ការ​ជំរុញ​ឲ្យ​ស្ត្រី​ទូទាំង​ប្រទេស​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ការ​បោះឆ្នោត

ដោយ សយ ដុល្លា

Cambodia News

ភ្នំពេញ៖ ដោយសហការជាមួយអង្គការវិទ្យាស្ថានបើកទូលាយ សម្ព័ន្ធភាពជាតិឃុំ សង្កាត់បាន រៀបចំកិច្ចពិភាក្សាមួយស្តីពីការលើកកម្ពស់សិទ្ធិទទួលបានព័ត៌មានទាក់ទងនិងការបោះ ឆ្នោត សម្រាប់ស្រ្តី ដើម្បីបង្កើនការយល់ ដឹងដល់ពួកគេអំពីសារៈសំខាន់នៃសិទ្ធិនេះ។

កិច្ចពិភាក្សាដែលបានធ្វើឡើងនៅឯអង្គការវិទ្យាស្ថានបើកទូលាយនានៅថ្ងៃទី ២១ សីហា នេះ មានការចូលរួមពីមន្រ្តីក្រុមប្រឹក្សា ឃុំសង្កាត់ និងមន្ត្រីស្ថាប័នរដ្ឋ ព្រមទាំង មន្ត្រីអង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជនប្រហែលជា ៤០ រូប។

លោក ស្រី ជឹម ម៉ាណាវី នាយិកាប្រតិបត្តិអង្គការវិទ្យាស្ថានបើកទូលាយថ្លែងក្នុងពិធីបើកកិច្ចពិភាក្សា។ រូប សយ ដុល្លា

ថ្លែងក្នុងពិធីបើកកិច្ចពិភាក្សានេះ លោក ស្រី ជឹម ម៉ាណាវី នាយិកា ប្រតិបត្តិ អង្គការវិទ្យាស្ថានបើកទូលាយបានមានប្រសាសន៍ថា សិទ្ធិក្នុងការទទួលបានព័ត៌មានបានផ្ដល់ឲ្យប្រជាពលរដ្ឋនូវសិទ្ធិ ស្របច្បាប់ក្នុងការទទួលព័ត៌មានគ្រប់គ្រងដោយរដ្ឋាភិបាល ពាក់ពន្ធ័សេវាសាធារណៈ ឬពាក់ព័ន្ធវិស័យឯកជន។

លោកស្រីបានបន្តថា សិទ្ធិទទួលបានព័ត៌មានគឺមានសារៈសំខាន់ ណាស់សម្រាប់អភិបាលកិច្ចតាមរបៀបប្រជាធិបតេយ្យ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ការការពារសិទ្ធិមនុស្ស ការជំរុញសេរីភាពសារព័ត៌មាន និងធ្វើឲ្យសង្គមទាំងមូលមានតម្លាភាព។

បើតាមរបាយការណ៍ដែលទទួលបាននៅក្នុងកិច្ចពិភាក្សានោះបានឲ្យដឹងថា សិទ្ធិទទួលព័ត៌មានរបស់ស្ត្រីទាក់ទងនិងការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជានៅមានកម្រិត ដោយសារការផ្សព្វផ្សាយ និងមធ្យោបាយនៃការផ្សព្វផ្សាយនៅមានកម្រិត ព្រោះថា វប្បធម៌នៃការផ្សព្វផ្សាយព័ត៌មានសាធារណៈមិនទាន់មានលក្ខណៈបើកចំហនៅឡើយ។
របាយការណ៍បានបញ្ជាក់ថា បទដ្ឋានសង្គម និងវិធីសាស្ត្របច្ចេកទេសនៅមិនទាន់បានលើកទឹកចិត្តស្ត្រីឲ្យចេះស្វែងរកព័ត៌មាននៅឡើយទេ ពិសេសការប្រើប្រាស់កុំព្យូទ័រក្នុងចំណោមស្ត្រីនៅមានឧបសគ្គ។

