សម្តេចតេជោ ៖ កម្ពុជាត្រៀមរោងចក្រផលិតម៉ាស និងអាល់កុលសម្លាប់មេរោគរួចស្រេច
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣ មេសា ២០២០) ៖ សម្តេច ហ៊ុន សែន បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា មកទល់ពេលនេះកម្ពុជាបានត្រៀមរោងចក្រផលិតម៉ាសខ្លួនឯងហើយ ដែលចាប់ពីពេលនេះទៅអាចបាន១លា២សែនម៉ាស ហើយនឹងបង្កើនសមត្ថភាពផលិតឱ្យបានច្រើនថែមទៀត។
រាជរដ្ឋាភិបាលក៏បានត្រៀមរោងចក្រក្នុងស្រុកមួយទៀតសម្រាប់ផលិតទឹកអាល់កុលសម្លាប់មេរោគ (SKD) ដែលបម្រុងសម្រាប់ជូនប្រជាពលរដ្ឋផង និងសម្រាប់ពេទ្យផង គឺជាង៥ពាន់លីត្រ ហើយនឹងបង្កើនសមត្ថភាពផលិតអោយច្រើនថែមទៀត ព្រោះកម្ពុជាត្រូវការលើសពីនោះ។
ជាមួយគ្នានេះដែរ សម្ភារៈពេទ្យដូចជា ខោ អាវ មួក ក៏នឹងត្រូវផលិតដោយរោងចក្រក្នុងស្រុក២ គឺនៅខេត្តកំពង់ចាម និងខេត្តស្វាយរៀង ហើយសម្ភារៈមួយចំនួនទៀតដែលផលិតមិនបាន គឺនឹងនាំមកពីក្រៅប្រទេស។
សម្ភារៈពេទ្យមួយចំនួនធំរួមទាំងថ្នាំពេទ្យ គឺបានរៀបចូលស្តុកក្នុងឃ្លាំងរួចរាល់អស់ហើយ ទោះបីមានសំភារៈបរិក្ខាពេទ្យមួយចំនួនត្រូវបាននាំចូលពីក្រៅប្រទេសពេញឃ្លាំងក្តី ក៏កម្ពុជាត្រូវតែត្រៀមរោងចក្រក្នុងស្រុកសម្រាប់ផលិតសម្ភារៈ និងបរិក្ខារពេទ្យមួយចំនួនសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រទេសតែម្តង។
ក្រៅពីត្រៀមបម្រុងសម្ភារៈបរិក្ខារពេទ្យរួចរាល់ហើយ គឺកម្ពុជាបានត្រៀមរៀបចំស្តុកបម្រុងអង្ករ និងអំបិល និងម្ហូបចំណីមួយចំនួនទៀត អត់មានអោយនាំចេញទៅលក់នៅក្រៅប្រទេសទេ ដើម្បីធានាថាពលរដ្ឋខ្មែរនៅតែមានអង្ករនិងម្ហូបអាហារទទួលទានទោះបីក្នុងស្ថានភាពបែបណាក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ជូនបងប្អូនប្រជាពលរដ្ឋកុំឱ្យមានការតក់ស្លុតឲ្យសោះ កម្ពុជាមិនឱ្យមានសភាពស្លាប់គរជើងដូចយើងឃើញនៅក្រៅប្រទេសនោះឡើយ។ ទន្ទឹមនឹងនេះ សម្តេចបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមថែរក្សាអនាម័យ ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងសហការជាមួយមន្ទីរពេទ្យប្រសិនបើមានការសង្ស័យនៃជំងឺឆ្លងកូវីដ១៩៕