តុលាការ​ចោទ​ប្រកាន់​ជាផ្លូវការលើ​ឃាតក​សម្លាប់​ក្មេង​២នាក់នៅខេត្ត​ព្រះសីហនុ

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (៥ មិថុនា ២០១៩) ៖ ជនល្មើស​ឈ្មោះ​ មៀង​ វិចិត្រ​ ដែល​ជាប់​សង្ស័យ​ករណី​ឃាតកម្ម​ រំលោភ​សម្លាប់​កុមារី​ឈ្មោះ​ ផា​ ស្រី​ល័​ក្ខ​ និង​កុមា​រា​ឈ្មោះ​ ផា​ សុខ​លី​ ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​តំណាង​អយ្យការ​ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០១៩ ចោទប្រកាន់​ជា​ផ្លូវការ​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​​ឱ្យ​ស៊ើបសួរ​ចំនួន​ ២​បទល្មើស​គឺ៖ ​

ទី​១-​បទ​ឃាតកម្ម​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជន​រង​គ្រោះ​ មាត្រា​២០២​ ចំណុច​ទី​១​ នៃ​ក្រមព្រហ្មទណ្ឌ​។
ទី​២-​បទ​ឃាតកម្ម​ដោយ​មាន​ទារុណកម្ម​ អំពើ​ឃោរឃៅ​ ឬ​អំពើ​រំលោភ​សេពសន្ថវៈ​មាត្រា​២០៥​ នៃ​ក្រមព្រហ្មទណ្ឌ​។ នេះបើតាមការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។

ជនសង្ស័យអាយុ២៦ឆ្នាំរូបនេះ​ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ នគរបាល​ខេត្តព្រៃវែង​ និង​អង្គការ​CPU​ ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ស្រុក​មេ​សាង​ ខេត្តព្រៃវែង​។​

​​សូម​រំលឹក​ថា ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​កើតឡើង​កាលពី​ថ្ងៃ​២៩​ ខែឧសភា​ ឆ្នាំ​២០១៩ នៅ​ភូមិ​គគីរ​ ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​​ បង្ក​ឡើង​ដោយ​ជនល្មើស​ចាប់រំលោភ​កុមារី​ អាយុ​ជាង​១០​ឆ្នាំ​ បន្ទាប់​មក​ធ្វើ​សកម្មភាព​សម្លាប់​ទាំង​កុមារី​ និង​កុមារ​ជា​ប្អូន​អាយុ​ប្រ​ហល​៣​ឆ្នាំ​ដែល​កំពុង​ដេក​នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា​។​​

ក្មេង​ប្រុស​ជា​ប្អូន​បាន​ស្លាប់​ភ្លាមៗ​នៅ​ក្នុងផ្ទះ​ ហើយ​ក្មេង​ស្រី​ជា​បង​ត្រូវ​បាន​ក្រុម​គ្រួសារ​ព្យាយាម​ដឹក​ មក​សង្គ្រោះ​រហូត​ដល់​រាជធានី​ភ្នំពេញ​ តែ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​ និង​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​លើ​រថយន្ត​វេលា​ម៉ោង​ ៨​យប់​ថ្ងៃ​ដដែល​នោះ​។​ កុមា​រា​រង​គ្រោះ​មានឈ្មោះ​ ផា​ សុខ​លី​ អាយុ​២​ឆ្នាំ​ និង​កុមារី​ជា​បង​មានឈ្មោះ​ ផា​ ស្រី​ល័​ក្ខ​ អាយុ​១០​ឆ្នាំ​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Related Articles

Back to top button
Close
Close