ជប៉ុនផ្គើនចិននៅប្រជុំកោះសេនកាគូ
នៅព្រហាមថ្ងៃអាទិត្យទី ១៩ សីហា ឆ្នាំ២០១២នេះ សកម្មជនជាតិនិយមជប៉ុន ជាង ដប់នាក់ បានចូលជាន់ដែនកោះ ទាវយូ (បើហៅតាមភាសាចិន) ឬសេនកាគូ ឈ្មោះ ជា ភាសាជប៉ុន។ ប្រជុំកោះនេះ ដែលស្ថិតនៅក្នុងសមុទ្ទចិនខាងកើតកំពុងតែក្លាយ ទៅជា ចំណីនៃជម្លោះដណ្តើមទឹកដីរវាង ប៉េកាំងនិងតូក្យូ ក្រោមក្រសែភ្នែកព្រួយ បារម្ភរបស់អន្តរជាតិ។សកម្មជាតិនិយមជប៉ុននាំគ្នាទៅកោះសេនកាគូ បានជំរុញ ភ្លាម ឱ្យមានប្រតិកម្មពីខាងភាគីចិនវិញ បាតុកម្មប្រឆាំងជប៉ុនជាច្រើនបានរៀប ចំឡើង ក្នុងក្រុងយ៉ាងហោចណាស់៦ នៅទូទាំងប្រទេសចិន មានជាអាទិ៍ក្រុង ស្ហេន ហ្សេន មិនឆ្ងាយប៉ុន្មានពីហុងកុង។
អ្នកសង្កេតការណ៍អន្តរជាតិ ដែលស្ថិតនៅទីក្រុងតូក្យូ កំពុងតាមដានស្ថានការណ៍ ឡើង កម្តៅបណ្តាលមកពីជម្លោះដណ្តើមដែនដី រវាងចិននិងជប៉ុន ដោយកៀកកិត និងព្រួយបារម្ភបំផុត។ ក្រៅពីបាតុកម្មប្រឆាំងជប៉ុន នៅតាមក្រុងធំៗរបស់ចិន តៃវ៉ាន់ ដែលមានទីតាំងភូមិសាស្ត្រប្រមាណតែ២០០គីឡូម៉ែត្រពីប្រជុំកោះមានជម្លោះក៏ បានសម្តែងការមិនពេញចិត្ត ដោយបានកោះហៅតំណាង ការទូតជប៉ុនប្រចាំ ក្រុង តៃប៉ិចូលជួបភ្លាមនៅព្រឹកថ្ងៃអាទិត្យនេះ ថាតៃវ៉ាន់មិនពេញចិត្តនឹងទង្វើរបស់ក្រុម សកម្មជនជប៉ុនឡើយ។
ដ្បិតនៅថ្ងៃអាទិត្យនេះ សកម្មជនជាតិនិយមជប៉ុនជាងដប់នាក់ ក្នុងនោះម្នាក់ជា សមាជិកសភាក្រុងតូក្យូផង បានហែលឆ្លង និងឡើងជាន់ដីប្រជុំកោះសេនកាគូ ដើម្បីដោតទង់ជាតិជប៉ុន ជាច្រើនឱ្យបក់រវិចៗ ក្នុងអត្ថន័យបញ្ជាក់ជាថ្មីថា ដែនកោះ នេះជារបស់ជប៉ុនដោយមិនអាចប្រកែកបាន។
កាលពីថ្ងៃពុធ សកម្មជនជាតិនិយមចិន ១៤នាក់ បានដោតទង់ជាតិចិនដែរលើ ប្រជុំ ដដែលនេះ មុននឹងត្រូវក្រុមឆ្មាំសមុទ្ទជប៉ុនចាប់ខ្លួន បន្ទាប់មកបណ្តេញចេញពីជប៉ុន ទៅកាន់ហុងកុង។
ថ្ងៃនេះក្រុមឆ្មាំសមុទ្ទជប៉ុន កំពុងផ្ចង់ការងារតាមដានសកម្មភាពរបស់ក្រុមអ្នក ជាតិនិយមជប៉ុនម្តង។ សកម្មជនជាតិនិយមជប៉ុន ដែលបានធ្វើដំណើរទៅដល់ ប្រជុំ កោះសេនកាគូតាំងពីព្រលឹមអុល មានគ្នាសរុបដល់ទៅជាង១៥០នាក់ ជិះកប៉ាល ប្រមាណជាង២០គ្រឿង។ ប៉ុន្តែមានតែជាង១០នាក់ប៉ុណ្ណោះបានឡើងលើកោះ។ ប្រធានសមាគមជាតិនិយមជប៉ុន Gambari Nippon បានលោតពីកប៉ាល់ ចុះទឹក ហែលសំដៅដីកោះ ជាមួយនឹងសម្រែកជ័យឃោស “ជប៉ុនទៅមុខ”។
រដ្ឋាភិបាលជប៉ុនធ្លាប់បានហាមឃាត់មុនមក មិនឱ្យក្រុមសកម្មជនជាតិនិយម ទាំងអស់នៅ ចុះជាន់ដែនដីប្រជុំកោះជាប់ជម្លោះជាមួយចិនទេ ព្រោះមិនចង់បង្ហាញ សាច់ដុំដាក់ចិន ដែលងាយនឹងអាចរាលដាលបានគ្រប់ពេលវេលាទៅជាការ ប្រឈមមុខយោធា។
ចំណែកសហរដ្ឋអាមេរិក ដែលអាចចាត់ទុកថាសម្ព័ន្ធមិត្តរបស់ជប៉ុនម្នាក់ដ៏សំខាន់ នោះ អាមេរិកបដិសេធមិនគាំទ្រជប៉ុនក្នុងជម្លោះដែនដីដ៏សាំញ៉ាំនេះទេ។ អាមេរិក ទទួលស្គាល់ថា ប្រជុំកោះសេនកាគូ ពិតជាស្ថិតក្រោមរដ្ឋបាលជប៉ុន ប៉ុន្តែអាមេរិក រក្សាសិទ្ធិមិននិយាយថាប្រជុំកោះនោះជាបូរណភាព ដែនដីជប៉ុនទេ៕
ដោយ អៀង សុខម៉ិញ(RFI)