មានអ្នកស្លាប់ដោយជំងឺគ្រុនឈាមចំនួន៣នាក់នៅខេត្តក្រចេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ មិថុនា ២០១៩) ៖ ជំងឺគ្រុនឈាមនៅដើមឆ្នាំ ២០១៩នេះ បានកើតឡើងចំនួន ៤៤២ករណី ពោល គឺមានការកើនឡើងបើប្រៀបធៀបទៅនឹងដើមឆ្នាំ ២០១៨។ នេះបើតាមលោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ថ្លែងឲ្យដឹងពីថ្ងៃទី១០ ខែមិថុនា។
លោកបន្តថា ករណីទាំងនោះភាគច្រើនបានកើតឡើងនៅឃុំមួយចំនួនក្នុងស្រុកស្នួល និងស្រុកចិត្របុរី ដោយកើតលើមនុស្សចាស់មាន៦ករណី និងមានស្លាប់ចំនួន៣នាក់ ក្នុងនោះមានមនុស្សធំអាយុលើ១៥ឆ្នាំម្នាក់បានស្លាប់។ យ៉ាងនេះក្ដីលោកអះអាងថា ស្ថានភាពជំងឺគ្រុនឈាមដើមឆ្នាំនេះគឺ«អាចគ្រប់គ្រងបាន»។
លោកបន្តថា កត្តាដែលជំរុញឲ្យកើតមាននូវជំងឺនេះគឺមកពីកត្តាអាកាសធាតុ ដោយសាររដូវប្រាំងមានរយៈពេលអូសបន្លាយវែង ហើយរដូវវស្សាមានភ្លៀងធ្លាក់មកយ៉ាងគំហុគ បង្កឲ្យមានការកើតមានមុសលឿន។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម តាមរយៈការលុបបំបាត់ជម្រកដង្កូវទឹកដែលមាននៅក្នុង និងជុំវិញបរិវេណផ្ទះ ទីសាធារណៈនានា ព្រមទាំងការពារខ្លួនកុំឲ្យមូសខាំ។
ក្នុងករណីចេញរោគសញ្ញាជំងឺគ្រុនឈាម ដូចជា គ្រុនក្តៅខ្លាំង ឈឺក្បាល ឈឺក្រោមរង្វង់ភ្នែក ឈឺពោះ ក្អួត និងករណីខ្លះមានកន្ទួលក្រហមលើស្បែក ឬសញ្ញាហូរឈាម សូមទៅមន្ទីរពេទ្យជាបន្ទាន់ និងចៀសវាងការប្រើថ្នាំបញ្ចុះកម្តៅ។
លោកបានបញ្ជាក់ថា ក្នុងករណីប្រសិនបើជួបនូវអាការៈខាងលើនេះ សូមប្រញាប់នាំកូនឬសមាជិកគ្រួសារ មកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យឲ្យបានទាន់ពេលវេលាជៀសវាងការមកទទួលសេវាពិនិត្យ និងព្យាបាលនៅគ្លីនិកឯកជន ដោយគិតមកទល់ពេលនេះ គ្មានគ្លីនិកឯកជនណាមួយមានលទ្ធភាពពិនិត្យ និងព្យាបាលជម្ងឺគ្រុនឈាមនេះបានដូចមន្ទីរពេទ្យរបស់រដ្ឋនោះទេ ពីព្រោះអាការៈជម្ងឺនេះមានការប្រែប្រួលលឿនរហ័សអាចបង្កឲ្យស្លាប់បាន៕