សម្តេចតេជោ អញ្ជើញសំណេះសំណាល និងស្រស់ស្រូបអាហារជាមួយអ្នកធាក់ស៊ីក្លូនៅព្រឹកនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៨ មីនា ២០១៩) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញសំណេះសំណាល និងស្រស់ស្រូបអាហារជាមួយអ្នកប្រកបរបរធាក់ស៊ីក្លូជាង៣០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ។
ពិធីសំណេះសំណាល និងស្រស់ស្រូបអាហារនៅព្រឹកថ្ងៃនេះ គឺជាកាយវិការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់មួយចំពោះសុខទុក្ខរបស់អ្នកធាក់ស៊ីក្លូពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
របរធាក់ស៊ីក្លូដែលមានតាំងពីសម័យអាណានិគមបារាំងនោះ បានធ្វើឲ្យអ្នកប្រកបនេះជួបការលំបាកដោយមិនអាចរកអ្នកជិះដូចមុនទៀតនោះឡើយ ព្រោះការសម្បូរបែបនៃមធ្យោបាយធ្វើដំណើរនាពេលបច្ចុប្បន្ន។ ការមិនសូវមានអ្នកជិះធ្វើឲ្យអ្នកធាក់ស៊ីក្លូ ដែលភាគច្រើនមានវ័យចំណាស់នោះ មិនអាចរកបានថវិកាសម្រាប់ទ្រទ្រង់ជីវភាពឲ្យបានគ្រប់គ្រាន់នោះឡើយ។
ដោយមើលឃើញពីបញ្ហាប្រឈមរបស់អ្នកធាក់ស៊ីក្លូ ក៏ដូចជាការក្សាអត្តសញ្ញាណស៊ីក្លូ ដែលជាយានមួយរបស់កម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «មូលនិធិត្រីចក្រយានយន្ត» ឬហៅកាត់ថា «មូលនិធិស៊ីក្លូ» កាលពីខែមករា ឆ្នាំ២០១៨។ មូលនិធិនេះសម្តេចតេជោ ហ៊ុន សែន បានទម្លាក់ថវិកាប្រមាណ ១៤ម៉ឺនដុល្លារទៅក្នុងមូលនិធិ ហើយបន្តដាក់ប្រាក់ប្រមាណ ២ម៉ឺនដុល្លារក្នុងមួយខែថែមទៀតផង។
មូលនិធិ បានសម្រេចផ្តល់ថវិកាប្រមាណ ៧,០០០រៀលក្នុងមួយថ្ងៃ (៥,០០០រៀលសម្រាប់អាហារ និង២,០០០រៀលសម្រាប់ជួលស៊ីក្លូ) ឬស្មើនឹង ២១ម៉ឺនរៀលក្នុងមួយខែ។ ប្រាក់ឧបត្ថម្ភនេះ បើកជូនរៀងរាល់ ១០ថ្ងៃម្តងតាមប្រព័ន្ធវីង (Wing)៕