ស្ត្រីត្រូវបានគេទទួលស្គាល់ជាជនងាយរងគ្រោះ និងជាអ្នកមានបន្ទុកច្រើន ហើយពួកគេងាយរងគ្រោះ និងអាចត្រូវបានគេបោកបញ្ឆោត ដោយសារការទទួលបានការអប់រំមានកម្រិតទាប។ របាយការណ៍ក៏បានបញ្ជាក់ដែរថា ស្ត្រីដែលទទួលបានព័ត៌មានច្រើន គឺពួកគេអាចធ្វើការសម្រេចចិត្តបានល្អប្រសើរជាងស្ត្រីដែលមិនសូវទទួលបាននូវព័ត៌មាន។

លោកស្រី សុខ ចិន្តា ប្រធានក្រុមហ៊ុន Mekong Net និងជាអនុប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាបានលើកឡើងថា គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាធ្វើយ៉ាងណាឲ្យស្រ្តីទទួលបានព័ត៌មានកាន់តែច្រើន។

 

អ្នកចូលរួមនៅក្នុងពិធីពិភាក្សា។ រូប សយ ដុល្លា

ក្រៅពីទាមទារឲ្យបង្កើនការផ្ដល់ព័ត៌មាននៅតាមភូមិ ឃុំសង្កាត់ លោកស្រី ចិន្តា ក៏បានជំរុញឲ្យមានការផ្សព្វផ្សាយព័ត៌មានឲ្យបានកាន់តែទូលំទូលាយ ហើយឲ្យមានការបណ្ដុះបណ្ដាលនៅនឹងកន្លែងទាំងស្ថាប័នរដ្ឋ និងឯកជន នៅតាមទីផ្សារ ទីសាធារណៈ និងនៅតាមបណ្ដារោងចក្រនានា។

លោកស្រី បានបញ្ជាក់ថា ជូនកាលទៅ ពួកគាត់ទាំងអស់អត់នៅផ្ទះទេ។ គាត់រវល់រកស៊ី លក់ដូរ ប្រកបរបរបរចិញ្ចឹមជីវិត ឬក៏ធ្វើការនៅរោងចក្រ។ ដូចនេះ យើងចាំបាច់ត្រូវផ្ដល់ព័ត៌មាននៅហ្នឹងកន្លែងធ្វើការរបស់គាត់

នៅក្នុងកិច្ចពិភាក្សានោះ អ្នកចូលរួមក៏បានសម្ដែងការព្រួយបារម្ភរបស់ខ្លួនផងដែរ ចំពោះសិទ្ធិរបស់ស្ត្រីជនជាតិភាគតិចនៅភូមិភាគឦសានក្នុងការទទួលបានព័ត៌មានទាក់ទងនិងការបោះឆ្នោតនេះ។

អ្នកស្រី ពោជ បុផា ប្រធានផ្នែកយេនឌ័រ និងសិទ្ធិមនុស្សនៃអង្គការអភិវឌ្ឍន៍និងសន្តិភាព បាននិយាយថា ស្ត្រីជនជាតិភាគតិចនៅភូមិភាគឦសានមិនសូវទទួលបាននូវព័ត៌មាន និងមិនមានការយល់ដឹងច្រើនអំពីការបោះឆ្នោតឡើយ។

លោកស្រីបានជំរុញឲ្យគ្រប់ស្ថាប័នដែលពាក់ព័ន្ធត្រូវផ្សព្វផ្សាយព័ត៌មានឲ្យបានល្អិតល្អន់នៅតំបន់ភូមិភាគឦសាន ដើម្បីឲ្យស្ត្រីជនជាតិភាគតិចបានយល់ដឹងអំពីសារៈសំខាន់នៃការបោះឆ្នោត។

គួរបញ្ជាក់ផងដែរថា កន្លងមក អង្គការវិទ្យាស្ថានបើកទូលាយក៏បានសហការជាមួយស្ថាប័នផ្សេងៗទៀតរៀបចំកិច្ចពិភាក្សាអំពីការលើកស្ទួយសិទ្ធិ និងការយល់ដឹងរបស់ស្ត្រីជាច្រើនលើករួចមកហើយ៕

Related Articles

Back to top button
Close
Close