ចិនមិនសុខចិត្ត ដ្បិតរដ្ឋមន្ត្រីជប៉ុនពីរនាក់ទៅវិហារយ៉ាស៊ុយគុយនី

នៅថ្ងៃពុធទី១៥សីហានេះ ប្រទេសចិនបានប្រកាសថ្កោលទោសរដ្ឋាភិបាលជប៉ុន ពីព្រោះរដ្ឋមន្ត្រីជប៉ុនពីរនាក់បាន ទៅគោរពវិញ្ញាណក្ខន្ធទាហានជប៉ុន នៅវិហារយ៉ាស៊ុយគុយនី (Yasukuni)។ សម្រាប់ថ្នាក់ដឹកនាំចិន យ៉ាស៊ុយគុយនី គឺជានិមិត្តរូបនៃការឈ្លានពានរបស់ជប៉ុនមកលើប្រទេសខ្លួន ក្នុងទសវត្សរ៍ទី៣០និងក្នុងសម័យសង្គ្រាមលោកលើក ទី២។

«ប្រទេសជប៉ុន គួរណាស់តែចេះគោរពជនរងគ្រោះក្នុងបណ្តាប្រទេសអាស៊ីជិតខាងដែល ខ្លួនបានឈ្លានពាននិងកាន់ កាប់នៅក្នុងអតីតកាល»។ នេះគឺជាការប្រកាសរបស់ក្រសួងការបរទេសចិននៅថ្ងៃពុធទី១៥សីហានេះ ប៉ុន្មានម៉ោង ប៉ុណ្ណោះក្រោយពីរដ្ឋមន្ត្រីជប៉ុនពីររូបបានទៅវិហារ យ៉ាស៊ុយគុយនី។

វិហារយ៉ាស៊ុយគុយនីដែលឋិតនៅក្នុងទីក្រុងតូក្យូ(Tokyo)គឺជាទីកន្លែង តម្កល់ឈ្មោះទាហានជប៉ុនដែលបានពលីជីវិត ដើម្បីមាតុភូមិ។ ប៉ុន្តែ នៅទីនោះក៏មានដាក់តម្កល់ដែរ ឈ្មោះរបស់ក្រុមនាយទាហាន ដែលជាឧក្រិដ្ឋជនសង្គ្រាមលោក លើកទីពីរ ដូចយ៉ាងឧត្តមសេនីយ៍Tojo Hideki ដែលជានាយករដ្ឋមន្ត្រីជប៉ុនពីឆ្នាំ១៩៤១ដល់ឆ្នាំ១៩៤៤។ ម្ល៉ោះហើយ បានជាថ្នាក់ដឹកនាំចិនទប់កំហឹងខ្លួនមិនជាប់ឡើយ នៅពេលដែលឃើញអ្នកដឹកនាំជាន់ខ្ពស់របស់ប្រទេសជប៉ុនទៅ វិហារ យ៉ាស៊ុយគុយនីម្តងៗ។

ថ្ងៃពុធទី១៥សីហានេះ គឺជាថ្ងៃខួបគម្រប់៦៧ឆ្នាំនៃការសុំចុះចាញ់របស់ជប៉ុនក្នុង សង្គ្រាមលោកលើកទី២។ អ៊ីចឹងហើយ បានជារដ្ឋមន្ត្រីជប៉ុនទទួលបន្ទុកសន្តិសុខសាធារណៈនិង រដ្ឋមន្រ្តីជប៉ុននៃក្រសួងដឹកជញ្ជូនបានឆ្លៀតទៅគោរពវិញ្ញាក្ខន្ធ របស់ទាហានជប៉ុនដែលបានស្លាប់កាលសម័យនោះ។

សូមជម្រាបថា នៅក្នុងអតីតកាល នាយករដ្ឋមន្រ្តីជប៉ុន រួមមានលោកNakasone និងលោកKoizumi សុទ្ធតែបានទៅ វិហារយ៉ាស៊ុយគុយនី។ ចំពោះថ្នាក់ដឹកនាំចិនក៏ដូចថ្នាក់ដឹកនាំនៃកូរ៉េទាំងពីរដែរ ទង្វើបែបនេះជាការមាក់ងាយជេរ ប្រមាថព្រលឹងជនជាតិចិននិងជនជាតិ កូរ៉េរាប់សែននាក់ដែលត្រូវបានកងទ័ពជប៉ុនកាប់សម្លាប់។

ការដែលរដ្ឋមន្ត្រីជប៉ុនពីររូបបានទៅវិហារយ៉ាស៊ុយគុយនីនៅថ្ងៃនេះ ប្រហែលជាមិនមែនចៃដន្យទេ ពីព្រោះថា នៅក្នុង គ្រានេះជម្លោះទឹកដីរវាងជប៉ុននិងចិនក៏ដូចរវាងជប៉ុននិង កូរ៉េខាងត្បូងកំពុងបណ្តាលឱ្យមានភាពតានតឹងកើនឡើង ជាលំដាប់។ ជប៉ុននិងចិនមើលមុខគ្នាមិនចំដោយហេតុតែអធិករណ៍ជុំវិញទីប្រជុំកោះ សេនកាគុយ(Senkaku)។ រីឯ ជប៉ុននិងកូរ៉េខាងត្បូងវិញ ដណ្តើមគ្នាកាន់កាប់កោះដែលជាភាសាកូរ៉េមានឈ្មោះថាដុកដូ(Dokdo) និងតាកេសហ្ស៊ីម៉ា (Takeshima)ជាភាសាជប៉ុន។ កាលពីសប្តាហ៍មុន ប្រធានាធិបតីកូរ៉េខាងត្បូង បានទៅជាន់ដីនៃកោះនេះ ជាហេតុបាន ជំរុញរដ្ឋាភិបាលជប៉ុនឱ្យកោះហៅមកកាន់ទីក្រុងតូក្យូវិញ ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅកូរ៉េខាងត្បូង៕ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ (RFI)

Related Articles

Back to top button
Close
Close