ខែមេសា បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសថៃថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋខ្មែរដែលជាប់នៅក្នុងប្រទេសថៃ ដោយសារការរិតត្បិត នៃការធ្វើដំណើរទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងការទបើស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលថៃ បានសម្រេចផ្តល់ការអនុគ្រោះដូចខាងក្រោម:
១. ប្រជាពលរដ្ឋខ្មែររូបទាំងពលករដែលអស់សុពលភាពស្នាក់នៅចាប់ពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០ ត្រូវបានអនុញ្ញាតឲ្យស្នាក់នៅដោយស្វ័យប្រវត្តិរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ ដោយពុំមានការផាកពិន័យលើការស្នាក់នៅលើសកំណត់ ប៉ុន្តែមិនអនុញ្ញាតឲ្យធ្វើការនោះទេ។
២. ពលករខ្មែរដែលនិយោជកបានបញ្ជូនបញ្ជីឈ្មោះទៅក្រសួងមន្ទីរការងារក្រុងខេត្តរបស់ថៃតាមប្រព័ន្ធអនឡាញរួចរាល់ត្រឹមថ្ងៃទី 31 ខែមីនាឆ្នាំ 2020 អាចបន្តធ្វើការជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
៣. ប្រជាពលរដ្ឋខ្មែររួមទាំងពលករដែលត្រូវទៅបង្ហាញខ្លួនក្នុងរយៈពេល ៩០ថ្ងៃចន្លោះថ្ងៃទី ២៦ ខែមីនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មិនតម្រូវឲ្យទៅបង្ហាញខ្លួននោះទេរហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។
ជាមួយគ្នានេះស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់រស់នៅប្រទេសថៃមេត្តាបន្តចូលរួមសហការអនុវត្តវិធានការនានានិងបម្រាមគោចរដែលដាក់ចេញដោយរាជរដ្ឋាភិបាលថៃឲ្យមានប្រសិទ្ធភាពនិងសូមរក្សាសុខភាពអនាម័យដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩។
ក្នុងករណីបងប្អូនមានបញ្ហាប្រឈមសូមទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈទំព័រហ្វេសប៊ុកហេកឬតាមរយៈទូរស័ព្ទលេខ ០៩២ ៨០៥០៥៦១ (ផ្នែកកុងស៊ុល) និង ០៩៤ ០៩២៥៩០៥ (ផ្នែកទទួលបន្ទុកពលករ)៕