អ្នកសង្កេតការណ៍​អង្គការ​សហប្រជាជាតិ​ចាក​ចេញ​ពី​ស៊ីរី​ដោយ​ជូរចត់

ក្រុមអ្នកសង្កេតការណ៍អង្គការ សហប្រជាជាតិ បានចាប់ផ្តើមចាកចេញពីប្រទេស ស៊ីរីបណ្តើរៗហើយ ។ អាណត្តិនៃការបំពេញបេសកកម្មសង្កេតការណ៍ ត្រូវផុត ឱសានវាទនៅថ្ងៃអាទិត្យទី១៩សីហាឆ្នាំ២០១២វេលាម៉ោង១២អាធ្រាត្រ។ ប្រមុខដឹក នាំក្រុមមួកខៀវ បានចោទប្រកាន់ទាំងសងខាង ទាំងខាងរដ្ឋាភិបាលក្រុងដាម៉ាស និងទាំងខាងពួកបះបោរថា សុទ្ធតែបានសម្លាប់ជនស៊ីវិល។

ជាការចាកចេញដ៏ជូរចត់ណាស់ សម្រាប់ក្រុមអ្នកសង្កេតការណ៍អង្គការសហប្រជា ជាតិនៅស៊ីរី!ក្នុងរយៈពេលបួនខែ វត្តមានរបស់ក្រុមមួកខៀវនេះ បានត្រឹមឈរមើល ឃើញ ប្រទេសជាតិមួយទាំងមូលធ្លាក់ផ្លុងចូលក្នុងជ្រោះនៃសង្គ្រាមស៊ីវិល ដោយ មានការប្រយុទ្ធគ្នា កាន់តែសាហាវឡើងៗជារៀងរាល់ថ្ងៃ។
នៅក្នុងសន្និសីទកាសែតចុងក្រោយ ប្រមុខដឹកនាំក្រុមអ្នកសង្កេតការណ៍ លោក ឧត្តមសេនីយ៍ Babacar Gaye បានសម្គាល់ឱ្យដឹងថា តាំងពីខែមិថុនាមក គូបដិបក្ខ ទាំងពីរ សុទ្ធតែបានបង្កើនទង្វើហិង្សា ហើយទាំងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងទាំង ក្រុមឧទ្ទាមអ្នកបះបោរ មិនដែលគោរពឡើយច្បាប់ ឬស្គាល់អ្វីជាសិទ្ធិមនុស្សធម៌ ដែលតម្រូវឱ្យការពារជីវិតជនស៊ីវិលនោះទេ។

ក្នុងស្ថានការណ៍បែបនេះ  ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយល់ថា រក្សា វត្តមានក្រុមអ្នកសង្កេតការណ៍គ្មានអាវុធនៅនឹងដៃ ពិតជាមានគ្រោះថ្នាក់ខ្លាំង ណាស់ ទើបសម្រេចត្រូវតែបិទបញ្ចប់ត្រឹមណេះ។ ម្យ៉ាងក្រុមមួកខៀវទាំងអស់នេះ តាំងពីដើមបេសកម្មមក នៅតែក្នុងសណ្ឋាគារ។

អង្គការសហប្រជាជាតិរក្សាទុកតំណាងរបស់ខ្លួនតែប្រមាណជាង២០នាក់ ឱ្យប្រចាំ ការនៅក្នុងក្រុងដាម៉ាស។ អន្តរការីពិសេសថ្មី លោក Lakhdar Brahimi នឹងត្រូវ អញ្ជើញទៅកាន់ទីក្រុងញូវយ៉កសប្តាហ៍ក្រោយ ដើម្បីស្នើដំណោះស្រាយថ្មីធ្វើយ៉ា ណា នាំភាគីរដ្ឋាភិបាល និងក្រុមអ្នកបះបោរឱ្យចូលតុចរចា។ ការចរចាដែលពួកអ្នក ប្រឆាំងមិនបានត្រៀមទទួលយកសោះ។ពួកគេត្រូវការតែម្យ៉ាង គឺទម្លាក់របបដឹកនាំ លោក បាស្ហារ អាលអាសាទ ហើយដើម្បីសម្រេចបំណងនេះបាន ពួកឧទ្ទាមបាន ទាមទារឱ្យបង្កើតតំបន់ហោះហើរហាមឃាត់ ប៉ុន្តែរុស្ស៊ីប្រឆាំងដាច់ខាតចំណុច នេះ៕ដោយ អៀង សុខម៉ិញ(RFI)

Related Articles

Back to top button
Close
Close